ប្រទេសចិនកំពុងរូតរះដើម្បីបញ្ចប់កិច្ចព្រមព្រៀងសាងសង់ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅមុនសន្និសីទអន្តរជាតិសម្រាប់គម្រោងខ្សែក្រវ់ាត់មួយ ផ្លូវមួយ ឬ OBOR នៅខែក្រោយ។
កិច្ចព្រមព្រៀងជាមួយប្រទេសជាច្រើនមានគោលបំណងបង្កើតរូបភាពជោគជ័យរបស់គម្រោងនោះដែលក្លាយជាគម្រោងការដ៏សំខាន់មួយរបស់រដ្ឋបាលប្រធានាធិបតីចិន ស៊ី ជីងពីង។
ប្រមុខរដ្ឋរបស់ប្រទេសយ៉ាងហោចណាស់ក៏២០ដែរ ត្រូវគេរំពឹងថានឹងចូលរួមសន្និសីទ OBOR នៅពាក់កណ្តាលខែឧសភា ដែលជាព្រឹត្តិការណ៍ការទូតដ៏ធំបំផុតមួយនៅលើប្រក្រតីទិនខាងនយោបាយរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅឆ្នាំនេះ។
ចាប់តាំងពីខែមីនា ពួករដ្ឋមន្រ្តីចិនបានធ្វើដំណើរតាមយន្តហោះជុំវិញសាកលលោកដើម្បីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់សំខាន់ៗ។ កិច្ចសន្យាទាំងនោះរួមមានកិច្ចព្រមព្រៀងវិនិយោគទុនដែលមានទឹកប្រាក់៦៥ពាន់លានដុល្លារ ជាមួយប្រទេសអារ៉ាប់ប៊ីសាអូឌីត កិច្ចព្រមព្រៀងដែលមានទឹកប្រាក់៤,៥ ពាន់លានដុល្លារសម្រាប់ស្ថាបនាផ្លូវរទេះភ្លើងលឿនពីរដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុង Bandung នៃប្រទេសឥណ្ឌូនេស៊ី ហើយនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់ ៣,៨ ពាន់លានដុល្លារនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសអូស្រ្តាលី។
ចិនក៏បានធ្វើកិច្ចព្រមព្រៀងរោងចក្រចម្រាញ់ជីវសាស្រ្តដែលមានតម្លៃ៨៥០លានដុល្លារជាមួយប្រទេសហ្វាំងឡង់នៅពេលដែលប្រធានាធិបតីចិន ស៊ី ជីងពីង ទៅបំពេញទស្សនកិច្ចប្រទេសនោះនៅដើមខែនេះ។
គោលបំណងនៃគម្រោង OBOR គឺបើកចំហរនិងពង្រីកផ្លូវពាណិជ្ជកម្មផ្លូវសូត្រចាស់កាត់តាមតំបន់អាស៊ីកណ្តាល ហើយនិងបន្តទៅតំបន់អឺរ៉ុប និងការភ្ជាប់ផ្លូវនាវាចរណ៍តំបន់អាស៊ីអាគ្នេយ៍កាត់តាមច្រកសមុទ្រម៉ាឡាកា និងជុំវិញប្រទេសឥណ្ឌាទៅដល់តំបន់មជ្ឈិមបូព៌ា៕