ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​នឹង​​សាកល្បង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ គ្រា​ដែល​ជនជាតិ​ដើម​ភាគតិច​មិន​ទាន់​ចាកចេញ​ពី​តំបន់​ប៉ះពាល់


កញ្ញា​ ជឿន​ ស្រីមុំ​ (ស្តាំ) តំណាង​ពលរដ្ឋ​នៅ​សហគមន៍​ក្បាល​រមាស​ ថ្លែង​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ផល​ប៉ះពាល់​​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ រៀបចំ​នៅ​រាជធានីភ្នំពេញ​ កាលពីថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA) ​

ទំនប់​វារីអគ្គិសនី​នេះ​ត្រូវ​បាន​វិនិយោគទុន​ដោយ​ក្រុម​ហ៊ុន​ចំនួន​៣ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន ​ឈ្មោះ​ China’s Lancang Hydropower International Energy​ ដែល​មាន​ចំណែក​ហ៊ុន​៥១​ភាគ​រយ​ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​ឧកញ៉ា​គិត ម៉េង​ចំនួន​៣៩​ភាគរយ​ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Vietnam’s EVN International​ ដែល​មាន​ចំណែក​ហ៊ុន​១០​ភាគ​រយ។​

ក្រុម​តំណាង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ ពន្យារ​ពេល​ប្រតិបត្តិការ​សាកល្បង​ទួរបីន​ទី១​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ខាង​មុខ​នេះ។

ក្នុងការ​សាកល្បង​នេះ​ក្រុមហ៊ុន​នឹង​បិទទ្វារ​ទឹក​១​ដើម្បី​ដំណើរការ​ទួរបីន​ទី១របស់ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ ដែល​អាច​នឹង​បង្ក​ការ​ជន់លិច​ក្នុង​តំបន់​ទំនប់​វារី​អគ្គិសនី​នេះ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​សហគមន៍​នានា។​

ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ស្តីពី​គម្រោង​សាក​ល្បង​ទំនប់នេះ​ ​កញ្ញា​ជឿន ស្រីមុំ​ ​ជន​ជាតិ​ដើម​ពូនង​ និង​ជា​តំណាង​សហគមន៍​ភូមិ​ក្បាល​រមាស បាន​ស្នើ​សុំ​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ម្ចាស់​ទំនប់​សេសាន​ក្រោម​២​ ទុក​ពេល​១​ខែ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុកធ្វើ​ការ​រុះរើ​សម្ភារៈ​ និងស្នើ​ឲ្យ​មាន​ការ​ស្រង់​ទិន្នន័យ​នៃ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​នីមួយៗ​ជា​លក្ខណៈ​សហគមន៍​ប្រកប​ដោយ​តម្លាភាព។​

កញ្ញា​ជឿន ស្រីមុំ​ ​ជនជាតិ​ដើម​ពូនង​ និង​ជា​តំណាង​សហគមន៍​ភូមិ​ក្បាល​រមាស​និយាយថា៖​ ​

«ទីមួយ​ យើង​សុំពន្យារ​ពេល​រយៈពេល​មួយ​ខែ​ ដើម្បី​ជញ្ជូន​សម្ភារៈ​ ក៏​ដូច​ជា​ធ្វើ​យ៉ាង​ម៉េចសុំ​ឲ្យ​រដ្ឋាភិបាល​ក៏ដូច​ជា​ក្រុម​ហ៊ុន​ដោះស្រាយ​នូវ​កន្លែង​មួយ​ដែល​សមស្រប​សម្រាប់​ទីទួល​សុវត្ថិភាពដែល​ពួក​គាត់​ជ្រើស​រើស។​ ទីពីរ​ រយៈពេល​មួយខែ​ហ្នឹង​ សុំ​ឲ្យ​ពួក​គាត់​ស្រង់​ទិន្នន័យ។ ​ ស្រង់ទិន្នន័យ​ហ្នឹង​មាន​ការ​ចូលរួម​ពីអង្គការ​ ដែល​ឯករាជ្យ​ ចូលរួម​ពី​ក្រុម​ហ៊ុន​ ចូល​រួម​ពី​សហគមន៍​ ហើយ​និង​អ្នក​ដែលមក​ពី​ស្ថាប័ន​ឯករាជ្យ»។​

