វ៉ាក់សាំង​កូវីដ១៩ ​របស់​អាមេរិក​ត្រូវ​សាកល្បង​ដំណាក់កាល​ចុងក្រោយ​លើ​អ្នក​ស្ម័គ្រ​ចិត្ត ​៣០.០០០​នាក់

រូបឯកសារ៖ ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ២០២០។

ការ​សាកល្បង​វ៉ាក់សាំង​កូវីដ១៩ ​ទ្រង់ទ្រាយ​បំផុត​របស់​ពិភពលោក​បានចាប់​ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយមាន​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូងៗ​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្តប្រមាណ ​៣០.០០០ ​នាក់​ដែល​គ្រោង​ទុក បានទទួល​ចាក់​វ៉ាក់សាំងមួយដែល​បង្កើត​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជាមួយ​ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា Moderna។

វ៉ាក់សាំងសាកល្បង​មួយ​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​វ៉ាក់សាំង​សាកល្បង​រាប់​សិប​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បង​ចុង​ក្រោយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ប្រាកដ​ថា​វ៉ាក់សាំង​នេះ​នឹង​មាន​ប្រសិទ្ធភាព​ការពារ​មនុស្ស​ឡើយ។

អ្នក​ស្ម័គ​ចិត្តមិន​ដឹង​ថា​ពួក​គេ​ត្រូវ​គេ​ចាក់វ៉ាក់សាំង​ពិត​ប្រាកដ​ឬ​វ៉ាក់សាំង​ក្លែង​នោះ​ទេ ហើយ​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ពី​ដូស​មក អ្នក​វិទ្យាសាស្ត្រ​នឹង​តាមដាន​ពួក​គេក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ថា​នឹង​មាន​ឆ្លង​កូវីដ១៩​ទេ​ក្នុង​តំបន់​មាន​ការ​រាតត្បាត ដើម្បី​កំណត់​ថា​តើ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ឬ​ទេ។​

លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​ខាង​អាឡែហ្សី ​និងជំងឺឆ្លង ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP ក្នុង​ពេល​កន្លង​មក​ថា ដើម្បី​បាន​ចម្លើយ​អំពី​ប្រសិទ្ធភាព​នេះ «សហរដ្ឋ​អាមេរិក ជា​អកុសលនៅ​មាន​នេះ​មាន​ការ​ឆ្លង​យ៉ាង​ច្រើន»។​

ក្រុមហ៊ុន Moderna ថា​ ការ​សាកល្បង​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង Savannah រដ្ឋ Georgia ដែល​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​សាកល្បង​រាប់​សិប​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

នៅ​ជុំវិញ​ពិភពលោក​មាន​វ៉ាក់សាំង​សាកល្បង​មួយ​ចំនួន​ទៀត​ដូច​ជា​វ៉ាក់សាំង​របស់​ប្រទេស​ចិន និង​របស់​សាកលវិទ្យាល័យ Oxford របស់​ចក្រភព​អង់គ្លេស ដែល​កាល​ពី​ដើម​ខែ​កក្កដា​នេះ ត្រូវបានគេ​ធ្វើ​ការ​សាកល្បង​ដំណាក់កាល​ចុងក្រោយ​ដែរ​ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ជាង​នៅ​ប្រទេស​ដែល​មាន​ការ​រាតត្បាត​ខ្លាំង​ដូច​ជា​ប្រេស៊ីល​ជា​ដើម៕