សង្គ្រាម​នៅ​អ៊ុយក្រែន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​សាកល​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ

  • Lisa Schlein

រោងចក្រ​មួយ​និង​ហាង​មួយ​ត្រូវ​ឆេះ​ក្រោយ​ពី​​រង​ការ​បាញ់​ផ្លោង​នៅ​តំបន់ Irpin នៅ​ជាយ​រដ្ឋធានី​​កៀវ​របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២២។

អ្នក​សេដ្ឋកិច្ច​អង្គការ​សហប្រជាជាតិ​ព្យាករ​ថា កំណើន​សាកល​ក្នុង​ឆ្នាំ​នេះ​នឹង​ធ្លាក់​ចុះ​យ៉ាង​លឿន​ ដោយសារ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ ហៅ​កាត់​ថា (UNCTAD) បាន​ទម្លាក់​ការ​ព្យាករ​ដែល​មាន​សុទិដ្ឋិនិយម​ជាង​នេះ​កាលពី​ពេល​មុន​លើ​សេដ្ឋកិច្ច​សាកលលោក​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នា​ពេល​ថ្មីៗ​នេះ។

របាយការណ៍​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុបន្នភាព​របស់​អង្គការ UNCTAD បាន​ប៉ាន់ស្មាន​ថា កំណើន​សេដ្ឋកិច្ច​សាកលោក​នឹង​ធ្លាក់​ចុះ​ពី​ ៣,៦% ទៅ​ ២,៦% នៅ​ក្នុង​ឆ្នាំ២០២២។ របាយការណ៍​នេះ​ថា កត្តា​សំខាន់ៗ​នៅ​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នេះ​គឺ​ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។

របាយការណ៍​នេះ​ថា ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​យោធា រយៈពេល​សង្គ្រាម និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​សហព័ន្ធ​រុស្ស៊ី​នឹង​ធ្វើ​ឱ្យ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​កំពុង​តែ​កើត​មាន​កាន់​តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ជា​សាកល និង​ជះ​ឥទ្ធិពល​ដល់​ការ​ងើប​ឡើង​វិញ​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ របាយការណ៍​នេះ​លើក​ឡើង​ថា រុស្ស៊ី​នឹង​ជួបប្រទះ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង​នៅ​ឆ្នាំ​នេះ។

លោក Richard Kozul-Wright នាយក​ផ្នែក​សាកលភាវូបនីយកម្ម និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៃ​អង្គការ UNCTAD បាន​ថ្លែង​ថា សង្គ្រាម​ទំនង​នឹង​បង្កើន​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ ការ​កំណត់​គោលនយោបាយ​រូបិយវត្ថុ​ជាតិ ការដាក់​បន្ទុក​បន្ថែម​លើ​សម្ពាធ​អតិផរណា​ និង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង និង​ទំនិញ​កើន​ឡើង​ខ្លាំង។ លោក​ថា​សេដ្ឋកិច្ច​សាកលលោក​នឹង​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​នេះ។

លោក Richard Kozul-Wright បាន​ថ្លែង​ថា៖ «កំណើន​សេដ្ឋកិច្ច​នៅ​សហភាព​អឺរ៉ុប​នឹង​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​គួរ​សម​នៅ​ឆ្នាំ​នេះ ហើយ​តំបន់​នានា​នៅ​អាស៊ី​កណ្តាល និង​អាស៊ី​ខាង​ត្បូង​ក៏​អ៊ីចឹង​ដែរ។ ប្រទេស​ដែល​មិន​សូវ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​កំណើន​សេដ្ឋកិច្ច​ដូចជា​តំបន់​ភាគខាងត្បូង​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីបអាហ្វ្រិក ​ងាយ​នឹង​រងគ្រោះ​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ទំនិញ ដែល​យើង​មើល​ឃើញ​ក្នុង​ប្រទេស​ទាំង​នោះ។ ប្រទេស​ភាគច្រើន​ជា​អ្នក​នាំចូល​ស្បៀង​អាហារ​ក្នុង​ចំនួន​ច្រើន ជា​ពិសេស​ស្រូវ​សាលី»។

លោក Kozul-Wright បាន​ថ្លែង​ថា កម្រិត​នៃ​បំណុល​បរទេស​ដ៏​ច្រើន​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ប្រឈម​គឺ​ជា​ក្តី​បារម្ភ​មួយ។ របាយការណ៍​នេះ​ព្យាករ​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​ត្រូវ​មាន​ទឹកប្រាក់ ៣១០ ពាន់​លាន​ដុល្លារ​ដើម្បី​ទូទាត់​បំណុល​បរទេស​ដែល​រដ្ឋ​បាន​ជំពាក់​នៅ​ឆ្នាំ​នេះ។

លោក Kozul-Wright បាន​ថ្លែងបន្ថែមទៀត​ថា៖ «មួយ​ផ្នែក​នៃ​ការ​ខ្ចី​បំណុល​បន្ថែម​នេះ​គឺ​ដោយសារ​តែ​ផលប៉ះពាល់​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តែ​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ចាំបាច់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុភាគី​ដែល​ពួកគេ​ត្រូវការ​ដើម្បី​អាច​ឆ្លើយតប​ទៅ​នឹង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​មិន​បាន​ព្យាករ​ទុក»។

អ្នក​សេដ្ឋកិច្ច​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា គេ​ត្រូវ​ពង្រឹង​វិធានការ​នានា​ ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោះស្រាយ​វិបត្តិ​ទាំងនេះ។ អ្នក​សេដ្ឋកិច្ច​ទាំង​នោះ​ថា ត្រូវ​តែ​មាន​ឆន្ទៈ​កាន់​តែ​រឹងមាំ ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​រៀបចំ​ឡើង​វិញ​នូវ​បំណុល​បរទេស​ដើម្បី​អាច​ឱ្យ​ប្រទេស​ទាំង​នោះ​ត្រឡប់​ទៅ​រក​គន្លង​កំណើន​សេដ្ឋកិច្ច​សមរម្យ​ឡើង​វិញ៕