ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងនៅក្នុងប្រទេសចិននៅក្នុងរដូវត្រជាក់កន្លងទៅនេះ មនុស្សមួយចំនួនចេះតែមានក្តីសង្ឃឹមថា ការរាតត្បាតនៃជំងឺនេះនឹងបាត់ទៅវិញ នៅពេលដែលរដូវក្តៅបានមកដល់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយអភិបាលរដ្ឋកាលពីខែកុម្ភៈថា៖
«មនុស្សជាច្រើនគិតថា ជំងឺកូវីដ១៩ នឹងបាត់ទៅវិញដោយសារកម្តៅនៅក្នុងខែមេសា»។
ខែមេសាបានមកដល់ ហើយវាក៏បានកន្លងផុតទៅហើយដែរ ហើយសន្ទុះនៃការរាតត្បាតដោយជំងឺកូវីដ១៩នេះ នៅតែខ្លាំង។ ក៏ប៉ុន្តែខណៈដែលរដូវក្តៅនៅតំបន់អឌ្ឍគោលខាងជើងខិតជិតមកដល់ អ្នកជំនាញនានា កំពុងចាប់ផ្តើមមើលឃើញពីឥទ្ធិពលខ្លះពីការកើនឡើងនៃសីតុណ្ហភាព និងសំណើម ទៅលើវីរុសកូរ៉ូណា។
ពួកគេនិយាយថា អាកាសធាតុក្តៅហើយសើម នឹងមិនអាចបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ១៩នោះទេ។ ក៏ប៉ុន្តែ វាអាចជួយបន្ថយចំនួនអ្នកឆ្លងថ្មី។ ហើយផលប៉ះពាល់នៃអាកាសធាតុនេះ អាចជួយពន្យល់ពីមូលហេតុដែលផ្នែកខ្លះនៃតំបន់ត្រូពិក មិនបានរងផលប៉ះពាល់ខ្លាំង ដូចនៅតំបន់ដែលមានអាកាសធាតុត្រជាក់ក្នុងពិភពលោក។
រដូវកាលជំងឺកូវីដ១៩
ជំងឺកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា ដែលជាវីរុសបង្កឲ្យមានជំងឺផ្លូវដង្ហើមមួយប្រភេទ។ វីរុសនេះ ស្ថិតនៅក្នុងក្រុមតែមួយជាមួយនឹងវីរុសមួយចំនួនធំទៀត ដែលបង្កឲ្យមានជំងឺផ្តាសាយធម្មតាផងដែរ។ ដោយសារតែជំងឺទាំងនោះ ថយចុះទៅតាមរដូវកាលនោះ ការស្រាវជ្រាវមួយចំនួនបានលើកឡើងថា ជំងឺកូវីដ១៩នេះ ក៏នឹងថយចុះ ទៅតាមរដូវកាលផងដែរ។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវផ្សេងទៀត បានរកឃើញថា អាកាសធាតុ មានផលប៉ះពាល់តិច ឬ មិនមានសោះ ទៅលើវីរុសកូរ៉ូណានេះ។
វីរុសដែលបង្កឲ្យកើតជំងឺផ្តាសាយ និងគ្រុនផ្តាសាយធំ រាតត្បាតបានងាយជាងនៅក្នុងរដូវត្រជាក់ មួយផ្នែក ដោយសារខ្យល់ត្រជាក់មានភាពស្ងួតជាងខ្យល់រដូវក្តៅ។ ជាលក្ខណៈរបស់ធម្មជាតិ នៅរដូវក្តៅ ខ្យល់មានសំណើមជាងរដូវត្រជាក់។ ភាគល្អិតនៃវីរុស មិនអាចធ្វើដំណើរបានឆ្ងាយនៅក្នុងខ្យល់ដែលមានសំណើមទេ។ អ្នកស្រី Katriona Shea ជីវវិទូនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីជំងឺឆ្លងនៃសាកលវិទ្យាល័យ Penn State ក្នុងសហរដ្ឋអាមេរិក បានថ្លែងក្នុងសម្តីដើមថា៖
«មានការរៀបរាប់ថា ភាគល្អិតតូចៗទាំងនោះ នឹងស្រូបយកជាតិសំណើមនៅក្នុងអាកាស ហើយវាក៏ធ្លាក់ទៅលើដី។ តែនោះ មិនមែនជាការរៀបរាប់តាមបែបបច្ចេកទេសទេ»។
