តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​របាយការណ៍​របស់​លោក Mueller?

នេះ​ជា​របាយការណ៍​ស្តី​ពី​ការ​ស៊ើបអង្កេត​ពី​ការ​រំខាន​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានធិបតី​ក្នុង​ឆ្នាំ២០១៦។

របាយការណ៍​របស់​រដ្ឋ​អាជ្ញា​ពិសេស​ លោក Robert Mueller ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅលើ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦​​សន្និដ្ឋាន​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ប្រើប្រាស់​ប្រតិបត្តិការ​ធំៗ​​ពីរ​ដើម្បី​ព្យាយាម​ជះឥទ្ធិពល​ទៅ​លើ​ការ​បោះឆ្នោត​នោះ។

ទីមួយ​គឺ​យុទ្ធនាការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​លម្អៀង​ទៅ​រក​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក ដូណាល់ ត្រាំ និង​បន្តុះបង្អាប់​អ្នកស្រី Hillary Clinton ដែល​ជា​គូប្រជែង​របស់​លោក។ ទីពីរ​គឺ​ការ​ព្យាយាម​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​អំពី​អ្នកស្រី Clinton ដើម្បី​ចេញ​ផ្សាយ​ឯកសារ​ដែល​បាន​លួច។

ខណៈ​ដែល​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ​បាន​ធ្វើ​ឲ្យ​អតីត​សមាជិក​មួយ​ចំនួន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ ត្រាំ សារភាព​ទទួល​កំហុស ចំពោះ​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ​នានា​និង​បទឧក្រិដ្ឋ​ផ្សេងៗ​ទៀត ការ​ស៊ើបអង្កេត​នេះ​មិន​បាន​រក​ឃើញ​ថា មន្ត្រី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ណា​ម្នាក់​របស់​លោក ត្រាំ បាន​ឃុបឃិត​ជាមួយ​នឹង​មន្ត្រី​រុស្ស៊ី​ដើម្បី​ជះឥទ្ធិពល​ដល់​ការ​បោះឆ្នោត​នោះ​ឡើយ។ ​

ក៏​ប៉ុន្តែ​របាយការណ៍​នោះ​មិន​បាន​បញ្ជាក់​ថា​ លោក​ប្រធានាធិបតី​មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ទេ។

រូបភាព​កសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​បាន​ត្រឡប់​មក​សេតវិមាន​វិញ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

ស្នើ​ឲ្យ​ប្រធានាធិបតី​ផ្តល់​សក្ខីកម្ម?

របាយការណ៍​នោះ​បាន​រៀបរាប់​លម្អិត​អំពី​សកម្មភាព​របស់​លោក​ប្រធានាធិបតី​ ត្រាំ ទៅ​លើ​ការ​ស៊ើបអង្កេត​របស់​ FBI និង​របស់​លោក​រដ្ឋ​អាជ្ញា​ពិសេស ដែល​លោក ត្រាំ តែងតែ​ចាត់​ទុក​ថា​ជា​ការ «មួលបង្កាច់‍»។ របាយការណ៍​នេះ​ក៏​បាន​រៀបរាប់​ហេតុផល​ផ្លូវ​ច្បាប់​អំពី​ថា​តើ​សកម្មភាព​របស់​លោក ត្រាំ គួរ​តែ​ចាត់​ទុក​ថា​ជា​ការ​រារាំង​ដល់​ដំណើរការ​ស៊ើបអង្កេត​ឬ​យ៉ាង​ណានោះ។

ក្រុម​មេធាវី​របស់​លោក​ប្រធានាធិបតី​បាន​បដិសេធ​សំណើ​របស់​អ្នក​ស៊ើបអង្កេត​ក្នុង​ការ​សាកសួរ​លោក​ប្រធានាធិបតី​ដោយ​ផ្ទាល់។ មេធាវី​ទាំង​នោះ​ត្រឹម​តែ​យល់​ព្រម​ឆ្លើយតប​ជា​លាយលក្ខណ៍​អក្សរ​ទៅ​នឹង​សំណួរ​នានា​ដែល​ផ្តល់​ទៅ​តែ​ប៉ុណ្ណោះ។

