ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ចិន​ទៅ​កាន់​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់

លោក Choe Ryong Hae អនុប្រធាន​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​កាន់​អំណាច​របស់​កូរ៉េ​ខាង​ជើង​ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក Song Tao ប្រធាន​នាយកដ្ឋាន​សម្របសម្រួល​កិច្ចការ​អន្តរជាតិ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាល​ពី​ពេល​ថ្មីៗ​នេះ បេសកជន​របស់​សហរដ្ឋ​អាមេរិក និង​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី។

ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ទាំង​នេះ ជា​ពិសេស​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ចិន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​លោក Trump ហៅ​ថា​ជា «ការ​វិវត្ត​ដ៏​ធំ» មួយ​នោះ បាន​បង្កើត​ឲ្យ​ការ​រំពឹង​ទុក​ថា កិច្ច​ប្រឹងប្រែង​ស្វែង​រក​ដំណោះស្រាយ​ការទូត​មួយ​ចំពោះ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ មាន​ការ​វិវឌ្ឍ​ទៅ​មុខ​មួយ​ចំនួន។

លោក Song Tao ដែល​ជា​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។ បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​បញ្ហា​នៃ​ការ​ព្រួយបារម្ភ​រួម​គ្នា​លើ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​តំបន់ ក៏​ដូចជា​អំពី​ទំនាក់ទំនង​ទ្វេភាគី​ផង​ដែរ។

កន្លង​មក មន្ត្រី​ចិន​មិន​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​ទេ។ នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រសួង​ការបរទេស​ចិន​បាន​អះអាង​ថា លោក Song Tao កំពុង​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឡើយ ប៉ុន្តែ​បាន​ផ្ដល់​ព័ត៌មាន​លំអិត​ថ្មី​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រចាំ​ដើម្បី​ពិភាក្សា​អំពី​សមាជ​ជាតិ​គណបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ដែល​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ ដំណើរ​ទស្សនកិច្ច​របស់​លោក Song Tao គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​ដែល​ធ្វើ​ឡើង​ដោយ​បេសកជន​ជាន់​ខ្ពស់​ចិន​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ៕