អ្នកវិទ្យាសាស្ត្រខ្លះដែលធ្វើការព្យាករណ៍អំពីការរាតត្បាតនៃជំងឺកូវីដ១៩នេះ កំពុងចាប់ផ្តើមបញ្ចូលសីតុណ្ហភាពទៅក្នុងគំរូរបស់ពួកគេ។
លោក Christopher Murray ប្រធានផ្នែកវាស់វែងនិងវាយតម្លៃសុខភាពនៅសាកលវិទ្យាល័យ University of Washington បាននិយាយក្នុងសម្តីដើមថា៖
«យើងឃើញការជាប់ពាក់ព័ន្ធគ្នានេះ គឺនៅពេលដែលអាកាសធាតុឡើងក្តៅមួយអង្សាសេ ការចម្លងបានថយចុះ ប្រហែលជា ២ ភាគរយ»។
លោក Murray បានថ្លែងបន្ថែមថា «ចំនួននោះ មិនមានផលប៉ះពាល់ធំដុំទេ ប៉ុន្តែនៅពេលដែលសីតុណ្ហភាពកាន់តែក្តៅ វាអាចធ្វើឲ្យមានផលប៉ះពាល់ខ្លាំងជាងនេះ»។
តែទោះជាយ៉ាងនេះក្តី សំណួរនេះ នៅតែមិនទាន់មានចម្លើយ។
លោក Murray បានលើកឡើងថា «តើយើងប្រាកដអំពីរឿងនេះទេ? ចម្លើយ គឺ ទេ។ «តើមានអ្នកនៅក្នុងសហគមន៍វិទ្យាសាស្ត្រដែលជឿថា ការរាតត្បាតនៃជំងឺកូវីដ១៩ ខ្សោយទៅតាមរដូវកាល ឬ សីតុណ្ហភាពនោះ? ចម្លើយ គឺ ពិតជាមាន»។
ការសិក្សាចុងក្រោយមួយដើម្បីពិនិត្យមើលផលប៉ះពាល់នៃអាកាសធាតុទៅលើវីរុសកូរ៉ូណា បានរកឃើញផលប៉ះពាល់ស្រដៀងគ្នានេះដែរ គឺការចម្លង មានការធ្លាក់ចុះ៣ភាគរយ នៅពេលដែលអាកាសធាតុឡើងក្តៅមួយអង្សាសេ។ កម្រិតសំណើម និងសម្ពាធក្នុងអាកាស មានចំណែកនៅក្នុងរឿងនេះ។
សហអ្នកនិពន្ធនៃការសិក្សានោះ គឺលោក Hazhir Rahmandad ដែលជាសាស្ត្រាចារ្យជំនួយផ្នែកចលនាទាក់ទងក្នុងប្រព័ន្ធនៅឯសាកលវិទ្យាល័យ MIT បាននិយាយក្នុងសម្តីដើមថា៖
«អាកាសធាតុតែមួយមុខ មិនអាចទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងរដូវក្តៅនេះបានទេ វាគ្រាន់តែជួយកាត់បន្ថយអត្រាឆ្លងក្នុងកម្រិតណាមួយតែប៉ុណ្ណោះ»។
ផលប៉ះពាល់នៅក្នុងតំបន់ត្រូពិក
ដោយប្រើរបៀបនៃការចម្លងវីរុស និងទិន្នន័យអាកាសធាតុពីទីតាំងជាង ៣.៧០០ កន្លែងនៅជុំវិញពិភពលោកអ្នកនិពន្ធនៅក្នុងការសិក្សាខាងលើនេះ បានប៉ាន់ប្រមាណថាតើផលប៉ះពាល់នៃអាកាសធាតុទៅលើរីករាលដាលនៃវីរុសនៅក្នុងទីក្រុងដែលមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតក្នុងពិភពលោកនោះ មានដល់កម្រិតណា។
អ្នកនិពន្ធបានសរសេរថា កម្តៅនិងសំណើមអាចពន្យល់បានខ្លះ អំពីមូលហេតុដែលការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅអាស៊ីខាងត្បូងនិងអាហ្វ្រិកនៅមានចំនួនតិច។
ខណៈដែលអាកាសធាតុក្តៅ អាចបន្ថយហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាបានប្រហែលជា ២៥ ភាគរយ នៅក្នុងទីក្រុងបូស្តុនក្នុងរដ្ឋម៉ាសាឈូសេតដែលនៅតំបន់ត្រជាក់ភាគខាងជើងក្នុងអំឡុងខែក្តៅបំផុតនោះ ទីក្រុង Lagso ក្នុងប្រទេសនីហ្សេរីយ៉ាវិញដែលស្ថិតក្នុងតំបន់ត្រូពិកនោះ អាចនឹងមានការធ្លាក់ចុះជាង ៤០ ភាគរយ ដោយសារតែកម្តៅ និងសំណើម។
