មេដឹកនាំសហជីពចំនួនប្រាំពីរ និយោជក និងមន្ត្រីរដ្ឋាភិបាលនៅថ្ងៃសុក្រនេះបានបើកកិច្ចប្រជុំបិទទ្វារមួយដើម្បីពិភាក្សារឿងប្រាក់ឈ្នួលរបស់កម្មករ ប៉ុន្តែកិច្ចប្រជុំរយៈពេលជាងបីម៉ោងមកនេះមិនទាន់បានសម្រេចនៅឡើយទេ។
លោក អាត់ ធន ប្រធានសម្ព័ន្ឋសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាមានប្រសាសន៍ក្រោយពីកិច្ចប្រជុំដែលទើបនឹងបញ្ចប់ប៉ុន្មានម៉ោងនេះថា និយោជកបានប្រាប់ក្នុងអង្គប្រជុំថា គេមានលទ្ឋភាពផ្តល់ប្រាក់បៀវត្សរ៍បានត្រឹមតែ១១០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ។ ក៏ប៉ុន្តែខាងមន្ត្រីសហជីពទាមទារឲ្យបានឡើងដល់១៧៧ដុល្លារតាមការដែលខ្លួនធ្លាប់បានទាមទារកន្លងមក។ លោកមានប្រសាសន៍ថា ដោយសារតែគ្មានឯកភាពគ្នាពីររឿងប្រាក់ឈ្នួលរបស់ក្រុមកម្មករនេះ ខាងមន្ត្រីរដ្ឋាភិបាលបានបញ្ចប់កិច្ចប្រជុំនិងស្នើឲ្យនិយោជក និងសហជីពកំណត់ពេលជួបគ្នាលើកក្រោយទៀតដើម្បីពិភាក្សាគ្នារកភាពស្រុសស្រួលគ្នាលើប្រាក់ឈ្នួលជាមុន មុននឹងដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកក្រោយដែលគ្រោងធ្វើនៅថ្ងៃទី ១០ ខែ តុលា ខាងមុខនេះ។
«ការប្រជុំនិយោជកអត់មានតម្លើងគឺយើងនៅរក្សាដដែលដែរគឺ១៧៧ដុល្លា។ប៉ុន្តែយើងនិងមានការចុះបើសិនជាការ ជជែកគ្នាទៅសមរម្យឡើងប៉ុន្មានគឺយើងនិងចុះដល់ចំនួនហ្នឹង»។
នៅពេលដែលកិច្ចប្រជុំត្រីភាគីរវាងរដ្ឋាភិបាល និយោជក និងមេដឹកនាំសហជីពចាប់ផ្តើម នៅខាងក្រៅបរិវេណអគារប្រជុំរបស់ក្រសួងការងារ ក្រុមមេដឹកនាំសហជីពមួយចំនួនផ្សេងទៀតបានដឹកនាំក្រុមកម្មករមកតវ៉ាដើម្បីទាមទារតម្លើងប្រាក់ឈ្នួលឲ្យបានដល់១៧៧ដុល្លារក្នុងមួយខែ។ ក៏ប៉ុន្តែការតវ៉ានោះមិនមានការបង្ក្រាបណាមួយពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលទេ។
លោក រ៉ុង ឈុន ប្រធានសហព័ន្ឋសហជីពកម្ពុជា ដែលដឹកនាំក្រុមកម្មករតវ៉ានៅខាងក្រៅកិច្ចប្រជុំបានមានប្រសាសន៍ថា បើក្រុមនិយោជក និងរដ្ឋាភិបាលមិនបានផ្តល់ប្រាក់ឈ្នួលដល់១៧៧ដុល្លារទេ ពួកគេនឹងដឹកនាំធ្វើមហាបាតុកម្មទ្រង់ទ្រាយធំដែលមានមនុស្សចូលរួមរាប់ម៉ឺននាក់ដើម្បីទាមទារប្រាក់ឈ្នួល១៧៧ដុល្លាររហូតទាល់តែបានសម្រេច។
«យើងនឹងកំណត់ថ្ងៃក្នុងពេលឆាប់ៗខាងមុខនេះដើម្បីជំរុញឲ្យធ្វើម៉េចត្រូវតែផ្តល់ដំណោះស្រាយមួយសមរម្យ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចស្នើសុំសេចក្តីអធិប្បាយបានទេដោយទូរសព្ទរបស់លោកពុំមានអ្នកទទួល។
កាលពីថ្ងៃទី ១៨ ខែ កញ្ញា កន្លងទៅនេះក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជាចំនួនប្រាំបីក្នុងនោះមានក្រុមហ៊ុន H &M ដែលជាក្រុមហ៊ុនមានឈ្មោះល្បីក្នុងពិភពលោកបានសរសេរលិខិតមួយជួនគណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលដែលមានលោក គាត ឈុន ជាប្រធាន ដើម្បីឲ្យបើកការចរចាពីគ្រប់ភាគីទាំងអស់និងពិចារណាឡើងវិញដើម្បីផ្តល់ប្រាក់ឈ្នួលសមរម្យដល់ក្រុមកម្មករខ្មែរ។
មេដឹកនាំ សហព័ន្ឋ សហជីពចំនួនប្រាំពីកាលពីសប្តាហ៍មុនបានធ្វើយុទ្ឋនាការដាក់ញត្តិនៅតាមស្ថានទូតបរទេសសំខាន់ និងក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ក្នុងប្រទេសកម្ពុជាដើម្បីជំរុញរដ្ឋាភិបាលនិងនិយោជកឲ្យផ្តល់ប្រាក់ឈ្នួលដល់ក្រុមកម្មករឲ្យបានដល់១៧៧ដុល្លារក្នុងមួយខែ។
ការទាមទារប្រាក់បៀវត្សរ៍របស់មេដឹកនាំសហជីពបានកើតមានឡើងទន្ទឹមគ្នានឹងការចេញដីកាកោះហៅមេដឹកនាំសហជីពចំនួនប្រាំមួយនាក់មកឆ្លើយបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់កាលពីសប្តាហ៍មុនពាក់ព័ន្ឋនិងបាតុកម្មហិង្សានៅផ្លូវវេងស្រេងកាលពីដើមខែមករា។ មានកម្មករចំនួនប្រាំនាក់ត្រូវបានកងកម្លាំងមានសមត្ថកិច្ចបាញ់សម្លាប់ រងរបួសជាង៤០នាក់ និងបានចាប់ខ្លួនជាច្រើននាក់ផ្សេងទៀតនៅក្នុងការបាញ់បង្ក្រាបដោយហិង្សាទៅលើការទាមទាររបស់ក្រុមកម្មករនៅផ្លូវវេងស្រេងដើម្បីទាមទារប្រាក់ខែគោលឲ្យបានដល់១៦០ដុល្លារ៕