របាយការណ៍​ថ្មី​មួយ​ថា ក្រុមហ៊ុន​សេវាកម្ម​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​ជា​អ្នក​ជំរុញ​ឲ្យ​មាន​អំពើ​ពុក​រលួយ

រូបឯកសារ៖​ ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​វីឡា​និង​អាគារ​ស្នាក់​នៅ​ទំនើបៗ​ក្នុង​ទីក្រុង Dubai ​ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។ របាយការណ៍​មួយ​បាន​ចេញ​ផ្សាយ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយ​មជ្ឈ​មណ្ឌល​សិក្សា​អំពី​ការ​ការពារ​ដែល​មាន​ស្នាក់​ការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ផ្អែក​លើ​ទិន្នន័យ​អចលនទ្រព្យ​ដែល​បែក​ធ្លាយ​ពី​ឌុយបៃ​ ដែល​ត្រូវ​បាន​ពណ៌នា​ថា​ជា​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​លាងលុយ ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ភេរវករ​និង​ជួញដូរ​គ្រឿង​ញៀន​ដែល​ត្រូវ​រង​ទណ្ឌកម្ម​ពី​អាមេរិក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ (រូបថត AP)

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ស្រាវជ្រាវ​មួយ​ដែល​មាន​ទី​ស្នាក់​ការណ៍​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិកចោទ​ថា ក្រុមហ៊ុន​ជំនាញ​ផ្នែក​សេវាកម្ម​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​មេ​ដឹក​នាំ​ផ្តាច់​ការ និង​មេ​ដឹក​នាំ​ដែល​កេង​ប្រវ័ញ្ចលុយ​ជាតិ ក្នុង​ការ​លាង​លុយ​កខ្វក់ និង​លួច​លុយ​ជាតិ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «អ្នក​ជួយ​សម្រួល៖ មធ្យោបាយ​ដែល​ក្រុម​ហ៊ុន​សេវាកម្ម​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច នាំ​ចូល​អំពើ​ពុក​រលួយ និង​ពង្រឹង​របប​ផ្តាច់​ការ» ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​វិទ្យាស្ថាន Hudson កាល​ពី​ដើម​ខែ​កញ្ញា បាន​រាយការណ៍​ថា ក្រុមហ៊ុន​សេវាកម្ម​នានា​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​លួច​លុយ​ជាតិ ដើម្បី​លាង​អំពើ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន និង​ពង្រីក​នយោបាយ​របស់​ពួកគេ។

លោក Ben Judah ដែល​ជា​សហ​អ្នក​និពន្ធ​របាយការណ៍​នេះ និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន Hudsonបាន​និយាយ​ថា៖ «ពេល​អ្នក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ការិយាល័យ​មេធាវី ដើម្បី​ពិនិត្យ​ឯកសារ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ និង​ចរន្ត​សាច់​ប្រាក់​ដែល​មិន​មាន​ការ​បញ្ជាក់​ត្រឹមត្រូវ ក្រៅ​តែ​ពី​ខ្ទង់​តួលេខ ចរន្ត​សាច់​ប្រាក់​ទាំង​នេះ​ភាគ​ច្រើន ត្រូវ​បាន​ផ្ទេរ​មក​ពី​ប្រទេស​ផ្តាច់​ការ ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ​ដោយ​ភ្ជាប់​ជា​មួយ​នឹង​របៀបវារៈ​ដែល​ពង្រឹង​អំណាច​ផ្តាច់​ការ​របស់​ពួកគេ»។

របាយការណ៍​នេះ បាន​រក​ឃើញ​ថា វិស័យ​សេវាកម្ម​ចំនួន​៦ ដែល​ដើរ​តួរនាទី​ជា​អ្នក​រត់​ការ​ក្នុង​ការ​សម្រប​សម្រួល​សកម្មភាព​ដែល​គ្មាន​ក្រម​សីលធម៌ ដូចជា បច្ចេក​វិទ្យា​ដែល​ជួយ​ខាង​ហិរញ្ញវត្ថុ Fintech រូបិយប័ណ្ណCryptocurrency ក្រុមហ៊ុន​មេធាវី ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ពាណិជ្ជកម្ម ក្រុមហ៊ុន​ហិរញ្ញវត្ថុ ក្រុម​ហ៊ុន​អចលន​ទ្រព្យ ក្រុមហ៊ុន​ឡប់ប៊ី និង​ក្រុម​ហ៊ុន​ទំនាក់​ទំនង​សាធារណៈ។

លោក Jadah បាន​បន្ថែម​ថា៖ «គន្លឹះ​សំខាន់​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង គឺ​ថាមធ្យោបាយ​ដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ច្បាប់​បច្ចុប្បន្ន​នេះ អនុញ្ញាត​ឲ្យ​ជន​ផ្តាច់ការ​លួច​លុយ​ជាតិ មាន​លទ្ធភាព និង​ឱកាស​ក្នុង​ការ​ធ្វើ​រឿង​ទាំង​អស់​នេះ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​បណ្តា​ប្រទេស​លោក​ខាង​លិច ជា​ពិសេស​សហរដ្ឋ​អាមេរិក»។

