ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសចំនួន២៨នឹងបញ្ជូនមេដឹកនាំរដ្ឋាភិបាលរបស់ខ្លួនទៅកាន់សន្និសីទអន្តរជាតិស្តីពីកម្មវិធីខ្សែក្រវ៉ាត់មួយនិងផ្លួវមួយឬ OBOR ដែលចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំធ្វើឡើងនៅខែក្រោយនៅក្នុងទីក្រុងប៉េកាំង។
ក្នុងចំណោមប្រទេសទាំងនោះ មានតែប្រទេស៦ប៉ុណ្ណោះនៃក្រុមប្រទេស G-20 ដែលមានសេដ្ឋកិច្ចជឿនលឿនមានឈ្មោះនៅក្នុងបញ្ជីនោះ ហើយប្រមុខរដ្ឋាភិបាលរបស់ប្រទេសអភិវឌ្ឍន៍ភាគច្រើននឹងមិនចូលរួមទេ។
ប្រទេសអ៊ីតាលី ជាប្រទេសលោកខាងលិចដ៏សំខាន់តែមួយគត់ដែលបញ្ជូនប្រមុខរដ្ឋា ភិបាលរបស់ខ្លួនទៅចូលរួមសន្និសីទស្តីពីផែនការអភិវឌ្ឍន៍នេះ ខណៈចិនខិតខំផ្តល់តួនាទីជាលក្ខណៈអន្តរជាតិដល់ប្រទេសនេះក៏ដោយ។
បុគ្គលមានឥទ្ធិពល៤នាក់ផ្សេងទៀត នឹងចូលរួមសន្និសីទនោះដែរក្នុងកម្រិតខ្ពស់បំផុត។ បុគ្គលទាំងនោះមាន ប្រធានាធិបតីរុស្ស៊ី Vladimir Putin នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលី Paolo Gentiloni លោកស្រី Christine Lagarde នាយកមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រធានាធិបតីចិន ស៊ី ជីងពីង ដែលនឹងសម្ពោធបើកសន្និសីទនេះ។
នៅពេលសួរ ថាតើពិភពលោកខាងលិចមិនបានបង្ហាញនូវការចាប់អារម្មណ៍ច្រើនទេ ពីព្រោះតែគេមានមន្ទិលសង្ស័យអំពីប្រទេសចិននោះ Wang Yi រដ្ឋមន្រ្តីការបរទេសចិន បានឆ្លើយតបថា៖ «នេះជាកិច្ចផ្តួចផ្តើមខាងសេដ្ឋកិច្ច ហើយសន្និសីទនេះពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដូច្នេះ យើងមិនចង់ធ្វើឲ្យសន្និសីទនេះទៅជារឿងនយោបាយទេ»។
រដ្ឋមន្រ្តីការបរទេសរូបនេះនិយាយទៀតថា ប្រទេសបារាំងនិងអាល្លឺម៉ង់ មានការបោះឆ្នោតដ៏សំខាន់មួយនៅពេលសន្និសីទខ្សែក្រវ៉ាត់មួយនិងផ្លូវមួយនេះ ត្រូវធ្វើឡើងពីថ្ងៃទី១៤ ដល់ទី១៥ ខែឧសភា។ ក៏ប៉ុន្តែ ប្រទេសទាំង២ បានយល់ព្រមថា នឹងបញ្ជូនពួកមន្រ្តីជាន់ខ្ពស់ឲ្យចូលរួមសន្និសីទនោះដែរ៕