កំណត់និពន្ធ៖ លោកស្រី Sharon May គឺជាអ្នកនិពន្ធ និង ការីនិពន្ធជនជាតិអាមេរិកាំងដែលថតរូបជំរុំជនភៀសខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៥។ បទពិសោធន៍របស់លោកស្រីនៅប្រទេសកម្ពុជានាពេលនោះបានធ្វើឲ្យលោកស្រីចងចាំមិនភ្លេច។ ដោយសារតែបទពិសោធន៍នោះ លោកស្រីបានចងក្រងសៀវភៅមួយក្បាលដែលមានចំណងជើងថា «In the Shadow of Angkor» ដែលមានន័យថា៖«នៅក្នុងស្រមោលនៃប្រាសាទអង្គរ»។សៀវភៅនេះកើតឡើងពី ការប្រមូលផ្ដុំអត្ថបទ ប្រលោមលោក កំណាព្យ ស្គ្រីប រឿង ខ្លីៗរបស់អ្នកនិពន្ធល្បីឈ្មោះមួយចំនួនដែលនៅរស់រានមានជីវិតពីសម័យខ្មែរក្រហម។ សៀវភៅនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ២០០៤ បន្ទាប់ពីអ្នកនិពន្ធនិង ការីនិពន្ធរូបនេះធ្វើដំណើរទៅវិញទៅមករវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកដើម្បី ចងក្រងសៀវភៅនេះ។ ឥឡូវនេះ លោកស្រីកំពុងធ្វើការលើសៀវភៅថ្មីមួយទៀតដែលភាគច្រើនជាស្នាដៃរបស់យុវជនកម្ពុជា។ លោកស្រី Sharon Mayបាននិយាយជាមួយកញ្ញាផនបុប្ផានៃ VOA អំពីបទពិសោធន៍របស់លោកស្រីនៅពេលលោកស្រីនៅប្រទេសកម្ពុជានិងអំពីសៀវភៅថ្មីរបស់លោកស្រីដែលលោកស្រីគ្រោងនឹងចេញផ្សាយនៅឆ្នាំ ២០១៨ ខាងមុខនេះ។
Your browser doesn’t support HTML5
តើលោកស្រីធ្វើជាអ្នកនិពន្ធរយៈពេលប៉ុន្មានឆ្នាំហើយ?
ខ្ញុំចាប់ផ្តើមសរសេរនៅពេលដែលខ្ញុំនៅជាក្មេងតូចមានអាយុប្រហែល ៦ ឆ្នាំ។ ខ្ញុំចង់ក្លាយជាអ្នកនិពន្ធ។ នោះជាក្តីសុបិន្តរបស់ ខ្ញុំ ប៉ុន្តែវាត្រូវចំណាយពេលជាច្រើនឆ្នាំមុនពេលដែលខ្ញុំចាប់ផ្តើមបោះពុម្ពផ្សាយសំណេររបស់ខ្ញុំ ហើយខ្ញុំនៅតែគិតថាខ្ញុំកំពុងតែបន្តរៀនសរសេរតទៅទៀត។ ខ្ញុំគិតថាក្នុងនាមជាអ្នកនិពន្ធយើងតែងតែបន្តរៀនការសរសេរសំណេររបស់យើង។
នៅពេលណាដែលលោកស្រីចាប់ផ្តើមយកការសរសេរនេះជារឿងមួយដែលចាំបាច់?
