សញ្ញានានាដូចជាការធ្លាក់ចុះនូវការលក់សំបុត្រភាពយន្ត និងការធ្វើដំណើរតាមយន្តហោះជាដើម បានបង្ហាញថា ដំណើររអាក់រអួលផ្នែកសេដ្ឋកិច្ចកំពុងតែកើតមាននៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលភាគច្រើនគឺបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
ប្រទេសចំនួន ៨ លើកលែងវៀតណាម និងមីយ៉ាន់ម៉ា ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ នឹងឃើញការធ្លាក់ចុះនូវផលិតផលក្នុងស្រុកសរុប GDP នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុន Capital Economics។
ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះរួចទៅហើយនៅត្រីមាសទីមួយនៃឆ្នាំនេះ ហើយប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន នឹងឃើញមានការខាតបង់សេដ្ឋកិច្ចខ្លាំងបំផុតនៅឆ្នាំ ២០២០ នេះ។
ទិន្នន័យនេះបង្ហាញឲ្យឃើញពីការប្រែប្រួលយ៉ាងខ្លាំងនៃដំណើររីកចម្រើនរបស់ប្រទេសអាស៊ានដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនលឿនទាំងនេះ ដែលជាប្រទេសសំខាន់ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សាកលលោក។
ជាទូទៅ ផលិតផលក្នុងស្រុកសរុប GDP នឹងធ្លាក់ចុះប្រហែល ១០ ភាគរយនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងការកើនឡើងជិត ៥ ភាគរយ កាលពីឆ្នាំមុន។ នេះបើយោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Capital Economics៕