តំណាង​សហគមន៍​រូប​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួយ​សប្បុរស​ធម៌​ពី​កាកបាទ​ក្រហម​កម្ពុជា​ ដោយ​ផ្តល់​សម្ភារៈ​ផ្សេងៗ​ ដូច​ជា​ធុង​ទឹក​ និង​ថ្នាំពេទ្យ​ ដើម្បី​ជួយ​ដល់​ការ​រុះរើ​សម្ភារៈ​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព​ផង​ដែរ។​

តាម​ទិន្នន័យ​ផ្តល់​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​អង្គការ NGO Forum ​មាន​សហគមន៍​ចំនួន​ពីរ​គឺ​សហគមន៍​ភូមិ​ស្រែ​គរ​ និង​សហគមន៍​ភូមិ​ក្បាល​រមាស​ មិន​ព្រម​ចាក​ចេញ​ទី​ភូមិដ្ឋាន​ដើម​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​ថ្មី​ទេ។​ ប្រជា​ពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២​ក្នុង​ភូមិ​ចំនួន​ពីរ​នោះ​គឺ​មាន​ចំនួន​៧០០​នាក់​ ​ដែល​ស្មើ​និង​១៨០​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​ចំនួន​១៤០​ខ្នង។​

លោក​ដួង ពៅ​ ​អភិបាលរង​ខេត្ត​ស្ទឹងត្រែង​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អាជ្ញាធរ​មិន​បាន​តៀម​ជួយ​សម្រួល​ប្រជា​ពល​រដ្ឋ​ដែល​មិនព្រម​ចាក​ចេញ​ពី​លំនៅដ្ឋាន​ចាស់​ឲ្យ​ទៅ​ជ្រក​លើ​ទី​ទួល​សុវត្ថិភាព​ណា​នោះ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​បាន​រៀបចំ​លំនៅ​ដ្ឋាន​ថ្មី​ ដែល​មាន​ដី​ស្រែ​ និង​ដីដែល​ត្រូវប្រើ​ទៅតាម​ទំនៀម​ទម្លាប់​ចាស់​របស់​ពលរដ្ឋ។ ​លោក​បញ្ជាក់​បន្ថែម​ថា​ គ្មាន​ការ​ពន្យារ​ពេល​នៃការ​សាកល្បង​បិទ​ទ្វារ​ទឹក​ទី១​នៃ​ទំនប់​សេសាន​នេះ​ទេ។​

«យើង​អត់​បាន​រៀប​ចំ​ទេ​ ព្រោះ​អាហ្នឹង​ យើង​បាន​រៀបចំ​ទីតាំង​ថ្មី​ ទៅភូមិថ្មី​ មាន​ដី​ មាន​ផ្ទះ​សម្បែង​ មាន​ដី​កសិកម្ម​ជូនគាត់​អស់​ហើយ។​ អាហ្នឹង​រឿង​របស់​គាត់។​ ពេល​ដែល​គាត់​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ ពេល​ទឹក​លិច​ហ្នឹង​ អាហ្នឹង​ជា​ជម្រើស​របស់​គាត់។ ​យើង​អត់​បាន​រៀបចំ​សម្រាប់​ការ​បញ្ចៀស​គាត់​ទៅរក​ទីទួល​ទេ។​ ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ ក៏​អាជ្ញាធរ​ខេត្ត​ត្រួត​ពិនិត្យ​ការ​រុះរើ​លំនៅដ្ឋាន​របស់​គាត់​ នៅពេល​ទឹ​កលិច»។​

លោក​អភិបាល​រង​ខេត្ត​បន្ត​ថា៖​

«យើង​នឹង​សម្រប​សម្រួល​ថា​ ឲ្យ​គាត់​នៅ​បណ្តោះ​អាសន្ន​យ៉ាង​ម៉េច ​ឬក៏ត្រូវអនុលោម​តាម​គាត់​ ក្នុង​ការ​ទៅរក​ទីតាំង​ថ្មី​ នៅ​ទីទួល​សុវត្ថិភាព​ហ្នឹង»។​