តាមពិតទៅខ្ញុំបានផ្តោតទៅលើការសរសេរនេះកាន់តែខ្លាំងបន្ទាប់ពីខ្ញុំបានត្រឡប់មកពីធ្វើការងារនៅជំរំជនភៀសខ្លួននៅតាមព្រំដែនកម្ពុជាថៃ។ ហើយបទពិសោធន៍ជាមួយ មនុស្សដែលខ្ញុំជួប និង រឿងដែលខ្ញុំបានឮ បានធ្វើអោយខ្ញុំរំជួលចិត្ត និង ចាប់អារម្មណ៍ជាខ្លាំង ហើយខ្ញុំចង់បង្កើតអ្វីមួយចេញពីបទពិសោធន៍នេះ។ដូច្នេះខ្ញុំចាប់ផ្តើមសរសេរកាន់តែច្រើនឡើងបន្ទាប់ពីខ្ញុំត្រឡប់មកវិញ។ ប៉ុន្តែពេលខ្លះខ្ញុំសរសេរ ហើយពេលខ្លះទៀតខ្ញុំមិនសរសេរនោះទេ។ ខ្ញុំគិតថានៅអំឡុងឆ្នាំ២០០០ ខ្ញុំបានត្រឡប់ទៅសិក្សាថ្នាក់អនុបណ្ឌិតអំពីសិល្បៈនិងការសរសេរនៅក្នុងរដ្ឋ កាលីហ្វញ៉ា (California)។ហើយបន្ទាប់ពីនោះខ្ញុំបានទទួលអាហារូបករណ៍ Wallace Stegner នៅសាកលវិទ្យាល័យ Stanford ដែលបានផ្ដល់ពេលវេលាដ៏អំណោយផលដល់ខ្ញុំដើម្បីសរសេរ ដូច្នេះនៅក្នុងជីវិតរបស់ខ្ញុំពេលខ្លះខ្ញុំសរសេរនិងពេលខ្លះអត់។
ហេតុអ្វីបានជាលោកស្រីសម្រេចចិត្តធ្វើការនៅក្នុងជំរំជនភៀសខ្លួននៅពេលនោះ?
ខ្ញុំសិក្សានៅក្នុងឆ្នាំដំបូងនៅសាកលវិទ្យាល័យរបស់ខ្ញុំ ហើយខ្ញុំមានមិត្តភក្តិម្នាក់ដែលធ្វើការក្នុងជំរុំក្នុងតំបន់ Khao-I-Dang។ គាត់បានសរសេរសំបុត្រផ្ញើរមកខ្ញុំដោយនិយាយថា៖«អ្នកគួរតែមកនៅទីនេះហើយ ជួបជាមួយមនុស្សនៅទីនេះ។ ហើយប្រសិនបើអ្នកចង់រៀនអំពីជីវិតមនុស្សបន្ថែមទៀតនោះ អ្នកគួរតែមកនៅទីនេះ» ដូច្នេះខ្ញុំបាននៅទីនោះនៅក្នុងរដូវក្តៅ។ ផែនការរបស់ខ្ញុំគឺទៅទីនោះត្រឹមបីសប្តាហ៍។ ខ្ញុំបានទទួលកាតជាអ្នកកាសែតថតរូប ហើយខ្ញុំបានទៅជំរុំនិងចុងបញ្ចប់នៃពេលវេលានោះខ្ញុំមិនចង់ចាកចេញពីទីនោះទេ។ ខ្ញុំចង់ស្នាក់នៅទីនោះបន្ត ដូច្នេះខ្ញុំបានទទួលការងារធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅជំរំ ការធ្វើបទសំភាសន៍មួយចំនួននិងការងារជាមួយតន្រ្តីករខ្លះ។ ខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីខ្ញុំអាចបន្តនៅទីនោះបានរយៈពេលប្រហែលមួយឬពីរឆ្នាំ ហើយបន្ទាប់មកខ្ញុំបានត្រលប់ទៅសហរដ្ឋអាមេរិកវិញនិងនៅទីបំផុតខ្ញុំបានបញ្ចប់ការសិក្សារបស់ខ្ញុំនៅសាកលវិទ្យាល័យ។ ទីបំផុតខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញ។ ពេលនោះនៅពេលដែលត្រឡប់មកជំរំកម្ពុជាវិញអ្នកមិនអាចចូលទៅក្នុងប្រទេសកម្ពុជាបានទេក្នុងនាមជាជនជាតិអាមេរិកាំង។ ខ្ញុំបានត្រឡប់មកវិញនៅពេលក្រោយទៀត។
តើមានអ្វីដែលធ្វើឪ្យលោកស្រីចាប់អារម្មណ៍ខ្លាំងជាងគេខណៈពេលដែលលោកស្រីធ្វើការនៅជំរំនោះ?
ខ្ញុំប្រហែលជានឹងត្រូវសរសេរសៀវភៅមួយក្បាលដើម្បីរៀបរាប់អំពីរឿងនោះ។ ប៉ុន្តែនៅក្នុងភាសាខ្មែរអ្នកនិយាយថា «ចាប់អារម្មណ៍» ដែលត្រូវបានបកប្រែជាភាសាអង់គ្លេសថាInterestingគួរឪ្យចាប់អារម្មណ៍។ ប៉ុន្តែខ្ញុំគិតថាវាជាពាក្យដែលមានន័យជ្រៅជាងនោះ។ ពាក្យ«Chap» មានន័យថា«ចាប់យក»និង« Arom»មានន័យថាអារម្មណ៍របស់មនុស្សម្នាក់។ នោះហើយគឺជាអ្វីដែលកើតឡើងចំពោះខ្ញុំ។ ប្រជាពលរដ្ឋធ្វើអោយខ្ញុំចាប់អារម្មណ៍។ ខ្ញុំកោតសរសើរប្រជាពលរដ្ឋ។ ខ្ញុំមានអារម្មណ៍ថារំភើបចិត្តយ៉ាងខ្លាំងដោយសាររឿងរបស់ពួកគាត់។ ហើយខ្ញុំមានអារម្មណ៍ថាមានរឿងជាច្រើនដែលខ្ញុំត្រូវរៀនពីប្រជាជនកម្ពុជា។
តើសៀភៅ «នៅក្នុងស្រមោលអង្គរ» In theShadowofAngkorនិយាយអំពីអ្វី?
អ្វីដែលធ្វើឲ្យខ្ញុំគិតអំពីសៀវភៅនេះគឺថារឿងមួយក្នុងចំណោមរឿងដំបូងរបស់ខ្ញុំគឺអំពីប្រទេសកម្ពុជា ហើយក្រោយមកនិពន្ធនាយករបស់ខ្ញុំបានមករកខ្ញុំហើយនិយាយថា៖ «តើអ្នកមានគំនិតយ៉ាងម៉េចអំពីការស្វែងរក [អត្ថបទ]អក្សរសាស្រ្តខ្មែរមួយចំនួន»? ហើយខ្ញុំបានប្រាប់គាត់អំពីគំនិតរបស់ខ្ញុំ។ ហើយគាត់បានស្នើរខ្ញុំឲ្យជួយកែសម្រួលសៀវភៅមួយក្បាលអំពីអក្សរសាស្រ្តកម្ពុជាដូច្នេះខ្ញុំក៏បានចាប់ផ្តើមស្វែងរកអ្នកនិពន្ធដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនិងស្វែងរកសំណេរថ្មីៗទៀត។
ហើយខ្ញុំក៏បានធ្វើបទសម្ភាសន៍ជាមួយអ្នកនិពន្ធខ្មែរមួយចំនួនផងដែរ ពីព្រោះខ្ញុំយល់ថារឿងរ៉ាវរបស់ពួកគេសំខាន់ណាស់ ដូច្នេះបទសម្ភាសន៍របស់ពួកគេក៏មាននៅក្នុងសៀវភៅផងដែរ។ រឿងមួយទៀតគឺថានៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការលើសៀវភៅនេះគេប្រាប់ខ្ញុំថាជនជាតិខ្មែរមិនចេះសរសេរទេ។ អ្វីដែលខ្ញុំរកឃើញនោះគឺថារឿងនោះវាមិនពិតទេ។ប្រជាជនកម្ពុជាអាចសរសេរហើយមានសហគមន៍អ្នកសរសេរដែលលូតលាស់នៅក្នុងប្រទេសកម្ពុជានៅមុនពេលសម័យសង្គ្រាម។
លោកស្រីកំពុងចងក្រងសៀវភៅថ្មីមួយក្បាលទៀតមែនដែរឬទេ?
ចាស ជាការពិតខ្ញុំកំពុងតែធ្វើរឿងនោះ។ ដូច្នេះហើយបានជាខ្ញុំនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំកំពុងស្វែងរកអ្នកនិពន្ធចេញពីប្រទេសកម្ពុជាហើយខ្ញុំមានគម្រោងចងក្រងសៀវភៅថ្មីមួយចេញពីសៀវភៅនេះដែលត្រូវពង្រីកបន្ថែមទៀតហើយអត្ថបទនឹងនិយាយអំពីអ្វីដែលត្រឡប់ទៅក្នុងពេលអតីតកាល ដើម្បីបញ្ចូលទាំងអក្សរសាស្រ្តបុរាណនៃប្រទេសកម្ពុជាច្រើនទៀតនិងអត្ថបទខ្លះអំពីបច្ចុប្បន្នភាពនេះដូច្នេះ ក្នុងពេលឥឡូវនេះខ្ញុំកំពុងស្វែងរកសំណេរពីអតីតកាលនិងសំណេរពីបច្ចុប្បន្នកាលនេះ។ ហើយខ្ញុំនឹងចងក្រងសៀវភៅនេះឲ្យក្លាយជាសៀវភៅថ្មីមួយក្បាល និង ពង្រីកសៀវភៅនេះបន្ថែមទៀត។
តើលោកស្រីរំពឹងថាសៀវភៅនេះនឹងត្រូវបានបញ្ចប់នៅពេលណា?
ខ្ញុំមានគម្រោងចំណាយពេលធ្វើការលើសៀវភៅនេះប្រហែលមួយឆ្នាំទៀត ដូច្នេះគឺវាឈានចូលដល់ឆ្នាំក្រោយ។ ហើយខ្ញុំមិនប្រាកដទេថាពេលណាជាកាលបរិច្ឆេទបោះពុម្ពផ្សាយសៀវភៅនេះ។ ខ្ញុំជឿជាក់ថា វាមានរយៈពេលមួយឆ្នាំបន្ទាប់ពីនោះ ដូច្នេះខ្ញុំនឹងត្រូវធ្វើការលើសៀវភៅនេះក្នុងឆ្នាំ ២០១៧ បន្ទាប់មកខ្ញុំគិតថាកាលបរិច្ឆេទនៃការបោះពុម្ពផ្សាយនេះនឹងត្រូវប្រកាសនៅក្នុងឆ្នាំ២០១៨ ប៉ុន្តែខ្ញុំនឹងប្រាប់អ្នកឲ្យអ្នកដឹង។
តើអ្នកយល់យ៉ាងមេ្តចដែរចំពោះទិដ្ឋភាពអក្សរសាស្ត្ររបស់កម្ពុជា?
ក្តីសង្ឃឹមរបស់ខ្ញុំគឺថាអ្នកនិពន្ធនិងអ្នកអានរបស់កម្ពុជានឹងរីកលូតលាស់ខ្លាំងឡើងៗហើយខ្ញុំមើលឃើញការចាប់ផ្តើមសហគមន៍អ្នកសរសេរដែលកំពុងត្រូវបានគេបង្កើតឡើងនៅទីនេះ។ ហើយខ្ញុំគិតថាវាមានសារៈសំខាន់ណាស់ដើម្បីកសាងសហគមន៍អ្នកសរសេរនោះនៅក្នុងផ្លូវណាដែលយើងអាចធ្វើទៅបានតាមរយៈការសន្ទនារវាងអ្នកសរសេរពីប្រទេសកម្ពុជាជាមួយនឹងអ្នកសរសេរពីប្រទេសផ្សេងៗទៀត។ ហើយអ្វីដែលខ្ញុំឃើញនោះគឺថាប្រជាពលរដ្ឋជាច្រើននៅប្រទេសកម្ពុជាចង់សរសេរខ្លាំង។
កំណត់ចំណាំ៖ បទសម្ភាសន៍នេះត្រូវបានកែសម្រួលដើម្បីឲ្យងាយយល់។ អ្នកសរសេរដែលចង់ចូលរួមនៅក្នុងសៀវភៅរបស់លោកស្រី May អាចទំនាក់ទំនងជាមួយអ្នកនិពន្ធតាមរយៈអ៊ីម៉េល៖ cambodiawriting@gmail.com ៕