មនុស្សជាច្រើននាក់ក្នុងទីក្រុងវ៉ាស៊ីនតោននិងញូវយ៉ក បានចេញតវ៉ាពាសពេញផ្លូវកាលពីថ្ងៃទី២៨ ខែសីហា ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិនិងបណ្តាប្រទេសនៅជុំវិញពិភពលោកឲ្យថ្កោលទោសកាន់តែខ្លាំងចំពោះអំពើហិង្សាប្រឆាំងនឹងជនជាតិអ៊ុយហ្គ័រ និងចាត់ទុកគោលនយោបាយចិននៅតំបន់ភាគពាយព្យនៃខេត្តស៊ីនជាំងថាជាអំពើប្រល័យពូជសាសន៍។
បាតុកម្មនានាបានកើតឡើងនៅពេលដែលសមាជិកក្រុមសាសនាជនជាតិភាគតិចប្រារព្ធខួបបួនឆ្នាំចាប់តាំងពីប្រទេសចិនបានពង្រឹងយុទ្ធនាការរបស់ខ្លួនក្នុងតំបន់ Xinjiang និងអំឡុងពេលមានរាយការណ៍ថារដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាអំពើប្រល័យពូជសាសន៍។
លោក Salih Hudayar ស្ថាបនិករបស់អង្គការអ៊ុយហ្គ័រដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនឈ្មោះថា ចលនាភ្ញាក់រលឹកជាតិតួកគីខាងកើត (East Turkistan National Awakening Movement) បានប្រាប់វីអូអេថា៖ «ថ្ងៃទី២៩សីហា ជាខួបបួនឆ្នាំនៃការផ្លាស់លោក Chen Quanguo ពីទីបេ ទៅតួកគីខាងកើត ដែលលោកគឺជាមេដឹកនាំគណបក្សកុម្មុនីស្តចិននៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ ហៅកាត់ថា CCP និងជាមេក្លោងពីក្រោយនៃការសាងសង់ជំរំឃុំខ្លួន ពន្ធនាគារ ពលកម្មដោយបង្ខំទៅលើជនជាតិអ៊ុយហ្គ័រនិងការបំពាក់បច្ចេកវិទ្យាឃ្លាំមើលទំនើប និងរដ្ឋដែលប្រើអំណាចប៉ូលិសគ្រប់គ្រងផ្តាច់ការដូចដែលយើងស្គាល់បច្ចុប្បន្ន»។
ចាប់តាំងពីចុងឆ្នាំ២០១៦ នៅពេលដែលលោក Chen Quanguo ត្រូវបានតែងតាំងជារដ្ឋលេខាធិការបក្សកុម្មុនីស្តចិនប្រចាំតំបន់ស៊ីនជាំង អ្នកអង្កេតការបានប៉ាន់ប្រមាណថាជនជាតិអ៊ុយហ្គ័រជាងមួយលាននាក់ត្រូវបានឃុំខ្លួនក្នុងជំរំប្រមូលផ្តុំខណៈពួកគេរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានបង្ខំឲ្យធ្វើការនៅរោងចក្រជុំវិញប្រទេសចិន។ក្រុមសិទ្ធិមនុស្សអ៊ុយហ្គ័រ(Uyghur Human Rights Project) គឺជាអង្គការសិទ្ធិមនុស្សមួយក្នុងចំណោមក្រុមឃ្លាំមើលសិទ្ធិមនុស្សមួយចំនួនក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាបានបង្ខំស្ត្រីជនជាតិអ៊ុយហ្គ័រឲ្យរំលូតកូននិងបង្ខំឲ្យក្រៀវ។
លោក Hudayarដែលបានរៀបចំការប្រមូលផ្តុំនៅខាងមុខក្រសួងការបរទេសអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងនៅឯទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កបាននិយាយថា៖ «យើងចង់ឲ្យទាំងរដ្ឋាភិបាលអាមេរិកនិងអង្គការសហប្រជាជាតិចាត់ទុកអំពើឃោរឃៅនេះថាជាអំពើប្រល័យពូជសាសន៍និងអំពាវនាវឲ្យសហគមន៍អន្តរជាតិនិងរដ្ឋាភិបាលនៃប្រទេសនានាឈប់នៅស្ងៀមហើយងើបឈរឡើងប្រឆាំងនឹងចិន»។