យ៉ាងណា​ក៏​ដោយ​ កញ្ញាជឿន ស្រីមុំ​ ​និយាយថា​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ភូមិ​ក្បាល​រមាស​មិន​អាច​ទៅរស់​នៅ​ទីតាំង​ថ្មី​នោះ​ឡើយ​ ​ដោយ​ហេតុ​ថា​ មិន​មែនជា​ទំនៀមទម្លាប់​ដើម​របស់​ជន​ជាតិ​ដើម​ភាគតិច​ ដែលត្រូវ​រស់នៅ​លើ​ដីលក្ខណៈ​ឯកជន​នោះ។​ ​កញ្ញា​ថា​ ​ការ​រុះរើទៅ​នៅ​ទីទួល​សុវត្ថិភាព​នោះ​គឺ​ ជាលក្ខណៈ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ ​ព្រោះ​ពលរដ្ឋក្នុង​សហគមន៍​មិន​អាច​ទទួល​យក​សំណង​ដែល​ផ្តល់​ជូន​ ​ដោយ​ក្រុមហ៊ុន​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​ឲ្យ​ទៅ​រស់​នៅ​ទីតាំង​ថ្មី​នោះ។​

«ដោយ​សារ​តែ​យើង​ទៅ​ដល់​កន្លែង​ហ្នឹង​ យើង​លែង​មាន​អត្តសញ្ញាណ​ជន​ជាតិ​ដើម​ភាគតិច​ហើយ។ គេ​វាស់​ដី​ជាឯកជន។​ ជនជាតិ​ដើម​ភាគតិច​មាន​ដី​សមូហភាព​ មានដី​សមូហភាព​ហ្នឹង​ មាន​ដីសម្រាប់​ព្រៃ​អារក្ស​ ដី​កប់​ខ្មោច​ ដី​សម្រាប់​ប្តូរវេណ​ដំណាំ​ ដី​សម្រាប់​កសិកម្ម​ ចម្ការ​វិល​ជុំ​ផ្សេងៗ​ នៅ​ក្នុង​ហ្នឹង​ទាំង​អស់។​ កាលណា​តែ​កាត់​ដី​ម្នាក់​ប្រាំ​ហិកតា​ មួយ​គ្រួសារ​ប្រាំ​ហិកតា​ អីចឹង​វាលែង​មាន​ដី​សមូហភាព​សម្រាប់​ជន​ជាតិ​ដើម​ភាគតិច​ ហាក់​ដូចជា​បំបាត់​ បំផ្លាញ អត្ត​សញ្ញាណ​ជន​ជាតិ​ភាគ​តិច»។​

កញ្ញា​ជឿន ស្រីមុំ​បាន​បន្ថែម​ថា​ ទីតាំង​ដែល​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ពលរដ្ឋ​ទៅ​រស់​នៅ​នោះ​គឺ​ស្ថិត​ក្នុង​ភូមិ​ក្បាល​រមាស​ថ្មី​ ឃុំ​ក្បាល​រមាស​ សុ្រក​សេសាន​ ខេត្ត​ស្ទឹងត្រែង។​ ​កញ្ញា​បន្ត​ថា​ ពល​រដ្ឋ​នឹង​ទទួល​បាន​ដីលំ​នៅ​ដ្ឋាន​ទំហំ​ក្បាល​២០​ម៉ែត្រ ​និង​បណ្តោយ​៥០​ម៉ែត្រ​ហើយ​និង​ដីស្រែ​ចំនួន​៥ហិកតា។​ កញ្ញា​បន្ត​ថា​ តាម​ការឲ្យ​ដឹង​ពី​ពលរដ្ឋ​ដែល​ព្រមទៅ​រស់​នៅ​ទីតាំង​ថ្មី​នោះ​ អាជ្ញាធរ​មិន​បាន​ផ្តល់​ដីស្រែ​គ្រប់​៥​ហិកតា​នោះ​ទេ។​

