ធនាគារ​ពិភពលោក៖​ សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​៧,១%​ ​តែ​មាន​ហានិភ័យ​ខ្ពស់​ក្រោយ​ការ​បាត់​បង់​​ EBA​

ទិដ្ឋភាព​នៃ​ការលូតលាស់​ផ្នែក​សំណង់​ក្នុង​ក្រុងភ្នំពេញ​ ប្រទេសកម្ពុជា ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០១៧។​ (រ៉ាវី សុភារ័ត្ន/VOA)

​អ្នក​នាំ​ចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​​ក៏​បាន​បង្ហាញ​ការ​បារម្ភ​របស់​ខ្លួន​ថា​​ ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​​អាច​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យូរ​អង្វែង​មក​លើ​ឧស្សាហកម្ម​កាត់ដេរ​ដែល​កំពុង​ផ្តល់​ការងារ​ដល់​ប្រជា​រាស្ត្រ​ខ្មែរ​យ៉ាង​ហោច​​ណាស់​​៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។​​

ធនាគារ​ពិភព​លោក​នៅ​សប្តាហ៍​នេះ​ បាន​ព្យាករណ៍​ថា​ សន្ទុះ​សេដ្ឋ​កិច្ច​កម្ពុជា​ ​នឹង​នៅ​តែ​បន្ត​កើន​ឡើង​ដល់​៧,១ភាគ​រយក្នុង​ឆ្នាំ​២០១៨​នេះ​ ​ទោះបី​ជា​សេដ្ឋ​កិច្ច​ពិភព​លោក​មាន​បញ្ហា​ប្រឈម​ក៏​ដោយ។​ ​តែ​ធនាគារ​នេះ​ក៏​បាន​ព្រមាន​កម្ពុជា​ផង​ដែរ​ ​ពី​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ ​នៅ​ពេល​មានការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធលើ​ការ​នាំចេញ​ទំនិញ​របស់​ខ្លួនទៅកាន់​ទីផ្សារ​សំខាន់ៗ​ ក្នុង​នោះ​មានសហភាព​អឺរ៉ុប។​

ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភព​លោក​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ ​នឹង​នៅតែ​បន្ត​បន្ថយ​ល្បឿន​ និង​មាន​ហានិភ័យ​កើន​ឡើង​នោះ​ ​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេព្យាករណ៍​ថា​ ​នឹង​កើន​ឡើង​បន្តិច​បន្តួច​ ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ​ ​គឺ​កើន​ឡើង​ដល់​៧,១ភាគ​រយ​ នៅ​ក្នុង​ឆ្នាំ​២០១៨​ ​ដែល​កំណើន​នេះនាំមុខ​ដោយ​ការ​ប្រើ​ប្រាស់​ទំនិញ​ក្នុង​ស្រុក​ និង​ការ​នាំ​ចេញ។​

ធនាគារ​ពិភព​លោក​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហ​រដ្ឋ​អាមេរិក​ ​បាន​លើក​ឡើង​ថា​ ​បន្ទាប់​ពី​មាន​ការ​ងើប​ឡើង​វិញ​បន្តិច​ម្តងៗនៃ​សេដ្ឋកិច្ច​នៅ​ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០១៧​មក​នោះ​ ​ការ​នាំចេញ​របស់​កម្ពុជាបាន​កើន​ឡើង​យ៉ាង​រហ័ស​ ដោយ​មួយ​ភាគ​ធំគឺ​តម្រូវ​ការ​ដ៏​ច្រើន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។​

ក៏​ប៉ុន្តែកម្ពុជា​នឹង​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​ ក្នុង​ពេល​កំណើន​សេដ្ឋកិច្ច​នៅ​ត្រូវ​បាន​គេមើល​ឃើញ​ថា​ បន្ត​មាន​ភាព​រឹងប៉ឹង។

ធនាគារ​ពិភពលោក​បាន​សរសេរ​ក្នុង​សេចក្តី​ប្រកាស​ខ្លួន​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ​តាម​ន័យ​ដើម​ថា៖​

«ហានិភ័យ​នានា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បន្ត​កើន​ឡើង​ វា​នឹង​ពាក់​ព័ន្ធ​ច្រើន​ទៅលើ​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ។​ ​ហានិភ័យ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ រួមមាន​សក្ដានុពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចេញ​សម្រាប់​កម្ពុជា​ ​និង​ផល​ប៉ះពាល់​ដែល​មិន​អាច​ព្យាករណ៍​ទុក​បាន​ដែល​កើត​ចេញ​ពី​ជម្លោះ​ពាណិជ្ជ​កម្ម​រវាង​សហ​រដ្ឋ​អាមេរិក​ ​និង​ប្រទេស​ចិន»។

