អ្នកភូមិ​ក្រាញ​ននាល​មិន​ចាកចេញ​ពី​លំនៅដ្ឋាន​ចាស់​ស្ថិត​ក្នុង​តំបន់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ គ្រាដែល​កម្រិត​ទឹក​កើន​ឡើង

រូបឯកសារ៖ ប្រជាពលរដ្ឋ​រង់​ចាំ​ជិះ​ទូក​ចំលង​ឆ្លង​កាត់​ទន្លេ​សេសាន​ នៅ​ក្នុង​ភូមិ​តាណង ឃុំ​តាឡៅ​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA)

​ទំនប់​សេសាន​ក្រោម​២ ​​ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤​នោះ​ ​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេហ្គាវ៉ាត់។​ ​ទំនប់​សេសាន​ក្រោម​២​ ​ដែល​មាន​ទួរបីន​សរុប​ចំនួន​១០។​

អាជ្ញាធរ​មូលដ្ឋានក្នុងស្រុក​សេសាន​បន្ត​ដាក់​កម្លាំង​មាន​សមត្ថកិច្ច​ចាំ​ឆែកឆេ​រ ​អ្នក​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិក្បាលរមាស និង​ភូមិ​ស្រែគរ​ ​ដែល​ជា​ភូមិ​ចាស់​ស្ថិត​ក្នុង​តំបន់​អភវិឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ។​ ​មន្ត្រី​ខេត្ត​អះអាង​ថា​ ​ការ​ដាក់​កម្លាំង​នេះ​មាន​បំណង​ការពារ​សនិ្តសុខ​ និង​សង្គ្រោះ​អ្នកភូមិ​ដែល​មិនព្រមចេញ​ពីលំ​នៅ​ដ្ឋាន​ចាស់​ ​ខណៈ​ដែល​ទឹក​បន្ត​កើន​ឡើង​ និង​អាច​ជន់​លេច​ភូមិទាំង​នោះ។​ ក៏ប៉ុន្តែ​ក្រុម​តំណាង​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឆែកឆេរ​ ហើយ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ ដល់​អ្នកមានបំណង​ចូលទៅ​ភូមិចាស់​ទាំង​ពីរ។

កម្រិត​ទឹក​បាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ភូមិ​ស្រែគរ​ ​ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង​ ​ក្នុង​ពេល​ដែល​ម្ចាស់​គម្រោង​វិយោគទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​ ​បាន​បិទទ្វារ​ទំនប់​ទាំង​ប្រាំបី​ ដើម្បី​ស្តុកទុក​ទឹក​កម្ពស់​៧១ម៉ែត្រ​ នេះ​បើយោង​តាម​តំណាង​ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់​នៅ​ជុំវិញ​ទំនប់​មាន​តម្លៃ​៨០០​លាន​ដុល្លារ​អាមេរិក។​

គ្រា​ដែល​កម្រិត​ទឹក​កើន​ឡើង​ អាជ្ញាធរ​មូលដ្ឋាន​ក្នុងខេត្ត​ស្ទឹង​ត្រែង​ ​បាន​បន្ត​រឹត​បន្តឹង​ច្រកចេញ​ចូល​ទៅ​កាន់​ភូមិ​ចំនួន​ពីរ​គឺ​ភូមិក្បាល​រមាស​ចាស់​ និង​ភូមិស្រែគរ​ ​ដោយមិន​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ ឬ​អ្នក​សារ​ព័ត៌មាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ទាំង​ពីរ​ដោយ​សេរី​នោះ​ឡើយ។​

