ប្រធានា​ធិបតី​ត្រាំ​ថ្លែង​បន្ទាប់​ពី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ថា ​យើង​នឹង​ធ្វើ​ឲ្យ​កូរ៉េខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានា​ធិបតីអាមេរិក​ដូណាល់ ​ត្រាំ​និង​មេដឹក​នាំ​កូ​រ៉េ​ខាង​ជើង គីម ​ជុង​អ៊ុន​បាន​បញ្ចប់នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​មានការ​សន្យាពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថា «នឹង​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ​នៅ​លើឧប​ទ្វីប​កូរ៉េទាំង​ស្រុង»​ ​និងសេចក្តី​ប្រកាស​មិន​រំពឹង​ទុក​មួយ​ថា ​សហរដ្ឋ​អា​មេ​រិក​នឹង​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​កូរ៉េខាង​ត្បូង។

​ការតាំង​ចិត្ត​របស់​គីម ​ជុង​អ៊ុន​ដើម្បី​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ​រួម​មាន​នៅ​ក្នុងឯក​សារ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​បន្ទាប់​ពី​ជំនួប​លើក​ទី​មួយ​រវាង​ប្រធានា​ធិបតី​កំពុង​កាន់​អំណាច​របស់​សហរដ្ឋ​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាង​ជើង។ ឯកសារ​នោះ​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​២​ធ្វើ​ការ​រួម​គ្នា​ស្តី​ពីការ​ខំ​ប្រឹងប្រែង​ដើម្បី​ស្ថាបនា​សន្តិភាព​យូរអង្វែង​នៅ​លើ​ឧទ្វីបកូរ៉េ ដើម្បី​បង្កើត​ទំនាក់​ទំនង​ថ្មី​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង​ហើយ​នឹង​ដើម្បី​ស្វែរក​អធ្ឋិធាតុ​អ្នកទោស​សង្គ្រាម​និង​សមាជិក​យោធា​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម។​ ភាគីទាំង​២​បាន​សន្យា​បន្ត​ការ​ចរចា​ទៀត។

ខណៈ​ដែលឯកសារ​មិន​ទាន់លាតត្រដាង​ពី​ចំណុច​សំខាន់ៗ​ចំពោះ​ការ​ធ្វើ​មិន​ឲ្យ​មានអាវុធ​នុយក្លេអ៊ែរ​នោះ ​លោក​ប្រ​ធានា​ធិបតី​ត្រាំ​បាន​និយាយ​នៅ​សន្និសីទ​កាសែត​ថា ​«យើង​នឹងចាប់​ផ្តើម​ដំណើរការ​នោះ​ឲ្យ​បាន​ឆាប់​រហ័ស»។

លោក​ត្រាំ​ក៏បាន​ប្រាប់​លោកស្រី Greta Van Susteren អ្នក​រាយការណ៍​ឲ្យ VOA ថា កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​បោះ​ទីតាំង​នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូងនឹង​ស្ថិត​នៅ​ទី​នោះ​ដដែល ​ក៏ប៉ុន្តែ ​បាន​ប្រកាស​ពី​សម្បទាន​ដែល​កូរ៉េ​ខាង​ជើង​ស្វះស្វែង​រកជាយូរយារ​ណាស់​មក​ហើយ​ ប៉ុន្តែ​សម្បទាន​នោះ​មិន​បាន​បញ្ចូល​នៅ​ក្នុង​ឯកសារ​ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ព្រឹកថ្ងៃ​អង្គារ។​ លោក​ប្រធានា​ធិបតី​ត្រាំ​និយាយថា «យើង​នឹង​ធ្វើ​ប្រទេស​កូរ៉េខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ»៕