បើ​យោង​តាម​របាយការណ៍​នេះ​ដដែល មេ​ដឹក​នាំ​កំពូល​របស់​អាស៊ី អឺរ៉ុប​ខាង​កើត និង​អាហ្វ្រិក​មួយ​ចំនួន ដូច​ជា​អតីត​នាយក​រដ្ឋមន្រ្តី​របស់​ប្រទេស​អ៊ុយក្រែន លោក Pavlo Lazarenko អតីត​ប្រធានា​ធិបតី​តៃវ៉ាន់ លោក Chen Shiu-bian និង​អនុ​ប្រធានាធិបតី​នៃ​ប្រទេស Equatorial Guinea លោក Teodoro Ngema Obiang Mangue បាន​ប្រើប្រាស់​សេវា​កម្ម​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​លាង​លុយ​ខុស​ច្បាប់​របស់​ពួក​គេ។

របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ថា ជន​លួច​លុយ​ជាតិ​មួយ​ចំនួន ដូចជា​មេ​ដឹក​នាំ​ផ្តាច់​ការ​អេស្ស៊ីប លោក Hosni Mubarak និង​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាន​ប្រើប្រាស់​សេវាកម្ម​ឡប់ប៊ី និង​ទំនាក់​ទំនង​សាធារណៈ នៅ​ក្នុង​សហរដ្ឋអាមេរិក​ដើម្បី​លាង​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ និង​ប៉ុនប៉ង​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​ដំណើរ​ការ​គោល​នយោបាយ​នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ស្រី Elise Bean អតីត​នាយក​នៃ​បុគ្គលិក និង​ប្រធាន​មេធាវី​នៃគណកម្មាធិការព្រិទ្ធសភា​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​មាតុភូមិ និង​អនុ​គណកម្មការ​ព្រឹទ្ធសភា​ទទួល​ការ​ស៊ើបអង្កេត​អចិន្រ្តៃយ៍​នៃ​គណកម្មការ​ទំនាក់​ទំនង​រដ្ឋាភិបាល បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា ចរន្ត​សាច់​ប្រាក់​ទាំង​នេះ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ពីព្រោះ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ទទួល​យក​អតិថិជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម។

លោកស្រី Bean បាន​ប្រាប់​ថា៖ «តាម​ការ​ស៊ើប​អង្កេត​មួយ​របស់​យើង​គឺ​ថា យើង​បាន​រក​ឃើញ​ថា​ធនាគារ HSBC ដែល​ជា​ធនាគារ​ដ៏​ធំ​មួយ បាន​បើក​គណនី​ឲ្យ​ទៅ​ជនជាតិ​កូរ៉េ​ខាងជើង បើ​ទោះ​បី​ជា​ពួកគេ​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​ក៏​ដោយ។ នេះ​គឺ​ជា​បញ្ហា ហើយ​យើង​ត្រូវ​តែ​បញ្ឈប់​វា»។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ថា ការ​ដែល​មិន​បាន​ឃ្លាំ​មើល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ រួមមាន​ទាំង​ខ្វះ​ស្ថាប័ន និង​ការ​ដាក់​ទណ្ឌកម្ម​ដ៏​រឹង​មាំ​លើ​បទ​ឧក្រិដ្ឋ​ហិរញ្ញវត្ថុ បាន​ជួយ​សម្រួល​ដល់​លំហូរ​លុយ​ខុស​ច្បាប់​របស់​របប​ផ្តាច់ការ​មក​សហរដ្ឋ​អាមេរិក។

លោក Max Hays ជា​មេក្រុម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ នៃ​អង្គការ Global Witness បាន​និយាយ​នៅ​ឯ​កម្មវិធី​សិក្ខា​សាលា​នោះ​បាន​យល់​ស្រប​នឹង​លោក Judah។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​បន្ទាប់​ពី​កម្មវិធី​ថា លោក​មិន​យល់​ស្រប​នឹង​ទស្សនៈ​ដែល​ប្រឆាំង​នឹង​ការ​បង្កើត​បញ្ញតិ​ច្បាប់ ដែល​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​អាច​ផ្តល់​សេវាកម្ម​ទាំង​នេះ​បាន​ឲ្យ​ទៅ​ជន​ដែល​លួច​លុយ​ជាតិ។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា យើង​ជំទាស់​នឹង​មតិ​ដែល​ប្រឆាំង​នឹង​បទ​បញ្ញត្តិ​ច្បាប់​លើ​សេវាកម្ម​ទាំង​នេះ។ ធាតុពិត បទបញ្ញត្តិ​ទាំង​នេះ គឺ​ជា​មធ្យបាយ​ដ៏​មាន​ប្រសិទ្ធផល និង​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ តាម​របៀប​ដែល​កំណត់​បទដ្ឋាន​អប្បរមា»។

លោកស្រី Elise Bean បាន​ស្នើ​ដូច្នេះ​ថា ដើម្បី​លុប​បំបាត់​បញ្ហា​ទាំងនេះ ក្រុមហ៊ុន​សេវាកម្ម ត្រូវ​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ពាណិជ្ជកម្ម ហើយ​ព័ត៌មាន​របស់​ម្ចាស់​គណនីយ​គួរ​តែ​បង្ហាញ​ជា​សាធារណៈ។

លោកស្រី​បាន​និយាយ​ថា៖ «ទីមួយ ពួកគេ​គួរ​តែ​អនុម័ត​ច្បាប់​ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្រុមហ៊ុន​ពាណិជ្ជកម្ម ដូច្នេះ​យើង​អាច​ដឹង​បាន​ថា​នរណា​ជា​ម្ចាស់​គណនីយ។ ទីពី ពួកគេ​គួរ​តែ​បញ្ឈប់​ការ​លើកលែង​ក្នុង​ច្បាប់​ការ​សំងាត់​ធនាគារ Bank Secrecy Act»៕