សូម​ទស្សនា៖ រ​បាយការណ៍​លោក Mueller ធ្វើ​ឲ្យ​មាន​សំណួរ​ជាច្រើន​ពី​ការ​រារាំងដំណើរការ​យុត្តិធម៌របស់​លោក​ប្រធានាធិបតី​ត្រាំ​

Your browser doesn’t support HTML5

Release of Mueller Report Raises New Questions About Trump Obstruction

ក្រុមការងារ​របស់​លោក​រដ្ឋអាជ្ញា​ពិសេស​បាន​សរសេរ​ថា «យើង​យល់​ថា​ចម្លើយ​ជា​លាយលក្ខណ៍​អក្សរ​ទាំង​នោះ​មិន​គ្រប់គ្រាន់​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​នោះ ការ​ស៊ើបអង្កេត​របស់​យើង​បាន​ដំណើរការ​ទៅ​មុខ​យ៉ាង​ច្រើន ហើយ​បាន​ភស្តុតាង​ជា​ដុំ​កំភួន​សម្រាប់​របាយការណ៍​របស់​យើង‍»។

ក្រុមការងារ​នោះ​បាន​និយាយ​ថា ជាជាង​ការ​បង្កើត​ឲ្យ​មាន​ការ​តវ៉ា​តាម​ផ្លូវច្បាប់​មួយ​ដែល​មាន​រយៈពេល​យូរ​ដើម្បី​បង្ខំ​ឲ្យ​ប្រធានាធិបតី​ផ្តល់​សក្ខីកម្ម «យើង​កំណត់​ថា ព័ត៌មាន​ក្រាស់ក្រែល​ដែល​យើង​ទទួល​បាន​ពី​ប្រភព​ព័ត៌មាន​ដទៃទៀត​បាន​អនុញ្ញាត​ឲ្យ​យើង​ធ្វើការ​សន្និដ្ឋាន​ទៅ​លើ​ការពិត​នានា​អំពី​គោលបំណង​និង​ការ​ជឿ​ជាក់​បាន‍»។

ក្រៅ​ពី​បរិយាយ​លម្អិត​អំពី​សកម្មភាព​របស់​លោក​ប្រធានាធិបតី​និង​លទ្ធភាព​នៃ​ដំណើរការ​ផ្លូវច្បាប់​នានា របាយការណ៍​នោះ​ក៏​បាន​ច្រានចោល​មិន​ធ្វើ​សេចក្តីសន្និដ្ឋាន​ទៅ​លើ​ថា​តើ​លោក​ប្រធានាធិបតី​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដែរ​ឬ​យ៉ាង​ណា​ទេ។

ប៉ុន្តែ​របាយការណ៍​នោះ​បាន​លើកឡើង​ថា សភា​គួរ​តែ​ជា​អ្នក​កំណត់​ទៅ​លើ​ថា​តើ​សកម្មភាព​របស់​លោក​ប្រធានាធិបតី​អាច​ឲ្យ​គេ​ប្តឹង​ទម្លាក់​ពី​តំណែង​បាន​ដែរ​ឬ​យ៉ាង​ណា​នោះ។ ​

«សេចក្តីសន្និដ្ឋាន​ដែល​ថា​សភា​ប្រហែល​ជា​អាច​ប្រើប្រាស់​ច្បាប់​រារាំង​ដំណើរការ​យុត្តិធម៌​ទៅ​លើ​ការ​ប្រើប្រាស់​អំណាច​លើស​ដែន​កំណត់​របស់​លោក​ប្រធានាធិបតី​គឺ​ស្រប​ទៅ​នឹង​ប្រព័ន្ធ​ធម្មនុញ្ញ​នៃ​ការត្រួតពិនិត្យ​ផ្ទៀតផ្ទាត់​និង​គោលការណ៍​ដែល​ថា គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​នោះ​ទេ‍»។

រូបភាព​ឯកសារ៖ នេះ​ជា​អគារ Trump Tower ដែល​ស្ថិត​លើ​មហាវិថី 5th Avenue ក្នុង​ក្រុង​ញូវយ៉ក ដែល​ត្រូវ​បាន​គេ​ថត​កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​លោក ត្រាំ