ទំនប់​សេសាន​ក្រោម​២ ​ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​៨០០​លាន​ដុល្លារ​អាមេរិក ​ហើយដែល​ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤​នោះ​ ​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេហ្គាវ៉ាត់។​ថាមពល​៥០​ម៉េហ្គាវ៉ាត់​នឹង​ផលិត​បាន​តាម​ការ​សាកល្បង​ទួរបីន​ចំនួន​១​របស់​ទំនប់​សេសាន​ក្រោម​២​ ​ដែល​មាន​ទួរបីន​សរុប​ចំនួន​៨។​

អ្នក​ស្រី​សារុន សុខុម​ តំណាង​សហគមន៍​ភូមិ​ស្រែ​គរ​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​នឹង​មិន​ចាក​ចេញ​ពី​ភូមិដ្ឋាន​របស់​ពួក​គេ​នោះ​ទេ​ ទោះ​បី​ជា​រង​ការ​ជន់លិច​ទឹក​ក៏​ដោយ។​

«ទោះបី​ទឹក​លិច​លង់​ប៉ុណ្ណា​ក៏​ខ្ញុំ​ក៏​អាច​នៅ​ត្រើយ​ ដែល​បាន​នៅក្បែរ​ជិត​គាត់​ ហើយ​ទឹក​ដី​ពួក​ខ្ញុំ​ធ្លាប់​រស់​នៅ​ ហេតុ​ដូច្នេះ​ហើយ​ពួក​ខ្ញុំ​គឺ​ដាច់ខាត​មិន​ចាកចេញ​គោល​ជំហរ​ហ្នឹង»។​

អ្នកស្រី​ សារុន សុខុម​ តំណាង​ពលរដ្ឋ​នៅក្នុង​សហគមន៍​ស្រែ​គរ​ អង្គុយ​ពីស្តាំ​ដៃ​ជាប់​លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ចូលរួម​សនិ្នសីទ​ព័ត៌មាន​ស្តីពី​ផលប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​។ (ហ៊ុល រស្មី/VOA)
អ្នកស្រី​ សារុន សុខុម​ តំណាង​ពលរដ្ឋ​នៅក្នុង​សហគមន៍​ស្រែ​គរ​ អង្គុយ​ពីស្តាំ​ដៃ​ជាប់​លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ចូលរួម​សនិ្នសីទ​ព័ត៌មាន​ស្តីពី​ផលប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​។ (ហ៊ុល រស្មី/VOA)

លោក​ដួង ពៅ​ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង​ ​បាន​ឲ្យ​ដឹង​បន្ត​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី២៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ ​លោក​បញ្ជាក់​ថា​ អាជ្ញាធរ​បាន​ត្រៀម​កម្លាំង​មាន​សមត្ថកិច្ច​រួចរាល់​សម្រាប់​ការពារ​សកម្មភាព​ខុស​ច្បាប់​ណា​មួយ​ ដែល​អាច​កើត​ឡើង​ នៅក្នុង​ពេល​ដាក់​ឲ្យ​សាកល្បង​ទួរបីន​ទីមួយ​នៃ​ទំនប់​សេសាន​ក្រោម​២​នេះ។​

«វា​ជា​រឿង​គម្រោង​របស់​ជាតិ​ មិន​អាច​ឲ្យ​បុគ្គល​ម្នាក់​មកបន្ទុច​បង្អាក់​កិច្ច​ការ​សាធារណៈ​របស់​រដ្ឋ​ ដែល​ជា​ការ​អភិវឌ្ឍ​ជាតិ​ទេ។​ អីចឹងទោះបីគាត់​មិនព្រម​ម៉េច​ក៏​អាហ្នឹង​រឿង​របស់​គាត់។ ​ប៉ុន្តែ​បើ​គាត់​ប្រើ​ហិង្សា​ គាត់​មាន​សកម្មភាពហិង្សា​ អា​ហ្នឹង​គេ​ប្រើ​ច្បាប់​ហើយ»។​

