​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​រូបស្នើIRSឲ្យ​ផ្សព្វ​ផ្សាយ​​ឯកសារ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល​របស់​មន្ត្រី​កំពូលៗ

​សមាជិក​ព្រឹទ្ធសភា លោក​ស្រី Elizabeth Warren ថ្លែង​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​ប្រឆាំង​នឹង​ការ​បំបែក​ក្រុម​គ្រួសារ កាល​ពី​ខែ​មិថុនា ២០១៨។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោកស្រី ​Elizabeth Warren ​បាន​ស្នើ​ឲ្យ​មាន​កំណែ​ទម្រង់​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល ​ដោយ​ដាក់​កំហិត​ថ្មី​លើ​ការ​បញ្ចុះ​បញ្ចូល​គោល​នយោបាយ​ បង្កើត​ច្បាប់​គ្រប់​គ្រង​លើ​ការ​ទុក​ដាក់​ និង​បង្ហាញ​នូវ​ហិរញ្ញវត្ថុ​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​បង្កើត​នូវ​វិធានការ​តម្លាភាព​នានា​ដើម្បី​ជូន​ដំណឹង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ដល់​សាធារណជន​អំពី​ថា​តើ​គោល​នយោបាយ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច។

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ ​Massachusetts រូប​នេះ​បាន​និយាយ​ថា ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​ដោះស្រាយ​អ្វី​ដែល​លោក​ស្រី​ហៅ​ថា​ជា​ «ផ្នែក​អាក្រក់​បំផុត​នៃ​វិធី​ដែល​ទឹក​លុយ​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ពេល​បច្ចុប្បន្ន​នេះ‍»។ ​លោក​ស្រី​បាន​បញ្ជាក់​ដូច្នេះ​នៅ​ពេល​ដែល​លោក​ស្រី​ពិភាក្សា​អំពី​សំណើ​ច្បាប់​កំណែ​ទម្រង់​នេះ​របស់​លោក​ស្រី​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ឯ​ក្លឹប​សារព័ត៌មាន​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្នុង​ចំណោម​សំណើ​ទាំង​អស់​របស់​លោកស្រី​ ចំណុច​មួយ​គឺ​ស្នើ​ឲ្យ​ទីភ្នាក់ងារ​សេវា​ប្រាក់​ចំណូល​ក្នុង​ប្រទេស​ដែល​ហៅ​កាត់​ថា ​IRS ​ផ្សព្វ​ផ្សាយ​នូវ​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​ប្រធានាធិបតី អនុ​ប្រធានា​ធិបតី និង​សមាជិក​សភា​ ក៏​ដូចជា​ពន្ធ​លើ​ប្រាក់​ចំណូល​នៃ​អាជីវកម្ម ​ឬ​ក៏​អង្គការ​មិន​រក​ប្រាក់​កម្រៃ​នានា​ដែល​បេក្ខជន​ទាំង​នោះ​គ្រប់​គ្រង​ផង​ដែរ។ ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ជា​ប្រធានាធិបតី ឬ​អនុ​ប្រធានាធិបតី​ អ្នក​ទាំង​នោះ​តម្រូវ​ឲ្យ​ផ្សព្វផ្សាយ​នូវ​ការ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល​របស់​ខ្លួន​ក្នុង​រយៈ​ពេល ៨​ឆ្នាំ​ចុង​ក្រោយ​នេះ។

នា​ពេល​បច្ចុប្បន្ន​នេះ ឯកសារ​ប្រកាស​ពន្ធ​ទាំង​នោះ​គឺ​ជា​លក្ខណៈ​ឯកជន ហើយ​ទីភ្នាក់ងារ ​IRS មិន​មាន​សិទ្ធិ​ផ្សព្វផ្សាយ​ឯកសារ​ទាំង​នោះ​ជា​សាធារណៈ​ទេ។ ​ប៉ុន្តែ ​បេក្ខជន​នីមួយៗ​អាច ​និង​ជា​រឿយៗ​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឯកសារ​ទាំង​នេះ។ ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ​២០១៦ លោក ​ដូណាល់ ត្រាំ​ ដែល​កាល​នោះ​ជា​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ មិន​បាន​ផ្សព្វផ្សាយ​ឯកសារ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល​របស់​លោក​ទេ។ ប៉ុន្តែ​សម្រាប់​លោកស្រី ​Hillary Clinton បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ គឺ​បាន​បង្ហាញ​នូវ​ឯកសារ​ទាំង​នេះ​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៥៕