ក្រុម​អ្នក​ស៊ើបអង្កេត​បាន​និយាយ​ថា ពួកគេ​បាន​សន្និដ្ឋាន​ថា រុស្ស៊ី​ជឿ​ថា ខ្លួន​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក ត្រាំ ហើយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ក៏​ជឿថា ខ្លួន​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​ការ​លួច​យក​ទិន្នន័យ​ពី​ប្រព័ន្ធ​កុំព្យូទ័រ​ផង​ដែរ។ របាយការណ៍​ដែល​មាន​កម្រាស់​ជាង​១០០​ទំព័រ​នោះ​បាន​រៀបរាប់​លម្អិត​ពី​ទំនាក់ទំនង​និង​ជំនួប​ជាច្រើន​រវាង​មន្ត្រី​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ និង​ជនជាតិ​រុស្ស៊ី​មួយ​ចំនួន ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​ ត្រាំ ប្រកាស​បេក្ខភាព​ឈរឈ្មោះ​ប្រធានាធិបតី​កាល​ពី​ខែ មិថុនា ឆ្នាំ​២០១៥។

ទំនាក់ទំនង​ទាំង​នោះ​មាន​ដូចជា​ការ​ពិភាក្សា​អំពី​ជំនួញរបស់​លោក ត្រាំ ដែល​គ្រោង​នឹង​សាងសង់​អគារ​ខ្ពស់​មួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ​មុន​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ចាប់​ផ្តើម ការ​ទាក់ទង​គ្នា​រវាង​មន្ត្រី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ​ជាមួយ​នឹង​មន្ត្រី​រុស្ស៊ី មុន​នឹង​លោក​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត ហើយ​និង​ជំនួប​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៦ នៅ​អគារ Trump Tower ដែល​មាន​ការ​ចូលរួម​ពីអាជ្ញាធរ​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​និង​មន្ត្រី​កំពូលៗ​នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ផង​ដែរ។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា «ទំនាក់ទំនង​ទាំង​នោះ​រួម​មាន​ទាំង​ការ​ស្នើ​របស់​រុស្ស៊ី​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ផង​ដែរ។ ពេល​ខ្លះ ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ មាន​បំណង​ពិចារណា​អំពី​យោបល់​ទាំង​នោះ ហើយ​ពេល​ខ្លះ​ទៀត មន្ត្រី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ មិន​ទទួល​យក​យោបល់​ទាំង​នោះ​ទេ‍»។

​បន្ទាប់​ពី​លោក​ ត្រាំ បាន​ឈ្នះ​ការ​បោះឆ្នោត ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ពិនិត្យ​ទៅ​លើ​ជំនួប​នានា​ដែល​ពាក់ព័ន្ធ​នឹង​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Michael Flynn និង​សម្ព័ន្ធមិត្ត​នានា​របស់​លោក ត្រាំ ដែល​រួម​មាន​លោក Steve Bannon និង​លោក Erik Prince ផង​ដែរ។

ក្រុមអ្នក​ស៊ើបអង្កេត​បាន​រៀបរាប់​លម្អិត​អំពី​គោលបំណង​សំខាន់​នៃ​ជំនួប​ទាំង​នោះ ប៉ុន្តែ​ពួកគេ​និយាយ​ថា មិនមាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ឈាន​ដល់​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នោះ​ទេ។

របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «មិនមាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​មន្ត្រី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ណា​ម្នាក់ ​ថា​ជា​ភ្នាក់ងារ​ក្រៅផ្លូវការ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ឬ​របស់​ស្ថាប័ន​រុស្ស៊ី​ណា​មួយ​បាន​ទេ‍»។

របាយការណ៍​របស់​លោក Mueller បញ្ជាក់​១១​ចំណុច​ទាក់ទិន​នឹង​ការ​រារាំង​ដំណើរការ​ស៊ើបអង្កេត

របាយការណ៍​នោះ​មិន​បាន​ផ្តល់​ការ​លើកលែង​ដល់​លោក​ប្រធានាធិបតី​ចំពោះ​ការ​ចោទប្រកាន់​អំពី​ការ​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​នោះ​ទេ។