កញ្ញា​ ​ជឿន ស្រីមុំ​ តំណាង​ប្រជាពល​រដ្ឋ​ខ្មែរ​ក្នុង​ភូមិក្បាល​រមាស​ចាស់​ ​បាន​ប្រាប់​ VOA​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ទឹក​បាន​ឡើង​ដល់​ត្រឹម​ជង្គង់​ ​និង​ភ្លៅក្នុងផ្នែក​ខ្លះនៃភូមិ​ស្រែគរ​ចាស់​ ដែល​មាន​មនុស្ស​ប្រមាណ​ជាង​ ​១០០នាក់​ ​មិនព្រម​ចាកចេញ​ពី​លំនៅ​ដ្ឋាន​របស់​ពួក​គេ។​ ​កញ្ញា​ឲ្យដឹង​ថា​ ពួកគេ​បធិសេធ​មិន​ចាក​ចេញ​ និងបាន​នាំ​យក​សម្ភារៈ​សំខាន់ៗ​ទៅ​ដាក់​នៅ​ទីទួល​សុវត្ថិភាព។​ សម្រាប់​ភូមិក្បាល​រមាស​ កញ្ញា​ឲ្យដឹង​ថា​ ​ទឹក​មិន​ទាន់​ជន់​លេច​នោះ​ឡើយ។​ ​តែ​តំណាង​ជនជាតិ​ព្នង​រូបនេះ​ មិន​អាចព្យាករណ៍​ជា​មុន​បាន​ទេ​ អំពីការជន់​លេច​នៅ​ពេល​ខាង​មុខ។​

«​យើង​អត់​ទាន់​ដឹង​ជាក់​ស្តែង​ទេ​ ទាល់តែ​ប្រហែល​ជា​វាឈប់​ភ្លៀង​កាលណា​ ពេល​គេបិទ​ បិទទៅ​ តាម​តម្រូវការ​ថា​ ៧២ម៉ែត្រ​ហ្នឹង​មែន​ បើសិន​ជា​ នៅកន្លែង​ហ្នឹង​វាអត់​ទាន់​លេចមែន​ យើង​នឹង​អត់​នេះ​ទៅណា យើង​នៅកន្លែងហ្នឹង​ដដែល​ ប៉ុន្តែ​វា​ វា​មិនដូច​មុន​ទេ​ ដោយសារថា​មួយចំណែក​នៃ​ដីខ្លះៗ​ហ្នឹង​ វាត្រូវលេចខ្លះ»។​

កញ្ញា​ ​ជឿន ស្រីមុំ ប្រាប់ VOA​ ​បន្ត​ថា​ ​អាជ្ញាធរ​នៅបន្ត​ដាក់​កម្លាំង​មាន​សមត្ថកិច្ច​ជាង​២០នាក់ត្រួត​ពិនិត្យ​ ដែល​មាន​បំណង​ចូល​ទៅ​ភូមិ​ចាស់​ទាំងពីរ។​ ​កញ្ញា​បាន​បញ្ជាក់ថា​ ការដាក់​កម្លាំងនេះ​ ធ្វើ​ឡើង​តាំងពីថ្ងៃ​ទី​២៣​ខែកក្កដា​។ កងកម្លាំងទាំងនោះ​ ​ថែមទាំងបាន​រារាំងមិន​ឲ្យមន្ត្រី​របស់​អង្គ​សហ​ប្រជា​ជាតិពីររូប​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ចូល​ទៅកាន់​ភូមិដ្ឋាន​ចាស់​ទាំងពីរ ដើម្បី​ឃ្លាំ​មើល​ស្ថានភាព​ទូទៅ​នៅ​ក្នុងភូមិ​ទាំងពីរ។​

តាម​ទិន្នន័យ​ផ្តល់​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​អង្គការ​ ​NGO Forum ​មាន​សហគមន៍​ចំនួន​ពីរ​គឺ​សហគមន៍​ភូមិ​ស្រែ​គរ​ និង​សហគមន៍​ភូមិ​ក្បាល​រមាស​ ​មិន​ព្រម​ចាក​ចេញ​ទី​ភូមិ​ដ្ឋាន​ដើម​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​ថ្មី​ទេ។​ ប្រជា​ពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២​ក្នុង​ភូមិ​ចំនួន​ពីរ​នោះ​គឺ​មាន​ចំនួន​៧០០​នាក់​ ​ដែល​ស្មើ​និង​១៨០​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​ចំនួន​១៤០​ខ្នង។​

​ទំនប់​សេសាន​ក្រោម​២ ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤​នោះ​ ​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេហ្គាវ៉ាត់។​ ​ទំនប់​សេសាន​ក្រោម​២​ ​ដែល​មាន​ទួរបីន​សរុប​ចំនួន​១០។​