ទោះជាយ៉ាងនេះក្តី វីរុសកូរ៉ូណានេះនៅតែឆ្លងរាលដាលក្នុងល័ក្ខខ័ណ្ឌអាកាសធាតុក្តៅទាំងនោះ តួយ៉ាងដូចជានៅក្នុងប្រទេសសិង្ហបូរី ដែលពេលថ្មីៗនេះ ករណីអ្នកឆ្លងថ្មី បានកើនដល់ពីចំនួន ៧០០ ទៅ ៨០០ នាក់ក្នុងមួយថ្ងៃ។
លោកAngel Serrano Aroca សាស្រ្តាចារ្យផ្នែកជីវវិស្វកម្មនៅសាកលវិទ្យាល័យ Universidad Católica de Valencia បានថ្លែងក្នុងសម្តីដើមថា៖
«យើងបានឃើញហើយថា វីរុសកូរ៉ូណានេះ បានរាតត្បាតទៅពាសពេញពិភពលោកគឺទៅដល់ទីកន្លែងដែលមានសីតុណ្ហភាពខុសៗគ្នា។ ខ្ញុំជឿថា លក្ខខណ្ឌអាកាសធាតុ មានឥទ្ធិពល ប៉ុន្តែខ្ញុំគិតថា វីរុសនេះឆ្លងខ្លាំងពេក ដែលធ្វើឲ្យកត្តាផ្សេងៗទៀតសំខាន់ជាង»។
ក្រុមអ្នកជំនាញបាននិយាយថា (កត្តា)ដង់ស៊ីតេប្រជាជន វិធានការឲ្យរក្សាគម្លាតនៅឆ្ងាយពីគ្នាក្នុងសង្គម ការធ្វើតេស្ត និងការតាមដានរកអ្នកដែលអាចមានទំនាក់ទំនងជាមួយនឹងអ្នកផ្ទុកវីរុសកូរ៉ូណា មានផលប៉ះពាល់ច្រើនជាងអាកាសធាតុ។
សម្រាប់លោក Murray និងសហការីនៅឯសាកលវិទ្យាល័យ University of Washington វិញ បាននិយាយថា «ការផ្លាស់ទី គឺជាកត្តាសំខាន់បំផុត ហើយបន្ទាប់មកគឺការធ្វើតេស្តលើមនុស្សម្នាក់ៗ»។
ក្រុមរបស់លោក Murray បានបង្កើនការប៉ាន់ស្មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទ្វេដងនៅក្នុងសហរដ្ឋអាមេរិកពីចំនួន ៦០.០០០ នាក់ នៅពាក់កណ្តាលខែមេសាដល់ ១៣៥.០០០ កាលពីសប្តាហ៍មុននោះ មួយចំណែកធំ គឺដោយសារតែរដ្ឋនានា បានចាប់ផ្តើមបន្ធូរបន្ថយលើវិធានការឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គម ហើយបុគ្គលម្នាក់ៗ មិននៅនឹងមួយកន្លែងទេ សូម្បីតែនៅក្នុងតំបន់ដែលត្រូវបានដាក់កំហិតមិនឲ្យមានសកម្មភាពសង្គមក៏ដោយ។
លោក Murray បានថ្លែងបន្តទៀតថា សីតុណ្ហភាពប្រហែលជា(កត្តា) «សំខាន់ ប៉ុន្តែ សារៈសំខាន់របស់វា គឺតិចបំផុត»។
ទោះយ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្រ ត្រូវស្រាវជ្រាវឲ្យដឹងច្រើនទៀតអំពីវីរុសកូរ៉ូណានេះ។
លោក Murray បានថ្លែងបន្ថែមថា៖
«នៅពេលដែលកន្លែងខ្លះចាប់ផ្តើមឡើងក្តៅ យើងអាចនឹងទទួលបានសញ្ញាកាន់តែច្បាស់ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅថា តើផលប៉ះពាល់ពេញលេញ ដោយសារសីតុណ្ហភាព ឬ រដូវកាល នឹងមានដល់កម្រិតណានោះ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់