កាលពីថ្ងៃព្រហស្បតិ៍ ស្ថាប័នឃ្លាំមើលមួយបានចោទប្រកាន់អ្នកស្រី Ivanka Trump ដែលជាកូនស្រីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងជាទីប្រឹក្សាម្នាក់របស់លោកនោះ ថាបានប្រើប្រាស់គណនី Twitter របស់អ្នកស្រីដើម្បីធ្វើអត្ថាធិប្បាយសម្រាប់រដ្ឋាភិបាលនិងនយោបាយ ដែលនេះបំពានដល់ច្បាប់សហព័ន្ធរបស់អាមេរិក។
ស្ថាប័នពលរដ្ឋសម្រាប់ទំនួលខុសត្រូវនិងជាតិពន្ធុក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានឲ្យដឹងថា ក្នុងរយៈពេលដែលលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីអាមេរិកបានរយៈពេល២ឆ្នាំកន្លះកន្លងមកនេះ កូនស្រីរបស់លោកដែលមានអាយុ៣៧ឆ្នាំបានប្រើប្រាស់គណនី Twitter ផ្ទាល់ខ្លួន ដើម្បីចែករំលែកសារអំពីការងារផ្លូវការរបស់រដ្ឋាភិបាល។
ប៉ុន្តែស្ថាប័ននេះបានឲ្យដឹងថា ចាប់តាំងពីខែ មីនា ឆ្នាំ ២០១៨ មក អ្នកស្រី Ivanka Trump ក៏បានបង្ហោះសារនយោបាយមួយចំនួន ដោយរួមទាំងសារក្នុងសប្តាហ៍នេះដែលលើកទឹកចិត្តឲ្យមានការប្រមូលគ្នាដើម្បីគាំទ្រដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ឪពុកអ្នកស្រីសម្រាប់ប្រជែងយកតំណែងប្រធានាធិបតីជាថ្មីម្ដងទៀតនៅក្នុងបោះឆ្នោតឆ្នាំ២០២០ខាងមុខនេះ។
ស្ថាប័ននេះបានអំពាវនាវដល់ការិយាល័យប្រឹក្សាពិសេសឲ្យស៊ើបអង្កេតលើករណីនេះ។ នេះគឺជាស្ថាប័នរដ្ឋាភិបាលតែមួយ ដែលផ្ដល់អនុសាសន៍កាលពីសប្ដាហ៍មុនឲ្យដកតំណែងទីប្រឹក្សាម្នាក់ទៀតរបស់លោក ត្រាំ គឺអ្នកស្រី Kellyanne Conway បន្ទាប់ពីអ្នកស្រីបង្ហោះសារបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិតនិងផ្ដល់បទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ពីទីវាលនៅក្នុងសេតវិមាន ដោយនិយាយវាយប្រហារទៅលើបេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជែងនឹងលោក ត្រាំ នៅឆ្នាំ២០២០។
លោក ត្រាំ បានច្រានចោលសំណើនេះ ហើយអ្នកស្រី Conway នៅតែកាន់តំណែងជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកដដែល៕