ប៉ុន្តែ​លោក​ដាំ សំណាង​ តំណាង​សហគមន៍​ភូមិក្បាល​រមាស​ម្នាក់​ទៀត​ ថ្លែង​ថា​ ​ពលរដ្ឋ​សហគមន៍​នឹង​បន្ត​រស់​នៅ​ថែ​រក្សា​ទឹក​ដី​ដូនតា​ ដោយ​មិន​ឲ្យ​មាន​ការ​រុះរើ​ផ្នូរ​ដូនតា​របស់​ពួកគាត់​ជា​ដើម​ ទោះ​ក្នុង​ ឬ​ក្រោយ​ពេល​សាកល្បង​ទាញ​យក​ភ្លើង​ពី​ទំនប់​សេសាន​ក្រោម​២​ នៅថ្ងៃ​ទី​ ១៥​ ខែ​កក្កដា។​

«តើ​រដ្ឋាភិបាល​គិត​ម៉េច​ផ្នូរ​ដូនតា​ពួក​ខ្ញុំ? ​នែ៎! ពួក​ខ្ញុំ​ក៏ជា​មនុស្ស​ដែរ។​ ខ្ញុំ​ក៏​ចង់​ថែ​រក្សា​ ការពារ​អត្ត​សញ្ញាណ​ជនជាតិ​ដើម​ភាគតិច​យើង​ដែរ។ សូម្បី​តែ​នាយក​រដ្ឋ​មន្ត្រី​ក៏​គាត់​ការពារ​ផ្នូរ​ដូនតា​របស់ពួក​គាត់​ដែរ។​ ឪពុក​ម្តាយ​គាត់​ដែរ​ណ៎ា។​ គាត់ក៏​មនុស្ស។​ ពួក​ខ្ញុំ​ក៏​ជា​មនុស្ស។​ ខ្ញុំ​ត្រូវការពារ។​ ​មិន​មែន​យក​លុយ​ទៅ​ទិញ​ផ្នូរ​ដូនតា​ពួក​ខ្ញុំ​បាន​ទេ»។​

លោក​ ដាំ សំណាង​ តំណាង​ពលរដ្ឋម្នាក់​ទៀត​ ក្នុង​សហគមន៍​ក្បាល​រមាស​ កាលពីថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៧ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​ជំហរ​ពលរដ្ឋ​ដែល​មិនព្រម​ទៅតាំង​លំនៅដ្ឋាន​ថ្មី ស្ថិត​ឆ្ងាយ​ពី​ទំនប់​សេសាន​ក្រោម​២។ (ហ៊ុល រស្មី/VOA)
លោក​ ដាំ សំណាង​ តំណាង​ពលរដ្ឋម្នាក់​ទៀត​ ក្នុង​សហគមន៍​ក្បាល​រមាស​ កាលពីថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៧ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​ជំហរ​ពលរដ្ឋ​ដែល​មិនព្រម​ទៅតាំង​លំនៅដ្ឋាន​ថ្មី ស្ថិត​ឆ្ងាយ​ពី​ទំនប់​សេសាន​ក្រោម​២។ (ហ៊ុល រស្មី/VOA)

ទំនប់​វារីអគ្គិសនី​នេះ​ត្រូវ​បាន​វិនិយោគទុន​ដោយ​ក្រុម​ហ៊ុន​ចំនួន​៣ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន ​ឈ្មោះ​ China’s Lancang Hydropower International Energy​ ដែល​មាន​ចំណែក​ហ៊ុន​៥១​ភាគ​រយ​ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​ឧកញ៉ា​គិត ម៉េង​ចំនួន​៣៩​ភាគរយ​ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Vietnam’s EVN International​ ដែល​មាន​ចំណែក​ហ៊ុន​១០​ភាគ​រយ។​

