មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃនៅថ្ងៃចន្ទនេះ បានអះអាងថា ក្រសួងមហាផ្ទៃកម្ពុជានៅមិនទាន់បានរកឃើញភស្តុងតាងណាមួយដែលបានបញ្ជាក់ថា លោកឧកញ៉ា ហ៊ុន តូ និងលោកឧកញ៉ា គិត ម៉េង ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធថ្នាំញៀន និងលាងលុយកខ្វក់នៅប្រទេសអូស្ត្រាលី ដែលមានតម្លៃមួយពាន់លានដុល្លារសហរដ្ឋអាមេរិកនោះទេ។
កាលពីចុងខែមិនា កាសែតក្នុងស្រុកមួយចំនួនរបស់អូស្ត្រាលីបានរាយការណ៍នៅក្នុងអត្ថបទរបស់ខ្លួនដែលមានខ្លឹមសារថា អាជ្ញាធរអូស្រ្តាលីមានគម្រោងចាប់ខ្លួនលោកឧកញ៉ា ហ៊ុន តូ។ ក៏ប៉ុន្តែត្រូវបានអាកខានទៅវិញ ដោយសារតែស្ថានទូតអូស្រ្តាលីប្រចាំទីក្រុងភ្នំពេញមិនបានផ្តល់ទិដ្ឋាកាដល់លោក ហ៊ុន តូ ដោយខ្លាចប៉ះពាល់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី។
ការប៉ុនប៉ងចាប់ខ្លួនឧកញ៉ា ហ៊ុន តូ ដោយសារតែអាជ្ញាធរសង្ស័យថា លោកជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធថ្នាំញៀន និងលាងលុយកង្វក់ទៅកាន់អូស្ត្រាលី។ កាសែតនោះក៏បានបញ្ជាក់ថាក្នុងពេលនោះលោកគិត ម៉េង ក៏មានទំនាក់ទំនងរកស៊ីជាមួយលោក ហ៊ុន តូដែរប៉ុន្តែមិនបានលើកឡើងថាលោកគិត ម៉េង ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីមហាផ្ទៃបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯសណ្ឋាគារឡឺរ៉ូយាល់ នៅថ្ងៃចន្ទនេះថា រឿងនេះជារឿងបុគ្គល ហើយក្រសួងបានធ្វើការបដិសេធរួចហើយ។ លោកបានមានប្រសាសន៍ថា មិនមានឯកសារជាមូលដ្ឋានណាមួយ ដើម្បីស្រាវជ្រាវចំពោះករណីនេះទេ។
«ខ្ញុំគិតថា មកដល់ពេលនេះ យើងពុំទាន់មានឯកសារណាជាមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវនោះទេ។ នេះគ្រាន់តែជាព័ត៌មានកាសែតមួយតែប៉ុណ្ណោះ»។
លោកឧកញ៉ា ហ៊ុន តូ ក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧកញ៉ា គិត ម៉េង បានបដិសេធការចុះផ្សាយទាំងឡាយនៃបណ្តាញសារព័ត៌មាននៃប្រទេសអូស្រ្តាលី។
លោក ហ៊ុន តូ អះអាងថាលោកបានដាក់ពាក្យបណ្តឹងទៅកាន់ស្ថានទូតអូស្រ្តាលីប្រចាំទីក្រុងភ្នំពេញ ប្រឆាំងជំទាស់ទៅនឹងការចុះផ្សាយនៅក្នុងសារព័ត៌មានទាំងនោះ។
លោក ហ៊ុន តូ នៅថ្ងៃចន្ទនេះមិនបានធ្វើអត្ថាធិប្បាយជាមួយនឹងវីអូអេទេ ដោយលោកបាននិយាយថា លោកគ្មានពេលទំនេរដើម្បីនិយាយជាមួយនឹងអ្នកកាសែតទេ។
«ខ្ញុំឥតមានពេលទេ!»។
ក៏ប៉ុន្តែបន្តិចក្រោយមកមានទូរស័ព្ទមកកាន់ការិយាល័យវីអូអេក្រុងភ្នំពេញដោយបុគ្គលនោះ បានអះអាងថា ជាជំនួយការហើយបាននិយាយថា បើចង់សម្ភាសសូមមកសម្ភាសនៅផ្ទះរបស់លោក ហ៊ុន តូ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយថា រាល់ការចុះផ្សាយព័ត៌មានអំពីបុគ្គលណាមួយ ក្រសួងមហាផ្ទៃត្រូវតែមានការស៊ើបអង្គេតថា បុគ្គលណាជាប់ពាក់ព័ន្ធ ឬមិនជាប់ពាក់ព័ន្ធ។
«ការដែលស៊ើបអង្គេតដោយហ្មត់ចត់ណាមួយ ហើយអព្យាក្រឹត្យណាមួយ ដោយនីតីរដ្ឋ ដោយការស៊ើបអង្គេតត្រឹមត្រូវ ខ្ញុំថាប្រជាពលរដ្ឋខ្មែរយើង នឹងមានទំនុកចិត្តបន្ថែមទៅលើអាជ្ញាធរ ទៅលើរដ្ឋាភិបាល។ ប៉ុន្តែប្រសិនជាអត់ទេ ខ្ញុំមើលទៅប្រជាពលរដ្ឋទម្លាក់កំហុសនេះលើគណបក្សកាន់អំណាច»។
លោក រីឈត បេឃ័រ (Richard Beker) អ្នកនិពន្ធអត្ថបទមួយរូបរបស់កាសែតឌឹអេច នៃប្រទេសអូស្ត្រាលី បានថ្លែងប្រាប់វីអូអេតាមរយៈសារអ៊ីម៉ែលដោយការពារសេចក្តីរាយការណ៍របស់ខ្លួនថាត្រឹមត្រូវ។
សារព័ត៌មានរបស់អូស្ត្រាលីបាននិយាយថា អាជ្ញាធរអូស្ត្រាលីបានបើកការស៊ើបអង្កេតសំដៅលើលោក ហ៊ុន តូដោយពិនិត្យមើលឈើហ៊ុបនាំចូលពីកម្ពុជាដែលមានបង្កប់គ្រឿងញៀន។ ចំណែកឯការលាងលុយកង្វក់ត្រូវបានសង្ស័យថាធ្វើឡើងតាមរយៈបនល្បែងកាស៊ីណូមួយឈ្មោះក្រោនកាស៊ីណូនៅក្នុងទីក្រុងម៉ែលប៊ន នៅអូស្ត្រាលី។
លោក ដេវ ចច (Dave Gorge) នាយករងបេសកម្មស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ មិនបានឆ្លើយនឹងសំណូរតាមសារអេឡិចត្រូនិករបស់វីអូអេទេ ដោយសារអេឡិចត្រូនិករបស់លោកបានភ្ជាប់ប្រព័ន្ធឆ្លើយតបដោយស្វ័យប្រវត្តិ ថា លោកកំពុងឈប់សម្រាក ហើយលោកនឹងមកបំពេញការងារវិញ នៅពីរសប្តាហ៍ទៀត៕