ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់ការផ្សាយដែលមានរយៈពេល៧នាទីរបស់លោក កាលពីថ្ងៃសុក្រ ដែលបានប្រកាសពីការចាប់ផ្ដើមនៃការវាយប្រហារជាក់លាក់ទៅលើទីកន្លែងនានារបស់រដ្ឋាភិបាលស៊ីរី ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធគីមី មានសំឡេងផ្ទុះយ៉ាងខ្លាំងបានធ្វើឲ្យរង្គើរដ្ឋធានីដាម៉ាស (Damascus)។
ក្នុងចំណោមទីកន្លែងដែលបានវាយប្រហារក្នុងកិច្ចប្រតិបត្តិការសម្របសម្រួលគ្នាមួយដោយកងទ័ពសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស ភ្លាមៗមុនពេលការសូត្រធម៌ថ្ងៃរះ រួមមានមជ្ឈមណ្ឌលស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅខាងក្រៅរដ្ឋធានីនៃប្រទេសស៊ីរី ឃ្លាំងផ្ទុកអាវុធគីមីនៅជិតទីក្រុង Homs និងប៉ុស្តិ៍ទីបញ្ជាការនៅជិតនោះ នេះតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណ។
មានសេចក្ដីរាយការណ៍ដោយពួកសកម្មជននយោបាយផងដែរថា កងពលទី៤នៃរថពាសដែកសម្រាំងរបស់កងទ័ពស៊ីរី ដែលបានបង្កើតឡើងដោយ Maher al-Assadដែលជាប្អូនប្រុសរបស់ប្រធានាធិបតី Bashar al-Assad និងឆ្មាំការពារបដិវត្តន៍ ក៏ទទួលរងការវាយប្រហារនេះដែរ។ ក៏ប៉ុន្តែ គេនៅមិនទាន់ដឹងច្បាស់នៅឡើយ ថាតើកងពលរថពាសដែកនេះទទួលរងការវាយប្រហារដោយយន្តហោះ និងការបាញ់មីស៊ីលដោយការបញ្ជារ របស់បារាំងនិងចក្រភពអង់គ្លេស ឬដោយយោធាសហរដ្ឋអាមេរិក។
ការវាយប្រហារនេះ មានគោលបំណងបង្ហាញពីការដោះស្រាយរបស់ប្រទេសលោកខាងលិច នៅក្នុងការប្រឈមដែលលោកប្រធានាធិបតី ត្រាំ បានហៅថាជាការរំលោភច្បាប់អន្តរជាតិដោយប្រធានាធិបតី អាសាធ។ ការវាយប្រហារនេះមានលក្ខណៈធំជាងកាលពីឆ្នាំទៅ នៅពេលដែលសហរដ្ឋអាមេរិកបានបាញ់កាំជ្រួចមីស៊ីលចំនួន៥៨ទៅលើប្រទេសស៊ីរី នៅក្នុងការសងសឹកចំពោះការវាយប្រហារដែលគេសន្មតថា ជាអាវុធគីមីដោយកងទ័ពរដ្ឋាភិបាលទៅលើទីក្រុងដែលកាន់កាប់ដោយពួកឧទ្ទាមនៅក្នុងតំបន់ភាគខាងជើងប្រទេស៕