ក្រុមហ៊ុន Walmart សម្រេច​លក់​កាំភ្លើង​វិញ ក្រោយ​ពីដំបូង​ថា ​ផ្អាក​លក់​នៅមុន​ការបោះឆ្នោត​នៅ​អាមេរិក

  • ​Reuters

រូបឯកសារ៖ ស្លាកសញ្ញា​នៃមហា​ក្រុមហ៊ុន​ហាង​លក់​ទំនិញ Walmart។

មហា​ក្រុមហ៊ុន​ហាង​លក់​ទំនិញ Walmart ​បាន​និយាយ​កាល​ពី​ថ្ងៃសុក្រ​ថា​ ខ្លួន​បាន​ចាប់​ផ្តើមដាក់​លក់​កាំភ្លើង និង​គ្រឿង​សញ្វាវុធនៅ​តាម​ហាងរបស់​ខ្លួននៅទូទាំង​សហរដ្ឋអាមេរិកវិញ មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោកនេះ​ ប្រកាស​ថា​ ខ្លួន​នឹងប្រមូល​ទុក​សម្ភារៈអាវុធទាំង​នោះ​ ឈប់​ដាក់​លក់ ​ក្នុង​គោល​បំណង​ការពារ​អតិថិជន​និង​បុគ្គលិក ​ខណៈដែល​ភាព​តាន​តឹង​កើន​ឡើង​នៅ​ពាសពេញ​ប្រទេស​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ។

ក្រុមហ៊ុន​នេះ ​បាន​និយាយ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «បន្ទាប់​ពី​មាន​ការ​រំជើប​រំជួល​របស់​ពលរដ្ឋ​នៅ​សប្តាហ៍​នេះ​ ដែល​បណ្តាល​ឲ្យ​មាន​ការ​បំផ្លាញ​ហាង​ជា​ច្រើន​របស់​យើង យើង​បាន​ស្នើ​ដល់​ហាង​នានា​ ឲ្យ​យក​កាំភ្លើង​និង​គ្រឿង​សញ្វាវុធ​ចេញ​ពី​ធ្នើ។​ [ប៉ុន្តែ] ដោយ​សារ​ឧប្បទ្ទវហេតុ​ដែល​បាន​កើត​ឡើង​ស្ថិត​នៅ​តាម​ទីតាំង​ដែល​ដាច់​ពី​គេ​ឯង យើង​បាន​សម្រេច​ចាប់​ផ្តើម​យក​សម្ភារៈ​ទាំង​នេះ ​មក​លក់​ក្នុង​ហាង​វិញ​នៅ​ថ្ងៃ​នោះ»។

អ្នក​នាំពាក្យ​ក្រុមហ៊ុន ​Walmart ​បដិសេធ​មិន​ធ្វើ​អាត្ថាធិប្បាយ​ពី​មូលហេតុ​នៃ​ការ​សម្រេចយក​កាំភ្លើង​និង​គ្រឿង​សញ្វាវុធ មក​លក់​ឡើង​វិញ​ ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី៣ ​ខែវិច្ឆិកា ​ដោយ​មាន​មនុស្ស​ជាច្រើន​បារម្ភ​ថា​ លទ្ធផលនៃ​ការបោះ​ឆ្នោត នឹង​អាច​ចម្រូងចម្រាស​គ្នា​និងនាំ​ឲ្យ​មាន​អំពើ​ហិង្សា​នោះ។

ក្រុមអ្នក​តស៊ូមតិ​ផ្នែក​គ្រប់គ្រង​កាំភ្លើង​ បាន​រិះគន់តាម​ប្រព័ន្ធ​សង្គម​ពីការ​សម្រេច​របស់​ Walmart នេះ​ ដោយ​និយាយ​ថា ​ខ្លួន​មាន​ការ​ខកចិត្ត​ និង​ភ្ញាក់ផ្អើល​ពី​ព័ត៌មាន​នេះ​ ហើយថា​ នោះ​ គឺជា​«កំហុស​ឆ្គង​ដ៏ធំ​មហិមា»។

ហាងលក់​រាយ​ជាច្រើន ​បាន​ភ័យ​ព្រួយ​បន្ទាប់​ពីមាន​អ្នក​ចូលវាយ​ប្រហារ​ហាង​ពួកគេ ​នៅ​ដើម​ឆ្នាំ​នេះ ​ដែលកម្ទេច​បង្អួច​ លួច​អីវ៉ាន់ ​ហើយ​ពេល​នោះ​ បាន​ដុតហាង​ក្នុងទី​ក្រុងជា​ច្រើន​របស់សហរដ្ឋ​អាមេរិក។

ម៉្យាង​ទៀត​ចំនួន​ពលរដ្ឋ​អាមេរិក​ទិញ​កាំភ្លើង បាន​កើន​ឡើង​ខ្ពស់គួរ​ឲ្យ​បារម្ភ​មិន​ធ្លាប់​មាន​នៅ​ឆ្នាំ​នេះ​ ដោយមាន​អ្នក​ទិញ​ជា​លើក​ដំបូង​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ៕