កាលពីខែកក្កដា សហរដ្ឋអាមេរិកបានដាក់លោក Chen ក្នុងបញ្ជីខ្មៅពីបទ«រំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ» ប្រឆាំងនឹងជនជាតិភាគតិចឥស្លាមតួកគីក្នុងតំបន់ស៊ីនជាំង។
ប្រទេសចិនបានបដិសេធចំពោះការចោទប្រកាន់ពីការឃុំខ្លួនជនជាតិអ៊ុយហ្គ័រដ៍ច្រើនក្នុងជំរំឃុំឃាំងប៉ុន្តែបន្ទាប់មកបាននិយាយថាអគារទាំងនោះគឺជាមណ្ឌលអប់រំឡើងវិញដែលមានគោលដៅបណ្តុះបណ្តាលមនុស្សដែលរង«គ្រោះដោយភាពជ្រុលនិយមសាសនា»។ កាលពីខែធ្នូមន្ត្រីជាន់ខ្ពស់ស៊ីនជាំងបានអះអាងថាអ្នកជាប់ឃុំទាំងអស់«បានបញ្ចប់ការសិក្សា»ពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ»។
លោក Chenបានអះអាងពីសុចរិតភាពនៃគោលនយោបាយរដ្ឋាភិបាលខ្លួននៅតំបន់ស៊ីនជាំងថាជាវិធីសាស្ត្រក្នុងការធ្វើឲ្យមានស្ថេរភាព ដោយហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងលោកថាជា«ការវាយប្រហារដ៏អាក្រក់និងគួរស្អប់ខ្ពើម»។
សារព័ត៌មានចិនស៊ីនហួរ បានដកស្រង់សម្តីរបស់លោក Chen កាលពីថ្ងៃទី២១ កក្កដា ថា៖ «គ្មានកងកម្លាំងណាអាចលូកដៃឬបញ្ឈប់ស្ថេរភាព ការអភិវឌ្ឍន៍និងភាពចម្រុងចម្រើនរបស់ស៊ីនជាំងនិងសាមគ្គីភាពរបស់ប្រជាជនក្រុមជនជាតិភាគតិចក្នុងតំបន់បានទេ។ ខ្ញុំមានភាគជឿជាក់យ៉ាងពេញទំហឹងលើអនាគតដ៏ភ្លឺចិញ្ចាចរបស់ស៊ីនជាំង»។
សមាជិកជនជាតិអ៊ុយហ្គ័ររស់នៅក្រៅប្រទេស ដែលតវ៉ានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងទិក្រុងញ៉ូវយ៉កកាលពីថ្ងៃពេលថ្មីៗនេះបានប្រាប់វីអូអេថា ពួកគេនៅតែគ្មានវិធីក្នុងការទាក់ទងសមាជិកគ្រួសាររបស់ពួកគេដែលជាប់នៅស៊ីនជាំងដោយសារអាជ្ញាធរបានកាត់ផ្តាច់ទំនាក់ទំនងរបស់តំបន់នេះជាមួយនឹងពិភពខាងក្រៅ។ បាតុករជាច្រើនបានលើករូបភាពសាច់ញាតិរបស់ខ្លួនដែលពួកគេបាននិយាយថាត្រូវបាននាំយកទៅជំរំឃុំឃាំង និងបានស្រែកបន្ទរពាក្យស្លោកដែលសរសេរថា«ប្រទេសចិនបញ្ឈប់អំពើប្រល័យពូជសាសន៍លើជនជាតិអ៊ុយហ្គ័រ» និង«ឯករាជ្យភាពសម្រាប់ជនជាតិតួកគីខាងកើត»។
ជនជាតិអ៊ុយហ្គ័រជាច្រើនបានហៅទឹកដីបុព្វបុរសខ្លួនថាជាតួកគីខាងកើត ជាឈ្មោះជំនួសឲ្យតំបន់ស្វ័យតអ៊ុយហ្គ័រស៊ីនជាំងបច្ចុប្បន្នដែលមានទីក្រុង Urumqi ជារដ្ឋធានី។
អង្គការសហប្រជាជាតិបានចាត់ទុករាល់ទង្វើណាដែលមាន«ចេតនាបំផ្លាញទាំងស្រុងឬដោយផ្នែកទៅលើជាតិសាសន៍ ក្រុមជនជាតិភាគតិច ពូជសាសន៍ឬក្រុមសាសនាណាមួយ» គឺជាអំពើប្រល័យពូជសាសន៍។ នេះបើយោងតាមតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ
ប្រែសម្រួលដោយ ទុំ ម្លិះ