សេតវិមាន​ទំនង​បន្ធូរបន្ថយ​ការ​គំរាម​កំហែងបិទ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក 

រូបឯកសារ៖ សកម្មជនធ្វើបាតុកម្មនៅខាងមុខសេតវិមាន ដើម្បីតវ៉ាប្រឆាំងនឹងវិធានរបស់រដ្ឋបាលលោកត្រាំ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់ និងការបំបែកកុមារចេញពីឪពុកម្តាយ នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។ 

លោក​ស្រី Sarah Sanders អ្នកនាំ​ពាក្យ​សេតវិមាន និយាយ​ថា ​ក្រុម​មន្រ្តី​សហ​រដ្ឋ​អាមេរិក កំពុង​ស្វែង​រក​គ្រប់​ជម្រើស​ទាំងអស់​ថា ​តើ​បិទច្រក​ចេញ​ចូល​ពី​ប្រ​ទេស​ម៉ិកស៊ិក ​ហើយ​​​អ្វី​នឹងមាន​ផលប៉ះពាល់។

សេតវិមានទំនង​បន្ធូរបន្ថយ​ការគំរាម​កំហែង​របស់​ខ្លួន​ ដើម្បី​បិទ​ព្រំ​ដែន​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ម៉ិកស៊ិក ​ដើម្បីបញ្ឈប់​ការ​កើន​ឡើង​នូវ​ជន​ចំណាក​ស្រុក​ដែល​គ្មាន​ក្រដាសស្នាម​ ដែល​ព្យាយាមស្វះស្វែង​សុំសិទ្ធិ​ជ្រកកោន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​បាន​និយាយ​នៅ​ក្នុង​សារ​តាម​ Twitter កាល​ពី​ថ្ងៃ​អង្គារ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​បាន​ចោទ​ប្រកាន់​ប្រទេស​ម៉ិកស៊ិកថា ​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ ដើម្បី​បញ្ឈប់​លំហូរ​ជន​ចំណាក​ស្រុកដែល​ធ្វើ​ដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក​ ហើយ​បាន​គំរាម​កំហែង​បិទព្រំ​ដែន​ប្រសិនបើ ​ម៉ិកស៊ិក ​មិន​បង្កើន​វិធានការ​ភ្លាម​ៗ​នោះ​ថា «បន្ទាប់​ពី​ជាច្រើន​ឆ្នាំ​មក ​ប្រទេស​ម៉ិកស៊ិក​បាន​ចាប់​មនុស្ស​ដ៏​ច្រើន​នៅ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​របស់​ខ្លួន ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​មក​ពី​ប្រទេស​ហ្វាតេម៉ាឡា ហុងឌុយរ៉ាស​ និង​ប្រទេស​អែល​សាវ៉ាឌ័រ»។

លោក​ស្រី Sarah Sanders អ្នកនាំ​ពាក្យ​សេតវិមាន និយាយ​ថា ​ក្រុម​មន្រ្តី​សហ​រដ្ឋ​អាមេរិក កំពុង​ស្វែង​រក​គ្រប់​ជម្រើស​ទាំងអស់​ថា ​តើ​បិទច្រក​ចេញ​ចូល​ពី​ប្រ​ទេស​ម៉ិកស៊ិក ​ហើយ​អ្វី​នឹងមាន​ផលប៉ះពាល់។ លោកស្រី​អ្នកនាំ​ពាក្យ ​និយាយ​ទៀត​ថា ក្រុម​ប្រឹក្សាទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​សេតវិមាន ​កំពុង​សិក្សា​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​បិទច្រក​ចេញ​ចូល​កំពង់ផែ​ផ្សេង​ៗ​។

សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ទំនិញ​និង​សេវា​កម្មដែល​មាន​តម្លៃ​ជិត ១ពាន់​៧​រយលាន ​ដុល្លារ​ហូរ​ឆ្លង​កាត់​ព្រំ​ដែន​រវាង​សហរដ្ឋ​អា​មេរិក​ និង​ម៉ិកស៊ិក​ជារៀង​រាល់​ថ្ងៃ​ ហើយ​កម្មករ​ស្រប​ច្បាប់ ​និស្សិត ​អ្នក​ទិញ​ទំនិញ​និង​ទេសចរ​ជិត ៥សែន​នាក់ ​បាន​ឆ្លងកាត់ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដែរ៕