​VOA​ ​ព្យាយាម​ទាក់ទង​អ្នក​ស្រី​សារុន សុខុម​ តំណាង​សហគមន៍​ភូមិ​ស្រែ​គរ​ចាស់​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន។​ ក៏ប៉ុន្តែ​តាមរយៈវីដេអូ​ឃ្លីប​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គ​មហ្វេសប៊ុក​ ​អ្នកស្រី​សារុន សុខុម​ ​ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​លើកឡើង​ពី​ការ​រឹតដ្បិត​របស់​អាជ្ញាធរមិន​ឲ្យអ្នកភូមិ​ចេញ​ចូល​លំនៅដ្ឋាន​របស់​ពួកគេក្នុង​ភូមិស្រែគរ​ និង​ភូមិ​ក្បាល​រមាសចាស់។​ ​អ្នកស្រី​ថ្លែង​ក្នុង​វីដេអូនោះថា៖ ​

​«ដីពីដូន​ ពីតាខ្ញុំ​ ផ្ទះសម្បែង​របស់ខ្ញុំ​ ជាញើស ជាឈាម​ពួកខ្ញុំ​ ប្រឹងកសាង​ឡើង​មក​ ហើយ​ខ្ញុំ​មិនអាច​ចាកចេញទេ​ ហើយ​សំណូមពរ​ទៅគាត់​ផង​ អាជ្ញាខេត្តស្រុក​ កុំ​មក​ជិះជាន់​ដ្បិតត្បៀត​ ជាន់​ករ​ពួកខ្ញុំ​ខ្លាំង​ពេក​ ពួកខ្ញុំ​មិន​ចាកចេញ​ទេ​ សូម្បី​តែ​ពួកខ្ញុំ​ស្លាប់​ខ្ញុំ​ ពួកខ្ញុំមិនចេញ​ទេ​ពីភូមិស្រែគរ​ហ្នឹង​ ខ្ញុំ​សំណូម​ពរ​ឲ្យគាត់​ ឈប់មកធ្វើ​ យក​កងកម្លាំង​ ប៉ូលីស​ ទាហាន​ មកយាម​ដេញពួកខ្ញុំ​អ្នកទោស​ ដូចខ្លួន​ខ្ញុំនេះ​ ជា​ជនអន្តោប្រវេសន៍​មកពី​បរទេស​អញ្ចឹង»។​

លោក​ ឌួង ពៅ​ ​អភិបាលរង​ខេត្តស្ទឹង​ត្រែង​ បាន​ច្រាន​ចោល​ការ​ប្រកាន់​អំពីការ​រឹតដ្បិត​សេរីភាព​ នៃ​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ភូមិ​ទាំង​ពីរ។

លោកមានប្រសាសន៍ប្រាប់​ VOA យ៉ាងដូច្នេះ៖​

«គេរឹតសន្តិសុខ​ ចុះបើ​សន្តិសុខ​នៅកន្លែង​ហ្នឹង​ មិន​ធានា​ ហើយ​គាត់​ចេញ​ចូល​ គាត់​មានសុវត្ថិភាព​មាន​អី​ មែនគាត់​ គេមិន​ឲ្យ​ចេញ​ គេមិន​ឲ្យ​ចូលណ៎ា​ តែគាត់​ទេ​ តឹងខ្លួនឯង សូម្បី​អាជ្ញាធរ​ចូលក្នុងដើម្បី​ជួយ​ពួកគាត់​ គាត់​មិន​ឲ្យចូល​ សួរថា​ គាត់​យល់​យ៉ាងម៉េច​ គេ​មែន​ទៅ​ចូល​ធ្វើ​បាប​គាត់​ ទៅរុះ​ផ្ទះ​គាត់​ឯណា​។ គេគ្រាន់​ទៅមើល​ស្ថានភាព​ថា​ទឹក​ វាឡើង​យ៉ាងម៉េច​? ប្រជាពលរដ្ឋ​រស់នៅ​របៀបម៉េច​? ហើយ​គាត់​មិន​ឲ្យចូល»។​

