អ្នកស្រី Warren ក្លាយជា​បេក្ខជន​នាំ​មុខ​ទី​ពីរ​ក្នុង​ការ​ប្រកួត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ

  • Jim Malone

បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ Elizabeth Warren ថ្លែង​នៅ​សួន Washington Square Park ក្នុង​ទីក្រុង​ញុវយ៉ក​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៩។

ការ​ស្ទង់​មតិ​ថ្មី​បាន​បង្ហាញ​ថា សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ Massachusetts អ្នកស្រី Elizabeth Warren បាន​ក្លាយជា​បេក្ខជន​នាំ​មុខ​ទី​ពីរ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់ពី​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden។

ការ​ស្ទង់​មតិ​របស់​ទូរទស្សន៍ NBC News និង​កាសែត Wall Street Journal បាន​បង្ហាញ​ថា លោក Biden នាំ​មុខ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ចំនួន ៣១ ភាគរយ បន្ទាប់​មក​គឺ​អ្នកស្រី Warren ដែល​ទទួល​បាន​ការ​គាំទ្រ​ចំនួន ២៥ ភាគរយ និង​ទី​បី​គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders ដោយ​បាន​ការ​គាំទ្រ​ចំនួន ១៤ ភាគរយ។

អ្នកស្រី Elizabeth Warren បាន​ធ្វើ​យុទ្ធនាការ​នៅ​ពី​មុខ​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង New York ដោយ​បាន​សន្យា​ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នយោបាយ ប្រសិនបើ​អ្នកស្រី​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី។

អ្នកស្រី​បញ្ជាក់​ថា៖ «អំពើ​ពុករលួយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​របស់​យើង ហើយ​អំពើ​ពុករលួយ​កំពុងតែ​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង។ ខ្ញុំ​ដឹង​ថា​អ្វី​ដែល​រង​ការ​ខូចខាត។ ខ្ញុំ​មាន​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក!»។

អ្នកស្រី Warren មាន​ការ​គាំទ្រ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ​ជា​ច្រើន​ខែ​កន្លង​មក​នេះ និង​បាន​លេច​ឡើង​ជា​គូ​ប្រជែង​កំពូល​តទល់​នឹង​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden ដែល​ជា​បេក្ខជន​នាំ​មុខ​គេ។

លោក Joe Biden និយាយ​ថា៖ «មនុស្ស​គ្រប់​គ្នា​ដឹង​ថា​លោក Donald Trump ជា​នរណា សូម្បីតែ​អ្នក​គាំទ្រ​របស់​លោក​ក៏​ដឹង​ដែរ។ ពួកគេ​គ្មាន​ការ​ស្រពេចស្រពិល​ទេ។ ប៉ុន្តែ យើង​ត្រូវតែ​ឲ្យ​ពួកគេ​ដឹង​ថា​តើ​ពួក​យើង​គឺ​ជា​នរណា»។

បេក្ខជន​នានា​បាន​ត្រឡប់​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​ឡើង​វិញ បន្ទាប់ពី​បាន​ជជែក​ដេញដោល​គ្នា​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​ទីក្រុង Houston រដ្ឋ Texas មក។

នៅ​ក្នុង​អំឡុង​ពេល​ជជែក​ដេញដោល​នោះ សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New Jersey លោក Cory Booker បាន​ជំរុញ​ឲ្យ​គូ​ប្រជែង​នានា​របស់​លោក​បន្ធូរបន្ថយ​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក Cory Booker លើក​ឡើង​ថា៖ «ពួក​យើង​ត្រូវតែ​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Donald Trump កាន់​តំណែង​បាន​តែ​មួយ​អាណត្តិ​នេះ​តែ​ប៉ុណ្ណោះ ហើយ​ពួក​យើង​មិន​អាច​យក​ឈ្នះ​លើ​ការ​បោះ​ឆ្នោត​នេះ​បាន​ទេ ប្រសិនបើ​យើង​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក»។

បន្ទាប់ពី​បាន​ជជែក​ដេញដោល​គ្នា​បី​លើក​រួច​មក លោក Biden អ្នកស្រី Warren និង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders នៅតែ​នាំ​មុខ​គេ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​អស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Julie Pace។

