មន្ត្រីរដ្ឋាភិបាលកម្ពុជាថាកប៉ាលWesterdam ដែលគេបារម្ភថា មានដឹកអ្នកដំណើរដែលមានវីរុសកូរ៉ូណា (កូវីដ១៩) នឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុក្នុងរយៈពេលពីរថ្ងៃទៀត។
កប៉ាល Westerdam របស់ក្រុមហ៊ុនHolland America Line ដែលបានដឹកអ្នកដំណើរនិងក្រុមនាវិកចំនួនជាង ២០០០នាក់ ត្រូវបានកំពង់ផែនៅប្រទេសចំនួនប្រាំបដិសេធមិនឲ្យចូលចត ប៉ុន្តែត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅពេលនេះមាននៅសល់តែនាវិក និងបុគ្គលិកនាវាទេ ដែលនៅក្នុងនាវា Westerdam ហើយលោកបន្ថែមថា បើតាមក្រសួងសុខាភិបាលគឺពួកគេគ្មានវីរុសកូរ៉ូណាទេ បន្ទាប់ពីពិនិត្យច្បាស់លាស់អស់ហើយ។
លោកបញ្ជាក់តាមសារអេឡិចត្រូនិចថា៖ «តាមការបញ្ជាក់ពីកំពង់ផែស្វយ័ត នាវានេះត្រូវចេញដំណើរចាកចេញពីកម្ពុជានៅថ្ងៃស្អែក ប៉ុន្តែដោយសារនាវានេះ ត្រូវចាក់ប្រេងរហូតដល់៧០០តោន ដូច្នេះត្រូវចំណាយពេលយូររហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ទើបអាចចេញដំណើរបាន»។
មកទល់ពេលនេះ មន្ត្រីរដ្ឋាភិបាលបាននិយាយថា អ្នកដំណើរទាំងអស់ដែលមានចំនួន ១.៤៥៥ នាក់បានចាកចេញពីកប៉ាលអស់ទៅហើយនៅសល់តែ បុគ្គលិកដែលធ្វើការនៅលើកប៉ាលចំនួន ជាង៧០០នាក់ប៉ុណ្ណោះ។
លោក ឃាង ភារម្យ បានប្រាប់វីអូអេថា ភ្ញៀវទេសចរណ៍លើនាវានោះចេញអស់ពីខេត្តព្រះសីហនុទៅដល់ភ្នំពេញអស់ហើយ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងកិច្ចការបន្ត។
អាជ្ញាធរបានយកសំណាកពីមនុស្សជាង ១.២០០នាក់ទៅពិនិត្យ ក្រោយពីមានស្ត្រីអ្នកដំណើរជនជាតិអាមេរិកាំងអាយុ ៨៣ឆ្នាំម្នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាបន្ទាប់ពីចាកចេញពីកម្ពុជាទៅដល់ទីក្រុងគូឡាឡំពួរ។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់វីអូអេថា ការធ្វើតេស្តលើអ្នកដំណើរ និងក្រុមនាវិក និងបុគ្គលិក។
លោកបានបន្ថែមថា៖ «ឥឡូវដូច្នេះគាត់ភាគច្រើនអត់អីទេ គាត់ចង់មានដំណើរទៅណាស្រេចតែគាត់ អត់មានបញ្ហាអីទេ ដោយសារគាត់អត់មានជំងឺអីទេ»។
មន្ត្រីរដ្ឋាភិបាលថា អ្នកសេសសល់ជាង ១.០០០នាក់ បានធ្វើតេស្តពិនិត្យរកវីរុស COVID-19 ដោយមានលទ្ធផលអវិជ្ជមាន។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា៖ «គិតត្រឹមព្រឹកថ្ងៃនេះ៖ យើងនៅតែមិនទាន់រកឃើញវិជ្ជមានលើអ្នកទេសចរ និងអ្នកបម្រើកាងារលើនាវាទេសចរណ៍យក្ស Westerdam ដែលយើងបានធ្វើតេស្តឡើងវិញចំនួនជាង ១.២០០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រ»។
លោកបន្ថែមថា៖ «ទន្ទឹមគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានធ្វើតេស្តលើករណីសង្ស័យ ដែលជា...ជនជាតិខ្មែរយើង ជនជាតិបរទេសផ្សេងទៀត ដែលទើបត្រឡប់ពីប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត រយករណីហើយ ក៏មិនទាន់រកឃើញករណីវិជ្ជមាននៅឡើយដែរ ក្រៅតែជនជាតិចិន អាយុ៦០ឆ្នាំ មួយករណីដំបូង ដែលគាត់បានព្យាបាលជាសះស្បើយ»។
មកទល់ពេលនេះជំងឺកូវីដ១៩ ដែលមានប្រភពចេញពីក្រុងវូហានខេត្តហ៊ូប៉ី បានសម្លាប់មនុស្សជាង ២០០០ នាក់ហើយ បានឆ្លងដល់មនុស្សជាង ៧៦.០០០នាក់៕