លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ និងពួកមេដឹកនាំសភាស.រ.អា.មានកំណត់នឹងជួបជំនុំគ្នានៅព្រឹកថ្ងៃសុក្រនេះតាមវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅឯសេតវិមានដើម្បីពិភាក្សាគ្នាអំពីធ្វើបែបណាដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលសហព័ន្ធដែលបានចូលក្នុងសប្តាហ៍ទីបីហើយនោះ។
ជំនួបនេះមានឡើងមួយថ្ងៃក្រោយពីក្រុមថ្មីមួយនៃពួកសមាជិកសភាបានស្បថសច្ចាប្រណិធានចូលកាន់តំណែងនៅក្នុងអ្វីដែលនៅពេលនេះជាសភាតំណាងរាស្ត្រអាមេរិកាំងដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សភាតំណាងរាស្ត្រអាមេរិកាំងបានអនុម័តផែនការមួយដើម្បីបើករដ្ឋាភិបាលសហព័ន្ធជាថ្មីឡើងវិញ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏វិធានការនេះមិនរួមបញ្ចូលប្រាក់៥ពាន់លានដុល្លារដែលលោកប្រធានាធិបតីបានទាមទារសម្រាប់ស្ថាបនាជញ្ជាំងមួយនៅតាមបណ្តោយព្រំដែនរវាងស.រ.អា.និងប្រទេសម៉ិចស៊ិកទេ។
នៅក្រោយលោកស្រីបានស្បថចូលកាន់តំណែងជាប្រធានសភាតំណាងរាស្ត្រអាមេរិកាំងកាលពីថ្ងៃព្រហស្បតិ៍មក លោកស្រី Nancy Pelosi ដែលជាសមាជិកានៃគណបក្សប្រជាធិបតេយ្យបានមានប្រសាសន៍ថា «យើងមិនកសាងជញ្ជាំងព្រំដែនទេ»។ លោកស្រីបានស្នើថាទឹកប្រាក់នេះអាចត្រូវប្រើប្រាស់បានល្អប្រសើរជាងមុនសម្រាប់បច្ចេកវិជ្ជាសន្តិសុខព្រំដែននិងជួលពួកភ្នាក់ងារព្រំដែនថែមទៀត។
លោក Mitch McConnell មេដឹកនាំពួកសាធារណរដ្ឋក្នុងព្រឹទ្ធសភាស.រ.អា.បានហៅផែនការរបស់សភាតំណាងរាស្ត្រអាមេរិកាំងដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលសហព័ន្ធថាជា «ល្ខោននយោបាយ"»ណាជាព្រឹទ្ធសភាដឹកនាំដោយពួកសាធារណរដ្ឋបានអនុម័តសេចក្តីព្រាងច្បាប់ស្រដៀងគ្នាមួយកាលពីខែមុនក៏ដោយ៕