ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​តែង​តាំង​លោក Merrick Garland ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌


រូបឯកសារ៖ លោក Merrick Garland ក្នុងអំឡុងពេលចូលរួមសវនាការមួយរបស់ព្រឹទ្ធសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ លោក Merrick Garland ក្នុងអំឡុងពេលចូលរួមសវនាការមួយរបស់ព្រឹទ្ធសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត ​កាលពី​ថ្ងៃ​ពុធ​ ដើម្បី​អនុម័ត​ឲ្យ​លោក ​Merrick Garland​ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ នៅពេល​ស្បថ​ចូល​កាន់​តំណែង ​លោក​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ទី​ ៨៦។

លទ្ធផល​នៃ​ការបោះឆ្នោត​សម្រេច​បាន​សំឡេង​ ៧០​ ទល់​ ៣០ ​ដោយ​មាន​មន្ត្រី​ជាន់ខ្ពស់​មកពី​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​រូប​បោះឆ្នោត​គាំទ្រ។ ក្នុង​ចំណោម​អ្នកទាំង​នោះ ​មាន​លោក​ Mitch McConnell​ មេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​សមាជិក​ព្រឹទ្ធសភា​ពី​រដ្ឋ Texas លោក John Cornyn ​និង​លោក Lindsay Graham ​ពីរដ្ឋ​ South Carolina។​

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ដែល​បោះ​ឆ្នោត​ប្រឆាំង ​រួមមាន​លោក Josh Hawley នៃ​រដ្ឋ​ Missouri​ និង​លោក Ted Cruz​ នៃ​រដ្ឋ​ Texas​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​អាចក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០២៤។​

នៅ​ក្នុង​ឆ្នាំ​ ២០១៦​ លោក Barack Obama​ ដែល​ជា​ប្រធានាធិបតី​នៅ​ពេល​នោះ​ បាន​តែង​តាំង​លោក Garland​ ជា​ចៅក្រម​តុលាការ​កំពូល ​ប៉ុន្តែ​ត្រូវរាំង​ខ្ទប់​ដោយ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សវនាការ​របស់​ព្រឹទ្ធសភា។

លោក​ Garland ​អាយុ​ ៦៨ ​ឆ្នាំ​ បាន​បម្រើការ​នៅ​សាលាឧទ្ធរណ៍​ប្រចាំ​រដ្ឋធានី​ Washington ​ចាប់តាំង​ពី​ឆ្នាំ​ ១៩៩៧ ​មក​ ហើយ​លោក​គឺជា​ប្រធាន​ចៅក្រម​ពី​ចន្លោះ​ឆ្នាំ ២០១៣ ​ដល់​ ២០២០។

ក្នុង​អំឡុងពេល​អនុម័ត​ លោក ​Garland​ បាន​និយាយ​ថា ​ករណី​ដំបូង​ដែល​លោក​នឹង​ស៊ើប​អង្កេត​គឺ​ព្រឹត្តិការណ៍​លុកលុយ​ចូល​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី ៦​ ខែ​មករា។

លោក​ Garland​ បាន​និយាយ​ថា៖ «យើង​ត្រូវតែ​ធ្វើ​គ្រប់​យ៉ាង​តាម​អំណាច​របស់​ក្រសួង​យុត្តិធម៌​ ដើម្បី​រារាំង​ការវាយ​ប្រហារ​បែប​នេះ​លើ​គោល​នយោបាយ​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ​អាមេរិកាំង»។​

លោក​ Garland​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ លោក​នឹង​មិន​យក​ក្រសួង​យុត្តិធម៌​មក​ធ្វើ​នយោបាយ ​ឬ​ជ្រែតជ្រែក​ការស៊ើបអង្កេត​លើ​ករណី​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ ដែល​កំពុង​បន្ត​លើ​លោក​ Hunter Biden ​ដែល​ជា​កូនប្រុស​របស់​លោក​ប្រធានាធិបតី​ បៃដិន​ ឡើយ៕

XS
SM
MD
LG