សេតវិមានបានឲ្យដឹងថា ប្រាក់ជំនួយ ១.៤០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ «គម្រោងសង្គ្រោះសហរដ្ឋអាមេរិក» ឬ American Rescue Plan នឹងចូលក្នុងគណនេយ្យធនាគាររបស់ពលរដ្ឋអាមេរិកាំងភាគច្រើន នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយថា រដ្ឋាភិបាលនឹងចាប់ផ្តើមផ្តល់ប្រាក់ជំនួយនេះនៅចុងសប្តាហ៍ ហើយដំណើរការនេះ នឹងបន្តក្នុងរយៈពេលជាច្រើនសប្តាហ៍ទៅមុខទៀត។
កាលពីថ្ងៃព្រហស្បតិ៍ នៅការិយាល័យរបស់លោកក្នុងសេតវិមាន លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ American Rescue Plan ដែលមានទឹកប្រាក់ ១,៩លានលានដុល្លារសហរដ្ឋអាមេរិក ឲ្យក្លាយទៅជាច្បាប់។
ក្រៅពីប្រាក់ជំនួយ ១.៤០០ ដុល្លារនេះ គម្រោងសង្គ្រោះសហរដ្ឋអាមេរិក រួមមានកញ្ចប់ប្រាក់សម្រាប់ការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយដល់ម្ចាស់គេហដ្ឋាននិងអ្នកជួលផ្ទះ ជំនួយសម្រាប់ការបើកដំណើរការសាលារៀនឡើងវិញ ការផ្តល់ជំនួយដល់រដ្ឋនិងរដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងគម្រោងផ្សេងៗទៀត។
នៅពេលចុះហត្ថលេខាលោក Joe Biden បាននិយាយថា កញ្ចប់ជំនួយនេះ នឹងជួយឲ្យសហរដ្ឋអាមេរិកទទួលបានជ័យជម្នះក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។
លោកបានថ្លែងថា៖ «ច្បាប់ដែលមានលក្ខណៈប្រវត្តិសាស្ត្រនេះ គឺដើម្បីកសាងស្នូលនៃប្រទេសជាតិនេះឡើងវិញ»៕