អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃសៅរ៍ នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ឬ APEC ក្នុងរាជធានីបាងកកប្រទេសថៃ។
មន្ត្រីសេតវិមានមួយរូបបានថ្លែងឱ្យដឹងថា៖ «លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានកត់សម្គាល់នូវសារដ៏សំខាន់មួយ ដែលប្រធានាធិបតីអាមេរិកលោក [Joe] Biden បានគូសបញ្ជាក់នៅក្នុងជំនួបរបស់លោកជាមួយលោក Xi កាលពីថ្ងៃទី១៤ ខែវិច្ឆិកានោះថា យើងត្រូវរក្សានូវមធ្យោបាយទំនាក់ទំនងបើកចំហ ដើម្បីគ្រប់គ្រងដោយការទទួលខុសត្រូវនូវការប្រកួតប្រជែងគ្នារវាងប្រទេសទាំងពីរ»។
សារដែលបានលើកឡើងនេះអាចជាការផ្ទុយគ្នាមួយទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះ Palawan របស់ប្រទេសហ្វីលីពីននៅថ្ងៃអង្គារស្អែកនេះ ដែលចិនមើលឃើញថា អាចជាការសម្តែងការប្រឆាំងនឹងខ្លួន។
ប្រជុំកោះ Palawan ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានចម្ងាយប្រមាណ៣៣០គីឡូម៉ែត្រខាងកើតប្រជុំកោះ Spratly ដែលត្រូវបានទាមទារយកទាំងស្រុងដោយប្រទេសចិន និងមានការទាមទារយកជាផ្នែកផងដែរ ដោយប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម។
លោកស្រី Harris នឹងក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតដែលនឹងទៅធ្វើទស្សនកិច្ចនៅលើកោះ Palawan នេះ។
ស្របពេលដែលប្រទេសជាច្រើននៅក្នុងតំបន់បារម្ភខ្លាចមានការឈ្លានពានរបស់ចិនទៅលើកោះតៃវ៉ាន់នោះ ចិនកំពុងពង្រីកសកម្មយោធាយ៉ាងខ្លាំងបំផុតនៅលើតំបន់ដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូងនេះ។
ចាប់តាំងពីឆ្នាំ២០១៣មក ប្រទេសចិនបានធ្វើសកម្មភាពបូមដីនិងសាងសង់កោះសិប្បនិម្មិតមួយចំនួននៅក្នុងដែនទឹក ដោយចាក់ដីថ្មីបានទំហំប្រមាណ១.២៩៥ហិកតា នៅប្រជុំកោះ Spratly។ នេះបើតាមការឱ្យដឹងរបស់គម្រោងគំនិតផ្តួចផ្តើមតម្លាភាពនៃដែនសមុទ្រអាស៊ី។
ប្រទេសចិន កោះតៃវ៉ាន់និងប្រទេសវៀតណាម បានទាមទារយករៀងៗខ្លួននូវទីប្រជុំកោះ Spratlys ទាំងមូល ខណៈប្រទេសម៉ាឡេស៊ីនិងប្រទេសហ្វីលីពីន ទាមទារយកកោះមួយចំនួន។ ដោយឡែកប្រទេសព្រុយណេទាមទារតំបន់សេដ្ឋកិច្ចផ្តាច់មុខនៅលើប្រជុំកោះនេះ។
ការធ្វើពាណិជ្ជកម្មដឹកជញ្ជូនដែលមានទឹកប្រាក់រាប់លានលានដុលា្លរ ឬប្រមាណ១ភាគ៣ នៃការធ្វើពាណិជ្ជកម្មតាមជើងទឹកជាសាកល បានឆ្លងកាត់តាមសមុទ្រចិនខាងត្បូងនេះជារៀងរាល់ឆ្នាំ ដែលជាដែនទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយ។
លោកស្រី Harris នឹងចូលរួមជាមួយសហគមន៍អ្នកនេសាទរបស់ហ្វីលីពីននៅលើកោះ Palawan និងគូសបញ្ជាក់ពី«ការតាំងចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យមានសេរីភាពក្នុងការធ្វើនាវាចរណ៍»។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់សេតវិមានមួយរូប ដែលបានប្រាប់វីអូអេ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ។
មន្រ្តីរូបនោះក៏និយាយដែរថា លោកស្រី Harris នឹងលើកបញ្ជាក់ផងដែរ ពីផលវិបាកមួយចំនួន ដែលកើតចេញពីការធ្វើនេសាទដោយខុសច្បាប់ និងមិនបានរាយការណ៍ឱ្យដឹងជាមុននោះ»៕
អនុប្រធានាធិបតីអាមេរិកជួបប្រធានាធិបតីចិននៅបាងកក មុនទស្សនកិច្ចទៅកោះហ្វីលីពីននៅជិតដែនសមុទ្រមានជម្លោះ
បាងកក —