អង្គការសហប្រជាជាតិបានរាយការណ៍ពីការវិវត្តនៃវិធីសាស្ត្រព្យាបាលជំងឺអេដស៍ដែលបង្កឡើងដោយមេរោគHIV ដ៏គួរឲ្យកត់សម្គាល់។ នៅក្នុងរបាយការណ៍ចុងក្រោយ ដែលបានចេញផ្សាយនៅមុនថ្ងៃប្រារព្ធទិវាជំងឺអេដស៍ពិភពលោក អង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ UNAIDS បានឲ្យដឹងថា ការវិវត្តនៃវិធីសាស្ត្រព្យាបាលបានកើនឡើងគួរឲ្យកត់សម្គាល់។ តាមរយៈរបាយការណ៍នេះបានឲ្យដឹងថា ជំងឺផ្ទុកមេរោគ HIV ចំនួន២១លាននាក់កំពុងទទួលការព្យាបាល។ នេះគឺជាចំនួនជាងពាក់កណ្តាលនៃចំនួនអ្នកផ្ទុកមេរោគ HIVទាំងអស់នៅក្នុងពិភពលោកនេះ។ អង្គការសហប្រជាជាតិមានបំណងបញ្ចប់ការរីករាលដាលនៃជំងឺនេះឲ្យបានត្រឹមឆ្នាំ២០៣០។
លោកវេជ្ជបណ្ឌិត Anthony Fauci បានធ្វើការងារដើម្បីបញ្ចប់ការរីករាលដាលជំងឺអេដស៍ចាប់តាំងពីទសវត្សរ៍១៩៨០មក គឺនៅពេលដែលមេរោគ HIV ត្រូវបានគេសន្មត់ថា ជាអ្នកសម្លាប់មនុស្សយ៉ាងសាហាវនោះ។ ឥឡូវនេះអ្នកជំងឺផ្ទុកមេរោគ HIV អាចរស់នៅបានយូរដូចមនុស្សធម្មតា ប្រសិនបើពួកគេទទួលបានការព្យាបាលនោះ។ លោក Fauci គឺជាវេជ្ជបណ្ឌិតមួយរូបដែលត្រូវបានគេទទួលស្គាល់នៅក្នុងពិភពលោក គឺជាប្រធានវិទ្យាស្ថានជាតិប្រឆាំងនឹងជំងឺអាឡែរហ្ស៊ី (Allergy) និងជំងឺឆ្លងនៃវិទ្យាស្ថានជាតិសម្រាប់សុខភាពសហរដ្ឋអាមេរិក។ លោកបានថ្លែងថា ឥឡូវនេះយើងមានវិធីសាស្ត្រដើម្បីបញ្ចប់ជំងឺអេដស៍ហើយ៕