អង្គការកម្មវិធីស្បៀងអាហារពិភពលោកលើកឡើងថា ប្រទេសជាច្រើនដែលទទួលរងប៉ះពាល់ដោយសារជម្លោះ ដោយសារជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុនោះ កំពុងជួបប្រទះនូវភាពអត់ឃ្លានកម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដែលគំរាមកំហែងជីវិតមនុស្សរាប់ពាន់នាក់ ដែលពុំមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។
មន្រី្តកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា គេមានការបារម្ភថា មនុស្សដែលនឹងស្លាប់ដោយសារគ្រោះទុរ្ភិក្សដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចដែលរងប៉ះពាល់ដោយសារជំងឺកូវីដ១៩ នឹងមានច្រើនជាងការស្លាប់ដោយសារការរាតត្បាតនៃជំងឺនេះ។ ជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ បានឆ្លងដល់មនុស្សជាង៣០លាននាក់ហើយនៅជុំវិញពិភពលោក ហើយមានមនុស្សជិតមួយលាននាក់ បានស្លាប់ដោយសារជំងឺនេះ។
អង្គការកម្មវិធីស្បៀងអាហារពិភពលោកព្រមានថា មនុស្សក្នុងប្រទេសជាច្រើនដែលមានជម្លោះកំពុងហៀបនឹងមានគ្រោះទុរ្ភិក្ស ដោយសារតែវិធានការបិទប្រទេស ក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា ដែលនេះជាការបំផ្លាញនូវឱកាសការងារ និងជីវភាពរបស់ប្រជាពលរដ្ឋ។ ជាឧទាហរណ៍ កម្មវិធីស្បៀងអាហារពិភពលោកលើកឡើងថា មនុស្សប្រមាណ២២លាននាក់ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវគេរំពឹងថា នឹងប្រឈមនឹងវិបត្តិអត់ស្បៀងអាហារ ដោយសារតែអំពើហិង្សាដែលបន្តកើនឡើង គួបផ្សំនឹងជំងឺកូវីដ១៩។
លោក Tomson Phiri អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោកបានលើកឡើងថា ជម្លោះច្រើនឆ្នាំដែលបង្កើតឲ្យមានភាពអត់ឃ្លានក្នុងប្រទេស Yemen នោះ បានធ្វើឲ្យប្រទេសដែលមានពលរដ្ឋជាង៣០លាននាក់នេះ ងាយទទួលរងគ្រោះដោយសារជំងឺ និងការស្លាប់ដោយសារការឆ្លងនៃជំងឺកូវីដ១៩នេះ។
លោក Tomson Phiri បានថ្លែងក្នុងសម្តីដើមថា៖
«ពលរដ្ឋប្រមាណ២០លាននាក់ មានការខ្វះខាតស្បៀងអាហារជាខ្លាំង ដោយសារសង្គ្រាម ការដួលរលំនៃសេដ្ឋកិច្ច និងការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណជាដើម ដែលនេះបានធ្វើឲ្យតម្លៃស្បៀងអាហារមានការឡើងខ្ពស់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសារធារណៈជាដើម។ យើងជឿជាក់ថា ចំនួនមនុស្សប្រមាណ៣លាននាក់បន្ថែមទៀត អាចជួបគ្រោះទុរ្ភិក្សដោយសារវីរុសកូរ៉ូណា»។
លោក Phiri ដែលពេលថ្មីៗនេះ ជាអ្នកនាំពាក្យរបស់កម្មវិធីស្បៀងអាហារពិភពលោកក្នុងប្រទេសស៊ូដង់ខាងត្បូងបាននិយាយថា លោកមានការបារម្ភពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ទៅលើពលរដ្ឋដែលមានភាពទន់ខ្សោយ ដោយសារអំពើហិង្សាឥតឈប់ឈរ ដែលបានកើតឡើងច្រើនឆ្នាំមកហើយនោះ។
លោកបន្តទៀតថា៖
«សេដ្ឋកិច្ចប្រទេសស៊ូដង់ខាងត្បូងបានធ្លាក់ចុះតាំងពីមុនមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ម៉្លេះ ដោយមនុស្សប្រមាណ៦,៥លាននាក់ ត្រូវគេរំពឹងថា នឹងប្រឈមការខ្វះខាតស្បៀងអាហារ នៅពេលដែលរដូវកាលនៃភាពអត់ឃ្លានក្នុងខែកក្កដាកើនឡើងខ្ពស់។ យើងទាំងអស់គ្នាបានគិតថា យើងនឹងស្ថិតនៅលើមាគ៌ាមួយទៅរកសន្តិភាពក្នុងប្រទេសស៊ូដង់ខាងត្បូង ហើយនៅពេលនោះស្រាប់តែមានអំពើហិង្សាកើតមានឡើងភ្លាមៗ។ ពេលនេះ យើងមានអំពើហិង្សាដែលនៅកើតមានឡើងវិញ និងមានអំពើឃោរឃៅជាច្រើនកើតឡើងក្នុងរដ្ឋចុងឡេ (Jonglei)»។
ពេលនេះ ជារដូវដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសស៊ូដង់ខាងត្បូង។ លោក Phiri ថ្លែងថា រដ្ឋ Jonglei កំពុងរងគ្រោះដោយទឹកជំនន់ សេដ្ឋកិច្ចកំពុងប្រឈមការលំបាកជម្លោះ និងជំងឺកូវីដ១៩ជាដើម។ លោកនិយាយថា មនុស្សរាប់លាននាក់ក្នុងប្រទេសនីហ្សេរីយ៉ា បួគីណាហ្វាសូ និងប្រទេសដទៃជាច្រើនទៀត កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងកម្រិតខ្ពស់ដែលបង្កើតឲ្យមានភាពអត់ឃ្លាន។ លោកព្រមានថា មនុស្សជាច្រើននឹងស្លាប់ដោយសារតែពុំមានលទ្ធភាពរកអាហារបំពេញក្រពះរបស់ខ្លួនបាន៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