អ្នកស្រី Julie Pace នៃ​កាសែត Associated Press និយាយ​ថា៖ «រឿង​សំខាន់​ដែល​យើង​ចង់​ដឹង​គឺ​ថា​តើ​មាន​បេក្ខជន​ណា​ម្នាក់​ផ្លាស់ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​ដែរ​ឬ​ទេ? ខ្ញុំ​គិត​ថា ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​នោះ ចម្លើយ​គឺ​ថា​ប្រហែល​ជា​ពួកគេ​មិន​ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​នោះ​ទេ»។

កន្លង​មក លោក Biden មើល​ទៅ​និយាយ​បាន​ល្អ​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យ​លោក​នាំ​មុខ​គេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​លោក Larry Sabato នៃ​សាកលវិទ្យាល័យ Virginia។

លោក Sabato និយាយ​ថា៖ «លោក Joe Biden ធ្វើ​បាន​ល្អ។ ខ្ញុំ​គិត​ថា លោក​និយាយ​បាន​ប្រសើរ​ជាង​ការ​ជជែក​ដេញដោល​កាល​ពី​ពីរ​លើក​មុន។ នេះ​មិន​មែន​មាន​ន័យ​ថា លោក​និយាយ​បាន​ប្រសើរ​បំផុត​នោះ​ទេ។ លោក​តែងតែ​អាច​ធ្វើ​កិច្ចការ​ដោយ​ប្រើ​វិធី​ចម្លែកៗ​មួយ​ចំនួន​ដូចជា​ការ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ស្ដាប់​ម៉ាស៊ីន​ចាក់​សំឡេង​របស់​ពួកគេ​ជា​ដើម»។

លោក Sabato បន្ថែម​ថា លោក Biden នៅ​បន្ត​ទទួល​បាន​ប្រយោជន៍​ពី​គំនិត​ដែល​ថា លោក​គឺ​ជា​បេក្ខជន​ខ្លាំង​ជាង​គេ​បំផុត​ដែល​អាច​ប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី Trump បាន​នៅ​ឆ្នាំ​ក្រោយ។

លោក Sabato បញ្ជាក់​ដូច្នេះ​ថា៖ «មាន​ហេតុ​ផល​ដែល​ពួកគេ​មាន​ជម្រើស​បណ្ដោះ​អាសន្ន។ គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ដំណើរការ​ទាំង​មូល​ក្នុង​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន និង​ផ្ដោត​លើ​សំណួរ​មួយ ដែល​នោះ​គឺ​ថា តើ​នរណា​អាច​ផ្ដួល​លោក​ប្រធានាធិបតី Donald Trump បាន? នេះ​គឺ​ជា​អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់»។

ទោះបីជា​លោក Sanders និង​អ្នកស្រី Warren កំពុង​ប្រជែង​គ្នា​ដើម្បី​ឲ្យ​បាន​ក្លាយជា​បេក្ខជន​នាំ​មុខ​ទី​ពីរ​បន្ទាប់ពី​លោក Biden ក៏​ដោយ ក៏​អ្នកស្រី Warren គឺ​ជា​អ្នក​ដែល​មាន​ការ​គាំទ្រ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Andra Gillespie អ្នក​ជំនាញ​នៃ​សាកល​វិទ្យាល័យ Emory។

អ្នកស្រី Gillespie និយាយ​ថា៖ «ការ​ប្រឈម​សម្រាប់​លោក Sanders គឺ​ថា មាន​ជម្រើស​បន្ថែម​ដ៏​ខ្លាំង​មួយ​ដែល​នោះ​គឺ​អ្នកស្រី Elizabeth Warren។ ដូច្នេះ ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ឥឡូវ​នេះ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ទាំង​នេះ​គឺ​ថា​តើ​ការ​លេច​ឡើង​របស់​អ្នកស្រី Elizabeth Warren ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក Bernie Sanders ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។ ខ្ញុំ​គិត​ថា នេះ​នៅតែ​ជា​សំណួរ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ»។

គណបក្ស​ប្រជាធិបតេយ្យ​នឹង​រៀបចំ​ការ​ជជែក​ដេញដោល​មួយ​លើក​ទៀត​នៅ​ខែ​ក្រោយ​ក្នុង​រដ្ឋ Ohio៕

ប្រែ​សម្រួល​ដោយ ភី សុភាដា