ក្រោយ​សនិ្នសីទ​ស្តីពីការ​សាកល្បង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ ​លោក​តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ NGO Forum​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ​ពី​លំនៅ​ដ្ឋាន​ចាស់​ នៅ​មាន​ក្តីអាឡោះអាឡ័យ ​សោកស្តាយ​នូវ​ប្រពៃណី​ និង​វប្បធម៌​របស់​ពួក​គាត់។ ​លោក​និយាយ​ថា​ ពួក​គាត់​អាច​រើពី​ទីលំនៅ​ដ្ឋាន​ដើម​ មក​នៅ​ទី​លំនៅដ្ឋាន​ថ្មី​ ដែល​កៀក​នឹង​លំនៅដ្ឋាន​ចាស់​ ​ក៏​ដូច​ជាដីស្រែ​អាស្រ័យ​ផល​របស់​ពួក​គាត់។ ​លោក​បន្ត​ថា​ ​ភាគី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​គួរ​កោះ​ប្រជុំ​គ្នា​ជា​បន្ទាន់​ ដើម្បី​ពិភាក្សា​ពី​ផែនការ​ឆ្លើយ​តបទៅ​នឹង​ការ​រុះរើ​សម្ភារៈ​ ​ក្នុង​ករណី​ដែល​ការ​បិទ​ទ្វារទឹក​ទីមួយ​ដោយ​គ្មាន​ការ​ពន្យារ​ពេល។​

«អីចឹងនេះ​គឺ​ជា​សំណូម​ពរ​ ឬ​មួយ​ជាការ​ស្នើសុំ​បែប​វិជ្ជមាន។​ ដូច្នេះ​ក្រុមហ៊ុន​ ក៏ដូច​ជា​ក្រសួង​រ៉ែ និង​ថាមពល​ គួរ​គិត​ពិចារណា​ ហើយ​កោះ​ឲ្យមាន​កិច្ច​ប្រជុំ​ជាបន្ទាន់។​ ក្នុង​ករណី​បើ​នៅតែ​បិទ​ទឹក​នៅ​ថ្ងៃ​ទី​១៥​ ​គឺគួរ​មាន​ប្រជុំ​ ហើយ​មាន​ការ​ឯកភាព​គ្នា​ថា​ មាន​យន្តការ​អី​ខ្លះ​ទៀត​មានន័យ​រវាង​ប្រជាជន​ដែល​ទទួល​រង​ផល​ប៉ះពាល់ ក្រសួង​ និង​ក្រុមហ៊ុន​ក្នុង​ការ​ដោះស្រាយ​ទាក់​ទង​បញ្ហា​ហ្នឹង​បាទ»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​ លោក​ម៉េង​ ស័ក្តធារ៉ា​ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ ​តែ​នៅ​មិន​អាច​ទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្រុម​តំណាង​ពល​រដ្ឋ​សហគមន៍​ក្នុង​ភូមិ​ស្រែគរ​ និង​ក្បាល​រមាស​បាន​ទទូច​សុំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ទីទួល​សុវត្ថិភាព​ ដែល​ពួកគាត់​គ្រោង​ទៅ​តាំង​ទីលំ​នៅ​បណ្តោះ​អាសន្ន។​ ​ពួក​គេ​ថា​ ទីតាំង​ថ្មី​ឆ្ងាយ​ពី​ដី​ដូនតា​ ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​របៀប​របប​រស់​នៅ​តាម​ទំនៀម​ទម្លាប់​ចាស់​ ដែល​រួម​មាន​ការ​បាត់​បង់​ដី​សមូហភាព​ ​និង​ដី​អារក្ស​ជាដើម។​ ពួក​គេ​បន្ត​ថា​ ការដាក់​ឲ្យ​ដំណើរ​ការ​ទំនប់​សេសាន​ក្រោម​២​នេះ​នឹង​បំបាត់​ចោល​ទាំង​ស្រុង​នូវ​ការ​រក​ផល​នេសាទដែល​ធ្លាប់​មាន​ពី​ដើម​មក។​ អ្នក​ជំនាញ​ខាង​បរិស្ថាន​លើក​ឡើង​ថា រដ្ឋា​ភិបាល​គួរ​ធ្វើការ​អភិវឌ្ឍ ដែល​អាច​ឲ្យ​ពល​រដ្ឋ​រស់​បាន​ ជា​ជាង​ធ្វើការ​អភិវឌ្ឍ​ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តាម​សហគមន៍​ជុំវិញ​ទំនប់​សេសាន​ក្រោម២​នេះ៕

XS
SM
MD
LG