ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​​សេចក្ដីព្រាង​ច្បាប់​ជំនួយ​កូវីដ១៩ ចំនួន ១,៩ លាន​លាន​ដុល្លារ


ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi គោះ​ញញួរ​ឈើ​របស់​អ្នកស្រី​នៅ​មុន​ការ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ជំនួយ​កូវីដ១៩ ចំនួន ១,៩ លាន​លាន​ដុល្លារ នៅ​សាល​ប្រជុំ​រដ្ឋសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ពុធ​ បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​កញ្ចប់​ថវិកា​ចំនួន ១,៩ លាន​លាន​ដុល្លារ​សម្រាប់​សង្គ្រោះ​វិបត្តិ​កូវីដ១៩។ ការ​អនុម័ត​នេះ​បាន​ផ្ដល់​នូវ​ជ័យជម្នះ​ធំធេង​លើក​ទីមួយ​ដល់​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី Joe Biden ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី ២០ ខែ​មករា​មក។ ​

ឥឡូវ​នេះ​សេចក្ដីព្រាង​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​លោក​ប្រធានាធិបតី Biden ដែល​នឹង​ចុះ​ហត្ថលេខា​ឲ្យ​ទៅ​ជា​ច្បាប់​នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សេតវិមាន អ្នកស្រី Jen Psaki។

ការ​បោះឆ្នោត​នៅ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លើ​សេចក្ដី​ព្រាង​ច្បាប់នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២២០ ទល់​នឹង ២១១។

ប្រធាន​រដ្ឋសភា អ្នកស្រី Nancy Pelosi បាន​មាន​ប្រសាសន៍​នៅ​មុន​ការ​បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​ថា៖ «យើង​នឹង​ធ្វើការ​ភ្លាមៗ​ក្នុង​ការ​ចែកចាយ​ធនធាន​សង្គ្រោះ​ជីវិត​នេះ​ ក្រោយ​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត និង​ចុះ​ហត្ថលេខា​[ដោយ​ប្រធានាធិបតី] ខណៈ​ដែល​យើង​ចូលរួម​ជាមួយ​នឹង​លោក​ប្រធានាធិបតី Biden ទៅ​តាម​ការ​សន្យា​របស់​លោក ដែល​ថា ជំនួយ​កំពុង​តែ​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​ហើយ»។ ​

ច្បាប់​កញ្ចប់​ថវិកា​ជំនួយ​នេះ​ រួម​មាន​ដូចជា ថវិកា​ចំនួន ១.៤០០ ដុល្លារ​សម្រាប់​ពលរដ្ឋ​អាមេរិក​ម្នាក់ៗ​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម និង​ថវិកា​ចំនួន ៣.០០០ ឬ ៣.៦០០ ដុល្លារក្នុង​មួយ​ឆ្នាំ​សម្រាប់​កុមារ​ម្នាក់ៗ អាស្រ័យ​តាម​អាយុ​របស់​ពួកគេ។ អ្នក​ដែល​បាត់បង់​ការងារ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ នឹង​បន្ដ​ទទួល​បាន​ថវិកា​ចំនួន ៣០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ រហូត​ដល់​ខែ​កញ្ញា បន្ថែម​ពី​លើ​ជំនួយ​ថវិកា​តាម​រដ្ឋ​នីមួយៗ​ដែល​ពួកគេ​រស់នៅ។ រដ្ឋាភិបាល​ថ្នាក់​រដ្ឋ និង​ថ្នាក់​ក្រុង​នឹង​ទទួល​បាន​ថវិកា​ចំនួន ៣៥០ ពាន់​លាន​ដុល្លារ​ដើម្បី​ស្ដារ​ស្ថានភាព​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG