ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​និពន្ធ​សៀវភៅ​អំពី​ប្រាសាទ​ព្រះវិហារ​ពន្យល់​អំពី​សារៈ​សំខាន់​របស់​ប្រវត្តិ​សាស្ត្រ​ប្រាសាទ​នេះ

  • នៅ វណ្ណារិន

ប្រាសាទ​ព្រះវិហារ​ ដែល​ស្ថិត​នៅ​លើ​ជាយ​ភ្នំ​ដងរែក​​ ជិត​ព្រំដែន​នៃ​ប្រទេស​ថៃ​ ​បាន​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​កម្ពុជា​និង​ប្រទេស​ថៃ​ ក្នុង​រយៈ​ពេល​ជា​​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ លោក​ John Burgess​ ​អតីត​អ្នក​រាយ​ការណ៍ព័ត៌មាន​របស់​កាសែត​ The Washington Post​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ថ្មី​មួយឈ្មោះ​ថា​ «Temple​ in the Clouds» ​ឬ​«ប្រាសាទ​នៅ​ក្នុង​ពពក»ស្តីពី​ប្រាសាទ​ព្រះវិហារ ​និង​វិវាទ​អំពីប្រាសាទ​នេះ ​បាន​ធើ្វ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​ជា​ថ្មី​ទៀត។

ប្រាសាទ​ព្រះវិហារ​ ដែល​ស្ថិត​នៅ​លើ​ជាយ​ភ្នំ​ដងរែក ជិត​ព្រំដែន​នៃ​ប្រទេស​ថៃ​ ​បាន​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​កម្ពុជា​និង​ប្រទេស​ថៃ​ ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។

សព្វថ្ងៃ​ប្រាសាទ​ដ៏​ចំណាស់​នេះ​បាន​ត្រឡប់​ទៅ​រក​សភាព​ស្ងប់ស្ងាត់​ ដោយ​មាន​ដំណើរ​ទស្សន​កិច្ច​របស់​ភ្ញៀវ​ទេសចរណ៍​ដូច​ធម្មតា​ឡើង​វិញ។​ ​លោក​ John Burgess​ ​អតីត​អ្នក​រាយ​ការណ៍ព័ត៌មាន​របស់​កាសែត​ The Washington​ Post​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ថ្មី​មួយ​ស្តីពី​ប្រាសាទ​ព្រះវិហារ​ និង​វិវាទ​អំពី​ប្រសាទ​នេះ​ ក៏​បាន​ធើ្វ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រាសាទ​សាជា​ថ្មី​ផង​ដែរ។​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA ​នៅ​ឯប្រាសាទ​នេះ ​លោកបាន​ថ្លែង​ឲ្យ​ដឹង​ថា ​រដ្ឋា​ភិបាល​ទាំង​ពីរ​អាច​នឹង​ពិបាក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ស្ថិរភាព​ដ៏យូរ​អង្វែង​មួយ​នៅក្បែរ​ប្រាសាទ​នេះ​ ​ពី​ព្រោះ​ប្រជាជន​ថៃ​ និង​កម្ពុជា​នៅ​តែ​មាន​កំសួល​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រាសាទ​នេះ​នៅ​ឡើយ។​

ស្ថាបនា​នៅ​លើ​ជាយ​ភ្នំម្ខាងនៃ​ជួរ​ភ្នំ​ដងរែក​ ​ប្រាសាទ​ព្រះវិហារ​នៃ​សត​វត្សរ៍​១១​នេះ​ធ្លាប់​ជា​ចំណុច​កណ្តាល​នៃ​អាណា​ចក្រ​ខ្មែរ។ ​លោក ​Burgess ​អ្នក​និពន្ធ​សៀវ​ភៅ​«Temple​ in the Clouds»​ ឬ​ប្រាសាទ​នៅ​ក្នុង​ពពក​ និយាយ​ថា៖​

«ប្រាសាទ​នេះ​វា​មានភាព​ខុស​ប្លែក​ពី​ប្រាសាទ​ខ្មែរ​ផ្សេង​ទៀត។​ ​វា​សាងសង់​ឡើង​នៅ​លើ​កំពូល​ភ្នំ​ធម្មជាតិ​ដ៏​ធំ​ ​និង​បាន​សាង​សង់​ឡើង​ដោយ​ក្សត្រ​ខែ្មរ​ជា​ច្រើន​អង្គ។​ ​វា​ត្រូវបានស្ថាបនា​តាម​ទិសជើង​ត្បូង​ និង​មានរាងជា​បន្ទាត់​ត្រង់​ដ៏​វេង​ មិនមាន​ជាងរាង​ការ៉េ​ ដូច​ប្រាសាទ​ភាគ​ច្រើន​ទេ»។​

ប្រាសាទ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ​នៃ​ព្រហ្មញ្ញ​សាសនា។

លោក​ Burgessបានឲ្យ​ដឹង​ថា​ ​ដូន​តាខ្មែរបាន​ប្រើប្រាស់​ថ្មភក់​ភ្នំ​ដែល​នៅ​លើ​ភ្នំ​ធម្មជាតិ​នោះ​ដើម្បី​សាងសង់​ប្រាសាទ​ ដែល​សព្វ​ថ្ងៃ​ក្លាយ​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភព​លោក។​

«នៅ​ពេល​ដែល​ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​មួយ​ពាន់​ឆ្នាំ​មុន ​ប្រាសាទ​នេះស្ថិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​ទឹកដី​នៃ​ចក្រភព​ខ្មែរ។​ ​ដោយ​សារតែ​ការ​ផ្លាស់​ប្តូរ​ព្រំដែន​ក្នុង​រយៈ​ពេល​ជា​ច្រើន​សត​វត្សរ៍​នេះ​ វា​ក៏​បាន​ប្រែ​ជា​នៅ​ត្រង់​ព្រំ​ប្រទល់​នៃ​ប្រទេស​ពីរ​ដែល​មិន​ទុក​ចិត្ត​គ្នា​គឺ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។​ ហើយ​ប្រាសាទ​នេះ​ត្រូវ​កាត់​សេចក្តី​ឲ្យ​ទៅ​ប្រទេស​កម្ពុជា​នា​ឆ្នាំ​១៩៦២។​ ក៏​ប៉ុន្តែ​ បញ្ហា​នៅ​តែ​មានជាបន្ត។​ មក​ដល់​ពេល​នេះ ​ជម្លោះ​ទឹកដី ​ដែល​ស្ថិត​នៅ​ជុំវិញ​ប្រាសាទ​មួយ​នេះ​ នៅ​តែ​មាន»។​

នៅ​ក្នុង​ឆ្នាំ​១៩៦២​ តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​បាន​បញ្ជាក់​ច្បាស់​ថា​ ប្រសាទ​នេះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ ​ក៏​ប៉ុន្តែ​ជម្លោះ​ទឹក​ដីនៅ​ជុំវិញ​ប្រាសាទ​នោះ​នៅ​តែ​បន្ត​ និង​ឈាន​ដល់​ការ​ប្រឈម​ផ្នែក​យោធា​ដាក់​គ្នា​រវាង​កម្ពុជា​និង​ថៃ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨។​ នា​ឆ្នាំ​២០១៣​ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​កំណត់​ថា ​ប្រទេស​កម្ពុជា​មាន​អធិបតេយ្យ​ភាព​ទឹក​ដី​ដែល​នៅជុំវិញ​ទីតាំង​ប្រាសាទ​នោះ​ ហើយ​ថៃ​ត្រូវ​តែ​ដកទ័ព។​

ប្រាសាទ​ព្រះ​វិហារបាន​វិល​ត្រឡប់​ទៅ​ជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឡើង​វិញ។​ ​ភ្ញៀវ​ទេសចរណ៍​ ដូច​ជា​លោក​ហែម សុភារៈ​ ជា​សមាជិក​ក្រុម​វេទិកា​អន្តរ​ជំនឿ​ ​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សា​ជាមួយក្រុម​ចម្រុះ​ជាតិ​សាសន៍​ក្នុង​តំបន់។​ ​លោក​ហែម​ សុភារៈ​និយាយ​ថា​ សន្តិភាព​និង​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​តំបន់​ប្រាសាទនេះ​គឺ​ជា​រឿង​ល្អ​សម្រាប់គ្រប់ៗ​គ្នា។​

«ហ្អា ​ជា​យោបល់​របស់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​សូម​សំណូមពរ​ដល់​រដ្ឋាភិបាល​ទាំង​ពីរ​ឲ្យ​គាត់​គិត​ពី​ប្រយោជន៍​ប្រជាជន​ជា​ធំ​ មុន​ពេល​ធ្វើ​អ្វី​មួយ​ ពីព្រោះ​ធ្វើ​អី​ក៏​ដោយ​ អ្នក​ដែល​ឈឺ​ចាប់ មិន​មែន​រដ្ឋាភិបាល​ ដែល​ពួក​គាត់​អង្គុយ​នៅ​ក្នុង​ប៊ុយរ៉ូ​នោះ​ទេ​ ​មិនមែន​អស់​លោក​អ្នក​នឹង​ទេ​ គឺ​ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន ​ដែល​មាន​បញ្ហា។​ ជួន​កាល​គាត់​គេង​មិន​លក់​ ពេល​ដែល​មាន​គ្រាប់​ផ្ទុះ​ផូង​ផាំង​រហូត​អញ្ចឹង។​ ហើយ​ប្រពន្ធ​កូន​របស់​គាត់​បាន​អ្វី​ទទួលទាន​ បើ​មាន​បញ្ហាអញ្ចឹង»។​

លោក​ Burgess​ យល់​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពី​គួរ​តែ​រួម​សហការ​គ្នា​ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​ជាតិ​និយម​ជ្រុល​ដែល​អាច​នាំ​ដល់​ជម្លោះ​ដូច​អតីត​កាល។​

«វា​មិន​មែន​ជា​អ្វី​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​បាន​តាម​រយៈ​ការ​ចរចា ​និង​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​ ពីព្រោះ​នៅ​តែ​មាន​កំសួលយ៉ាង​ខ្លាំង​នៅ​ក្នុង​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ»។​

លោក​បាន​បន្ត​ថា៖​«អ្នក​ខ្លះ​ឲ្យយោបល់​ក្នុង​ការ​បង្កើត​សៀវភៅ​ប្រវត្តិ​សាស្ត្រ​រួម​ ​ដូច​ប្រទេស​បារាំង​ និង​អាលឺ្លម៉ង់​ ដែល​បាន​ឯកភាព​ធ្វើ​សៀវភៅ​រួមគ្នា​ ហើយ​សៀវភៅ​នេះ​ត្រូវ​បាន​គេ​បង្រៀន​នៅ​តាម​សាលា​នានា​ ​ហើយ​កូន​ចៅ​របស់​ជនជាតិ​អាល្លឺម៉ង​ និង​បារាំង​បាន​រៀន​ប្រវត្តិ​សាស្ត្រ​តែ​មួយ»។​

លោក​បាន​បន្ត​ទៀត​ថា​ ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា​ និង​ដំណើរ​ទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យបាន​ច្រើន​ ក៏​ជា​វិធី​សាស្ត្រ​មួយ​ល្អ​ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ពីរសិក្សា​ពីសារៈ​សំខាន់​នៃ​ប្រាសាទ​នេះ​ផង​ដែរ៕

XS
SM
MD
LG