លោក Gerald Connolly សមាជិកសភាអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកបាននិយាយប្រាប់ក្រុមអ្នកស៊ើបអង្កេតរបស់សភាតំណាងរាស្ត្រអាមេរិកាំងជាផ្លូវឯកជនកាលពីថ្ងៃអង្គារថា ក្រុមមន្ត្រីរដ្ឋបាលបាននិយាយប្រាប់លោកឱ្យ «នៅស្ងៀមស្ងាត់» អំពីកិច្ចការទាក់ទិននឹងប្រទេសអ៊ុយក្រែនដោយសេចក្តីគោរពដល់ «មនុស្សជំនិតបីនាក់» ដែលទទួលបន្ទុកត្រួតត្រាគោលនយោបាយការបរទេសចំពោះប្រទេសជាសម្ព័ន្ធមិត្តនេះក្នុងផ្នែកខាងកើតនៃទ្វីបអឺរ៉ុប។
លោក Connolly បាននិយាយប្រាប់ក្រុមអ្នកកាសែតថា លោក Kent បានពណ៌នាការប្រជុំមួយនៅក្នុងសេតវិមានកាលពីថ្ងៃទី២៣ខែឧសភា ដែលនៅពេលនោះលោក Mick Mulvaney នាយខុទ្ទកាល័យស្តីទីរបស់លោកប្រធានាធិបតី Donald Trump បានដាក់លោក Rick Perry រដ្ឋមន្ត្រីក្រសួងថាមពល លោក Gordon Sondland ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំសហភាពអឺរ៉ុបនិងលោក Kurt Volker ប្រេសិតស.រ.អា.ខាងកិច្ចការប្រទេសអ៊ុយក្រែនឱ្យទទួលបន្ទុកកិច្ចការប្រទេសនេះ។
លោក Connolly បាននិយាយថា លោក Kent បានឆ្លើយជាកសិណសាក្សីថា «ពួកគេបានហៅខ្លួនឯងថា «មិត្តភក្តិបីនាក់» តាមភាសាអេស្ប៉ាញ ហើយពួកលោកក៏និយាយដូច្នេះដែរនៅចំពោះមុខវត្តមានប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅក្នុងជំនួបនៅក្នុងក្រុងកៀវ។
លោក Connolly ក៏បានរៀបរាប់ដែរថា លោក Kent បានថ្លែងប្រាប់ក្រុមអ្នកតាក់តែងច្បាប់ថា រដ្ឋបាល Trump បានផ្អិបជំនួយយោធាដល់ប្រទេសអ៊ុយក្រែននៅពេលដាក់គំនាបសង្កត់លើលោក Zelenskiy ឱ្យស៊ើបអង្កេតអំពីក្រុមហ៊ុនមួយមានចំណងទាក់ទងជាមួយកូនប្រុសលោក Joe Biden ដែលជាគូប្រជែងនយោបាយរបស់លោក Trump៕