ក្រៅ​ពី​បញ្ហា​សន្តិសុខ​ លោក​អភិបាលរង​ខេត្ត​ស្ទឹង​ត្រែង​បាន​បន្ត​ថា​ ​ទឹក​នឹង​បន្ត​កើន​ឡើង​ និង​អាចជន់​លេច​ភូមិ​ទាំងពីរ​ តែ​ប្រជាពល​រដ្ឋ​ដែល​មិន​ព្រម​អាច​បន្ត​រស់​នៅ​ទី​នោះ​បាន​ ដោយ​អាជ្ញាធរ​នឹង​មិន​រា​រាំង​នោះ​ឡើយ។​

​«វាស្ថិតនៅក្នុង​តំបន់​បាតអាង​ មើលក្នុង​ផែនទី​ មើល​លក្ខណៈ​បច្ចេកទេស​ ដឹងថា​លេចហើយ​ ហើយ​រឿង​ថា​វាមិន​ទាន់​លេច​ កុំ​អាល់​ថា​ វាមិន​លេច​ ហើយ​គ្មាន​អាណាហាម​ឃាត់​ បើសិន​មិន​លិច​ ឲ្យ​គាត់​នៅទៀត​ទៅ​ អត់​អី​ទេ​ មាន​អ្នកណា​ហាម​ឃាត់​ទេ»។​

លោក​ ឌួង ពៅ ​អភិបាលរង​ខេត្ត​ស្ទឹង​ត្រែង បាន​បន្ថែមថា​ ម្ចាស់​គម្រោង​បាន​បិទទ្វារ​ទឹក​ចំនួន​ពីរ​ ក្នុង​ទ្វារ​ទឹក​ចំនួន​១០​ របស់​ទំនប់​ ​ដោយ​បារម្ភពី​ការ​ជន់​លេច​ខ្លាំង​ ដែល​បណ្តាល​មកពី​ទឹកជំនន់​ទឹកភ្លៀង​ និង​ទឹកហូរចេញ​ពីតំបន់​ផ្សេងទៀត។​

ក្រុម​តំណាង​ពល​រដ្ឋ​សហគមន៍​ក្នុង​ភូមិ​ស្រែគរ​ និង​ក្បាល​រមាស​បាន​ទទូច​សុំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ទីទួល​សុវត្ថិភាព​ ដែល​ពួកគាត់​គ្រោង​ទៅ​តាំង​ទីលំ​នៅ​បណ្តោះ​អាសន្ន។​ ​ពួក​គេ​ថា​ ទីតាំង​ថ្មីកំណ់ត​ដោយ​រដ្ឋាភិបាល​ និងម្ចាស់​អភិវឌ្ឍន៍​គ្រោង​ស្ថិត ​នៅឆ្ងាយ​ពី​ដី​ដូនតា​ ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​របៀប​របប​រស់​នៅ​តាម​ទំនៀម​ទម្លាប់​ចាស់​ ដែល​រួម​មាន​ការ​បាត់​បង់​ដី​សមូហភាព​ ​និង​ដី​អារក្ស​ជាដើម។​ ពួក​គេ​បន្ត​ថា​ ការដាក់​ឲ្យ​ដំណើរ​ការ​ទំនប់​សេសាន​ក្រោម​២​នេះ​នឹង​បំបាត់​ចោល​ទាំង​ស្រុង​នូវ​ការ​រក​ផល​នេសាទដែល​ធ្លាប់​មាន​ពី​ដើម​មក។​ អ្នក​ជំនាញ​ខាង​បរិស្ថាន​ក៏បាន​លើក​ឡើង​ថា រដ្ឋា​ភិបាល​គួរ​ធ្វើការ​អភិវឌ្ឍ ដែល​អាច​ឲ្យ​ពល​រដ្ឋ​រស់​បាន​ ជា​ជាង​ធ្វើការ​អភិវឌ្ឍ​ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តាម​សហគមន៍​ជុំវិញ​ទំនប់​សេសាន​ក្រោម២​នេះ៕