ការជជែកដេញដោលនៅយប់ថ្ងៃពុធនេះរវាងលោកអនុប្រធានាធិបតី Mike Pence និងអ្នកស្រីសមាជិកព្រឹទ្ធសភា Kamala Harris គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយទៀតដែលបានរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
នៅក្នុងការវិវត្តិទូទៅនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការជជែកចេញដោលរបស់បេក្ខជនអនុប្រធានាធិបតីគឺជាព្រឹតិ្តការណ៍សំខាន់ទីពីរ បន្ទាប់ពីការជជែកដេញដោលរបស់បេក្ខជនប្រធានា ធិបតី ហើយជាទូទៅការជជែកចេញដោលរបស់បេក្ខជនអនុប្រធានាធិបតី បង្កើតជាព្រឹត្តិការដ៏គួរឲ្យចងចាំបំផុតសម្រាប់អ្នកបោះឆ្នោត។
លោក Pence អាយុ៦១ឆ្នាំ ដែលជាអតីតសមាជិកសភា និងអភិបាលរដ្ឋ Indiana នឹងឡើងវេទិកាជជែកដេញដោលរបស់បេក្ខជនអនុប្រធានាធិបតីនៅក្នុងទីក្រុង Salt Lake City រដ្ឋ Utah ស្ថិតក្នុងតួនាទីដ៏សំខាន់មិនធ្លាប់មានមួយ ខណ:ពេលដែលលោក Trump កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ដ៏គ្រោះថ្នាក់នៅសេតវិមាន។
ចំណែកអ្នកស្រី Harris អាយុ ៥៥ ឆ្នាំ ដែលជាអតីតរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងខ្នះខ្នែងដើម្បីក្លាយខ្លួនជាស្ត្រីទីមួយ និងជាស្ត្រីស្បែកខ្មៅទីមួយ ដែលកាន់តំណែងអនុប្រធានាធីបតី កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ ដោយសារដៃគូនយោបាយរបស់អ្នកស្រី គឺលោក Biden មានអាយុច្រើនពេក ។
លោក Todd Belt ប្រធានកម្មវិធីគ្រប់គ្រងនយោបាយក្រោយថ្នាក់ឧមត្តសិក្សានៃសាកលវិទ្យាល័យ George Washington បាននិយាយថា៖ «ឆ្នាំនេះគឺខុសប្លែកដោយសារតែជំងឺកូវីដ១៩ ហើយដោយសារតែយើងអាចនឹងគ្មានការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីទៀតទេ ព្រមទាំងដោយសារយើងមានបេក្ខជនប្រធានាធិបតីពីររូបដែលមានអាយុ៧០ឆ្នាំប្លាយ»។
លោកបន្ថែមថា៖ «យើងដឹងថា ប្រធានាធិបតីម្នាក់ក្នុងចំណោមប្រធានាធិបតីបួននាក់មិនបានបញ្ចប់អាណត្តិរបស់ពួកគេទេ ពេលកាន់ដំណែង។ ការណ៍នេះធ្វើឲ្យលោកអនុប្រធានាធិបតី Pence និងអ្នកស្រី Kamala Harris ក្លាយជាចំណាប់អារម្មណ៍របស់មហាជន ស្របពេលដែលពួកគេអាចស្នងដំណែងរបស់បេក្ខជនប្រធានាធិបតី»៕