លោក Mark Warner សមាជិកព្រឹទ្ធសភាស.រ.អា.បានមានប្រសាសន៍អំពីអ្វីដែលលោកហៅថាសំឡេង «គ្មានការទទួលខុសត្រូវនិងគ្មានការប្រុងប្រយ័ត្នដែលកើនខ្លាំងឡើងៗ» អំពាវនាវឱ្យមានការបញ្ឈប់ការស៊ើបអង្កេតរបស់លោក Robert Mueller ស្មាក្តីពិសេសអំពីចំណងទាក់ទងរវាងប្រទេសរុស្ស៊ីនិងពួកអ្នកធ្វើការឃោសនាបោះឆ្នោតឱ្យប្រធានាធិបតី Donald Trump ដោយលោកបានមានប្រសាសន៍ថាចំណាត់ការមួយបែបនេះ «មានសក្តានុពលអាចបង្កឱ្យមានវិបត្តិខាងរដ្ឋធម្មនុញ្ញមួយ»។
លោក Mark Warner ដែលជាអនុប្រធានគណៈកម្មាធិការខាងការស៊ើបការសម្ងាត់នៃព្រឹទ្ធសភាស.រ.អា. បានមានប្រសាសន៍កាលពីថ្ងៃពុធនៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងនៅក្នុងព្រឹទ្ធសភាថាការដកលោកស្មាក្តីពិសេសឬ «មន្ត្រីជាន់ខ្ពស់ណាម្នាក់ទៀតទាក់ទិននឹងការស៊ើបអង្កេតនេះនឹងមិនគ្រាន់តែនាំឱ្យមានសំណួរអំពីការប្តេជ្ញារបស់រដ្ឋបាលនេះដល់ការពិតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នាំឱ្យមានសំណួរដែរអំពីទស្សនៈជាមូលដ្ឋានបំផុតរបស់យើងអំពីវិធាននៃច្បាប់ផងដែរ»។
លោកបានសម្តែងកង្វល់ថាការរឹះគន់ដល់ការស៊ើបអង្កេតនេះ «ហាក់ដូចជាកើនខ្លាំងឡើងៗក្នុងភាពនាំឱ្យស្រកៀត្រចៀកនិងក្នុងទំហំ» ហើយហាក់ដូចជា «ត្រូវសម្របសម្រួល» កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Mark Warner បានមានប្រសាសន៍ថា «ការប៉ុនប៉ងណាមួយដោយប្រធានាធិបតីនេះក្នុងការដកលោកស្មាក្តីពិសេស Mueller ចេញពីតំណែងឬក្នុងការលើកលែងទោសពួកសាក្សីសំខាន់ៗនៅក្នុងការប៉ុនប៉ងណាមួយដើម្បីការពារពួកគេពីការទទួលខុសត្រូវខ្ពស់ឬបញ្ឈប់ការស៊ើបអង្កេតនេះ ជាការរំលោភអំណាចយ៉ាងកំរោល»។
លោក Ty Cobb មេធាវីសេតវិមាន បាននិយាយកាលពីថ្ងៃពុធថារដ្ឋបាល Trump គ្មានផែនការដកលោក Mueller ចេញពីតំណែងទេ៕