ការ​ថ្លែង​បញ្ជាក់​ជាថ្មី​របស់​ធនាគារ​ពិភពលោក​អំពី​ហានិភ័យ​ដែល​អាច​កើត​ចេញ​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​នេះកើត​មាន​ឡើង​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​ដែល​កាលពី​ដើម​ខែតុលា​ បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​នឹង​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​ឋានៈ​អនុគ្រោះ​ពន្ធត្រូវ​បាន​ផ្តល់​ជូន​កម្ពុជា​តាម​កម្មវិធី​ពាណិជ្ជ​កម្ម​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​សព្វាវុធ​ ​ឬ​ ​EBA»។​

មាន​ប្រតិកម្ម​ជា​ច្រើន​ពី​ថៅកែ​រោងចក្រ​ និង​អ្នក​ការពារ​សិទ្ធិ​កម្មករ។ ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាហៅ​កាត់​ថា​ ​GMAC​ បាន​ទទូច​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា​ដែល​ពួក​គេ​អះអាងថា ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យូរ​អង្វែង​មក​លើ​ឧស្សាហ​កម្ម​កាត់ដេរ​ដែល​កំពុង​ផ្តល់​ការងារ​ដល់​ប្រជា​រាស្ត្រ​ខ្មែរ​យ៉ាង​ហោច​ណាស់​៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។​

របាយ​ការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ខែ​វិច្ឆិកាបាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ កម្ពុជា​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ក្នុង​តំបន់​អាស៊ី​បូព៌ា​ ដែល​គេ​រំពឹង​ថា​ នឹង​មាន​កំណើន​សេដ្ឋកិច្ច​តិចតួច។

ធនាគារ​ពិភព​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​ ស្រប​ពេល​ដែល​ទស្សនវិស័យ​វែង​ឆ្ងាយ​នៅតែ​មាន​ភាពវិជ្ជមាន​ កម្ពុជាចំាបាច់​ត្រូវ​អភិវឌ្ឍ​លើ​ធន​ធាន​រូបវ័ន្ត​ និង​ធន​ធាន​មនុស្ស​របស់​ខ្លួន​ ​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន​ក្នុង​រយៈ​ពេល​វែង។​

អ្នក​ស្រី​ ​អ៊ីង ហ្គូណា​ ​ដូប្រាចា​ (Inguna Dobraja) ​ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​ ​ត្រូវ​បាន​ស្រង់ប្រសាសន៍​តាម​ន័យ​ដើម​ថា៖

«ដើម្បីសម្រេច​បាន​គោល​បំណង​របស់​ខ្លួន​ក្នុង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​ប្រទេសដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​កម្រិត​មធ្យម​ កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការ​វិនិយោគ​របស់​ខ្លួនលើ​ផ្នែក​ធនធាន​មនុស្ស​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ធ្វើ​កំណែ​ទម្រង់​នានា​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ និង​ប្រកប​ដោយ​ចិរភាព។​ ​ការ​កៀរ​គរ​ប្រាក់​សន្សំ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើនដើម្បី​យក​ទៅ​បង្កើន​ការ​វិនិយោគគឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ឈាន​ទៅដល់​គោលដៅ​ដូចដែល​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អ​ជាង​គេ​នៅ​អាស៊ី​ សម្រេច​បាន​នោះ»។​

លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​ ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​កើន​ឡើង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ខ្មែរ​ បាន​ឈាន​ដល់​កម្រិត​មួយ​ ដែល​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ​ទេ។​ យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​នៅតែ​បន្ត​ពិភាក្សា​ជាមួយ​សហគមន៍​អឺរ៉ុបនៅ​ឡើយ​ ទាក់​ទិន​ឋានៈ​អនុ​គ្រោះ​ពន្ធនេះ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ជា​ដុំ​កំភួន​ណា​នៅ​ឡើយ​ទេ។​

«រាជ​រដ្ឋាភិបាល​នៅតែ​មាន​បំណងជជែក​គ្នា​នៅ​ក្នុង​សាច់​រឿង​ហ្នឹង ហើយ​ប្រព័ន្ធ​ EBA​ ហ្នឹង​ វា​មាន​ច្រើន​កញ្ចប់​ណាស់​ ដូច្នេះ​ឥឡូវ​នេះ យើង​អត់​មាន​លទ្ធផល​អ្វី​ដែល​ជម្រាប​ជូន​បាន»។​

របាយ​ការណ៍​ដដែល​របស់​ធនាគារ​ពិភព​លោក​ស្តី​ពី​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ ក៏​បាន​ស្នើ​សុំ​ឲ្យ​ត​ភ្ជាប់​ភាព​ខ្វះខាត​នៃ​ហេដ្ឋារចនា​សម្ត័ន្ធ​ដើម្បី​ស្រូប​យក​វិនិយោគ​ទុន​ផ្ទាល់​ពី​បរទេស​លើ​ផ្នែក​ផលិត​កម្ម​ ​និង​ការ​កែច្នៃ​កសិកម្ម​ដែល​កំពុង​តែ​កើន​ឡើង​ ព្រម​ទាំង​ការ​កែ​លម្អ​ជា​បន្តបន្ទាប់​លើ​បរិយាកាស​អាជីវកម្ម៕