ប្រាក់ចំណូលស្ទើរទាំងអស់របស់ប្រទេសវ៉េណេស៊ុយអេឡា បានមកពីការលក់ប្រេង ហើយសហរដ្ឋអាមេរិក ជាប្រទេសនាំប្រេងឆៅចូលដ៏ធំបំផុតរបស់វ៉េណេស៊ុយអេឡា។
ក៏ប៉ុន្តែ ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុនប្រេង PDVSA ដែលជាក្រុមហ៊ុនរដ្ឋ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា នឹងមិនបានទទួលកម្រៃមកមូលធននេះទេ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនចម្រាញ់ប្រេង CITGO របស់សហរដ្ឋអាមេរិក ដែលជាសាខាក្រុមហ៊ុន PDVSA ដើម្បីបន្តកិច្ចប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
ទោះជាយ៉ាងណាក៏ដោយ ប្រាក់ដែលបានមក នឹងមិនបានទៅរដ្ឋាភិបាលរបស់លោកម៉ាឌុយរ៉ូទេ ក៏ប៉ុន្តែ ចូលទៅក្នុងខ្ទង់គណនីរបស់លោក Juan Guaido មេដឹកនាំគណបក្សប្រឆាំងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប្រទេស៥០ទៀតទទួលស្គាល់ថាជាប្រធានាធិបតីអន្តរកាលរបស់វ៉េណេស៊ុយអេឡា។
មន្រ្តីរដ្ឋបាលរបស់ប្រធានាធិបតីត្រាំ និយាយថា ការដាក់ទណ្ឌកម្ម អាចនាំឲ្យបាត់បង់ប្រាក់១១ពាន់លានដុល្លារសម្រាប់រដ្ឋាភិបាលម៉ាឌុយរ៉ូ។ ការដាក់ទណ្ឌកម្ម ក៏នឹងប៉ះពាល់ផលិតផលដែរ ពីព្រោះតែវ៉េណេស៊ុយអេឡា នឹងមិនអាចទិញប្រេងឆៅប្រ ភេទស្រាលរបស់សហរដ្ឋអាមេរិក ដើម្បីលាយជាមួយប្រភេទប្រេងឆៅធន់ធ្ងន់របស់ខ្លួន។ ដោយមិនមានប្រេងឆៅប្រភេទស្រាល ប្រេងឆៅប្រភេទធ្ងន់ មិនអាចហូរកាត់បំពង់ប្រេងដើម្បីដឹកចេញបានទេ។
ដោយមានការដាក់ទណ្ឌកម្មដ៏ខ្លាំងបែបនេះ សហរដ្ឋអាមេរិក កំពុងព្យាយាមដាក់ការគាបសង្កត់លើប្រធានាធិបតីម៉ាឌុយរ៉ូឲ្យចុះចេញពីដំណែង៕