ជិត​ពាក់កណ្តាល​នៃ​របាយការណ៍​នោះ​ផ្តោត​ទៅ​លើ​សកម្មភាព​របស់​លោក ដូណាល់ ត្រាំ ក្នុង​អំឡុងពេល​នៃ​ការ​ស៊ើបអង្កេត​និង​ទៅ​លើ​ថា​តើ​លោក​ ត្រាំ បាន​ប្រើប្រាស់​អំណាច​របស់​លោក​ហួស​ព្រំដែន​ដើម្បី​ព្យាយាម​រារាំង​ដល់​ការ​ស៊ើបអង្កេត​ទៅ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ឬ​ក៏​យ៉ាង​ណា​នោះ។ របាយការណ៍​នោះ​រៀបរាប់​ចំណុច​ចំនួន​១១ផ្សេង​គ្នា ដែល​ក្នុង​នោះរួម​មាន​ទាំង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក ត្រាំ ក្នុង​ការ​រារាំង​ដល់​ការ​ស៊ើបអង្កេត​របស់​លោក​រដ្ឋអាជ្ញា​ពិសេស​និង​ការ​បណ្តេញ​អតីត​នាយក FBI លោក James Comey ចេញ​ពី​តំណែង ដែល​បង្ក​ឲ្យ​មាន​ការ​ចោទសួរ​ជា​សំណួរ​ផ្លូវច្បាប់​អំពី​សកម្មភាព​របស់​លោក​ប្រធានាធិបតី​ផង​ដែរ។

​«ភស្តុតាង​ដែល​យើង​ទទួល​បាន​អំពី​សកម្មភាព​និង​បំណង​របស់​លោក​ប្រធានាធិបតី​បង្ហាញ​ពី​បញ្ហា​លំបាក​នានា​ដែល​រារាំង​មិន​ឲ្យ​យើង​ធ្វើការ​កំណត់ដោយ​គ្មាន​មន្ទិលសង្ស័យ​ថា គ្មាន​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បាន​កើតឡើង​នោះ​ទេ។ ទោះ​ជា​របាយការណ៍​នេះ​មិន​បាន​សន្និដ្ឋាន​ថា លោក​ប្រធានាធិបតី​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ក៏​ពិតមែន ប៉ុន្តែ​វា​មិន​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី​រួច​ខ្លួន​នោះ​ដែរ។

ចំណុច​ទាំង​១១​នៃ​របាយការណ៍​ស៊ើបអង្កេតនោះ​ក៏​រួម​មាន​ផង​ដែរ​នូវ​ការណ៍​ដែល​លោក​ប្រធានាធិបតី​ស្នើ​ឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់​ចាត់​វិធានការ​ដក​លោក​រដ្ឋអាជ្ញា​ពិសេស​ចេញ​ពី​តំណែង​និង​ដឹកនាំ​ជំនួយការ​របស់​លោក​ឲ្យ​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​បញ្ចេញ​ភស្តុតាង​ជា​សាធារណៈ​ផង​ដែរ។ ក្រៅពី​នោះ​ក៏​មាន​ការ​លើកឡើង​ជា​សាធារណៈ​នានា​របស់​លោក​ប្រធានាធិបតី​អំពី​សមាជិក​ក្រុម​ការងារ​របស់​លោក​ដែល​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ផង​ដែរ។

របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​លោក​ប្រធានាធិបតី​រួម​មាន​ទាំង​«ការវាយប្រហារ​ជា​សាធារណៈ​ទៅ​លើ​ការ​ស៊ើបអង្កេត កិច្ចខិតខំប្រឹងប្រែង​លក្ខណៈ​ឯកជន​ដើម្បី​ត្រួតត្រា​ការ​ស៊ើបអង្កេត​នោះ និង​កិច្ចខិតខំប្រឹងប្រែង​ជាសាធារណៈ​និង​ឯកជន​ ដើម្បីលើក​ទឹកចិត្ត​ដល់​សាក្សី​កុំ​ឲ្យ​សហការ​ជាមួយ​នឹង​ដំណើរការ​ស៊ើបអង្កេត​នោះ‍»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្តា