ការ​រស់នៅ​ហួស​ទិដ្ឋាការ​កំណត់​នៅ​ស.រ.អា​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​ដេញដោល​ពី​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​នោះ​ទេ

ការ​រស់នៅ​ហួស​ទិដ្ឋាការ​កំណត់​នៅ​ស.រ.អា​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​ដេញដោល​ពី​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​នោះ​ទេ។

ជាង ២០ ឆ្នាំ កន្លង​មក​ហើយ ចាប់​តាំងពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​បន្ត​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ហួស​ទិដ្ឋាការ​កំណត់​ឲ្យ​នោះ។ នៅ​ទី​បំផុត ចំនួន​អ្នក​ដែល​បន្ត​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហួស​ទិដ្ឋាការ​កំណត់​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។

ក្រសួង​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ៥២៧.១២៧ នាក់ ដែល​តម្រូវ​ឲ្យ​ចាកចេញ​ពី​សហរដ្ឋ​អាមេរិក​តាម​ការ​កំណត់​របស់​ទិដ្ឋាការ​របស់​ពួកគេ​នៅ​ក្នុង​ឆ្នាំ ២០១៥ បាន​បន្ត​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ចំនួន​នេះ​ជា​ចំនួន​អ្នក​ដែល​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​តាម​ផ្លូវ​អាកាស និង​ផ្លូវ​ទឹក​តែ​ប៉ុណ្ណោះ គឺ​មិន​បូករួម​ជាមួយ​នឹង​ចំនួន​អ្នក​ដែល​ចូល​មក​តាម​ផ្លូវ​គោក​នោះ​ទេ។

អាជ្ញាធរ​ត្រួត​ពិនិត្យ​ព្រំដែន​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៣៣៧.១១៧ នាក់ ដែល​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ ក្នុង​អំឡុង​ពេល​ដូច​គ្នា​នោះ​ដែរ ដែល​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ស្ទើរ​តែ​ទាំង​អស់ គឺ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក។ ប៉ុន្តែ អ្នក​ដែល​រស់នៅ​ហួស​ទិដ្ឋាការ​កំណត់​គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​ឆ្លង​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់​ទៅ​ទៀត។

ប្រហែល ៤០ ភាគរយ នៃ​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ចំនួន ១១ លាន ៤ សែន​នាក់ បាន​បន្ត​រស់នៅ​ហួស​ទិដ្ឋាការ​កំណត់​ដោយ​ខុស​ច្បាប់ ដែល​នេះ​ជា​ចំនួន​ដ៏​ច្រើន​មួយ ប៉ុន្តែ​ជា​រឿយៗ មិន​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​ដេញដោល​អំពី​បញ្ហា​អន្តោប្រវេសន៍​នោះ​ទេ។ តួលេខ​នេះ​អាច​កើន​ឡើង ស្រប​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក មាន​ចំនួន​ច្រើន​ជាង​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​ម៉ិកស៊ិក​ទៅ​ទៀត៕