សេតវិមាន បានតតាំងជាមួយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញថាពួកគេចង់បានសន្តិសុខរឹងមាំនៅតាមព្រំដែនប៉ែកខាងត្បូងជាប់ប្រទេសម៉ិកស៊ិក ដោយហេតុថា ពេលនេះ ការបិទរដ្ឋាភិបាលមួយផ្នែកដែលអូសបន្លាយពេលយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនោះ បានចប់ទៅហើយ ហើយរយៈពេលបីសប្ដាហ៍សម្រាប់ការចរចាគ្នា ក៏បានចាប់ផ្ដើមហើយដែរ។
លោក Mick Mulvaney នាយកស្ដីទីទទួលបន្ទុកចាត់ចែងថវិការបស់សេតវិមាន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា «នេះគឺជាឱកាសសម្រាប់ឱ្យពួកប្រជាធិបតេយ្យមើលឃើញថាតើពួកគេជឿជាក់ទៅលើសន្តិសុខនៅតាមព្រំដែនដែរឬទេ» ដើម្បីកុំឱ្យមានជនអន្តោប្រវេសន៍ខុសច្បាប់និងគ្រឿងញៀនខុសច្បាប់ហូរចូលក្នុងសហរដ្ឋអាមេរិក។
ប៉ុន្តែ លោក Mick Mulvaney មានប្រសាសន៍ថា មេដឹកនាំអាមេរិក នឹងធ្វើឱ្យព្រំដែនមានសន្តិសុខ «ទោះបីជាមានឬគ្មានសភាក៏ដោយ» ដោយរួមទាំងតាមរយៈការប្រកាសដាក់ប្រទេសស្ថិតក្នុងស្ថានភាពអាសន្នផងដែរ ប្រសិនបើលោកប្រធានាធិបតី ត្រាំ ត្រូវតែធ្វើនោះ។
លោក Mick Mulvaney និយាយថា សេតវិមាន «កំពុងមើលឃើញថាគណបក្សប្រជាធិបតេយ្យ កំពុងចាប់ផ្តើមយល់ស្របជាមួយលោកប្រធានាធិបតីហើយ» ទៅលើតម្រូវការជញ្ជាំងដែលមានប្រវែងជិត៤០០គីឡូម៉ែត្រតាមបណ្ដោយព្រំដែនអាមេរិកនិងម៉ិកស៊ិក ដែលមានប្រវែងសរុប៣២០០គីឡូម៉ែត្រនោះ។
លោក ត្រាំ បានទាមទារទឹកប្រាក់ចំនួន៥ពាន់៧រយលានដុល្លារ ដើម្បីសង់របាំងបែបណាមួយនៅតាមព្រំដែនប្រវែងជិត៤០០គីឡូម៉ែត្រនោះ។
ជម្លោះរវាងលោកប្រធានាធិបតីនិងរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានធ្វើឱ្យប្រតិបត្តិការប្រមាណ១ភាគ៣នៃរដ្ឋាភិបាលអាមេរិក ត្រូវបិទអស់រយៈពេល៣៥ថ្ងៃ មុនពេលដែលលោកត្រាំ បានយល់ព្រមកាលពីថ្ងៃសុក្រ តាមការទាមទាររបស់គណបក្សប្រជាធិបតេយ្យឱ្យបើករដ្ឋាភិបាលឡើងវិញរហូតដល់ថ្ងៃទី១៥ខែកុម្ភៈ ដោយគ្មានថវិកាសម្រាប់សង់ជញ្ជាំងណាមួយឡើយ។
ពេលនេះ ភាគីទាំងពីរ កំពុងចរចាគ្នាអំពីបញ្ហាថវិកាដែលត្រូវចំណាយលើសន្តិសុខនៅតាមព្រំដែន៕