អំពើ​ហិង្សា​បន្ត​កើតឡើង​នៅក្នុង​ការ​តវ៉ា​លើ​អណ្តូង​រ៉ែ​នៅ​ភូមា

ក្រុម​ប៉ូលីស​ភូមា​ឈរ​ជើង​នៅ​អណ្តូង​រ៉ែ​ Letpadaung ភាគ​ពាយព្យ​នៃ​ប្រទេស​ភូមា​កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤។

អំពើ​ហិង្សា​រវាងបាតុករ​និង​កងកម្លាំ​ង​សន្តិសុខ​បាន​បន្តកើតមាន​ឡើង​លើ​បញ្ហា​ផែនការ​ដើម្បី​ពង្រីក​អណ្តូង​រ៉ែ​ទង់​ដែង​ដែល​គាំ​ទ្រដោយ​ប្រទេស​ចិន។ ​ក្រុម​បាតុករ​ដែល​ជំទាស់​ប្រឆាំង​ដល់​ការ​ពង្រីកអណ្តូង​រ៉ែ​នេះ​និយាយ​ថា ​ពួកគេ​នឹង​ត្រូវគេ​បង្ខំឲ្យរើ​ទៅ​ទី​កន្លែង​ថ្មី​ដោយ​គ្មាន​បាន​ទទួល​សំណង​បាន​ត្រឹម​ត្រូវ​ចំពោះ​ដី​របស់​ខ្លួន។

មនុស្ស​យ៉ាង​ហោច​ណាស់​២នាក់​បាន​ទទួល​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​នៅ​សប្តាហ៍​នេះ ​មួយ​ថ្ងៃ​បន្ទាប់​ពីស្រ្តី​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ហើយ​និង​២០​នាក់​ទៀត ​បាន​រង​របួសនៅឯ​អណ្តូង​រ៉ែ Letpadaung Taung ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ភូមា។​ ​បាតុករ​ដែល​ជំទាស់​នឹង​ការ​ពង្រីក​អណ្តូង​រ៉ែ​នេះ​ដែរ​និយាយ​ថា ​ពួកគេ ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​សារ​គម្រោង​នេះ។

អ្នក​ស្រុក​ម្នាក់​ដែល​សុំ​មិនប្រាប់​អត្តសញ្ញាណ​បាន​ប្រាប់​ VOA ផ្សាយ​ជាភាសា​ភូមាថា ​បាតុករ​បានប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​ដ៏​គគ្លើន​កាល​ពី​ថ្ងៃ​អង្គារ។

«នៅ​ពេល​ព្រឹក​កងកម្លាំង​សន្តិសុខ​និងឆ្មាំ​ការ​ពារ​សន្តិសុខ​ក្រុមហ៊ុន Wan Bao ប្រហែល​២ពាន់​នាក់​បាន​ប៉ុនប៉ង​ធ្វើ​របង​លើ​ដី​សម្រាប់​គម្រោង​អណ្តូង​រ៉ែ​នោះ ​ប៉ុន្តែ​អ្នកភូមិ​ចង់​ឲ្យ​ពួកគេ​បញ្ឈប់​ការ​ប៉ុនប៉ង​សាង​សង់​នេះ។​ អ្នក​ភូមិ​២​នាក់ ​មាន​របួស​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ការ​បាញ់​ប្រហារ»។

Wan Bao ជា​ក្រុម​ហ៊ុន​ចិន​ដែល​ប្រតិបត្តិការ​អណ្តូង​រ៉ែ​ទង់​ដែង។ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ​ក្រុមហ៊ុន​បាន​សម្តែង​នូវ​ការ​អាណិត​អាសូ​រដល់​ស្រ្តី​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​អំពើ​ហឹង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ VOA ថា ​ខ្លួន​មាន​ការ​ព្រួយ​បារម្ភយ៉ាងខ្លាំង​អំ​ពីសេចក្តី​រាយការណ៍​នៃ​ការ​ស្លាប់​និង​របួស​ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​នៅឯ​អណ្តូងរ៉ែ​ទង់​ដែង Letpadaung Taung នេះ។

ក្រសួង​ការបរទេស​បាន​និយាយ​ទៀត​ថា ​ខ្លួន​បាន​ជំរុញឲ្យ​ភាគី​ទាំងអស់​អនុ​វត្តនូវ​ការ​អត់ធ្មត់​ ​ហើយ​ក្រសួងការ​បរទេស​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ភូមា​ចាំបាច់​ធ្វើ​ការ​ស៊ើប​អង្កេត​ជាបន្ទាន់​និង​ប្រកប​ដោយ​តម្លាភាពក្នុង​អំពើ​ហិង្សា​នេះ។

លោក Brad Adam ​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ប្រាប់ VOA ថា ​រដ្ឋាភិបាល​ភូមា​ចាំបាច់​អនុញ្ញាតិ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ​នៅ​ក្នុង​ការ​ស្លាប់​របស់​ស្រ្តី​ម្នាក់​ហើយ​និង​ចាប់​ជន​ដៃ​ដល់​ឲ្យ​ទទួល​ខុសត្រូវ៕