ប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានលាលែងពីតំណែងបន្ទាប់ពីបានកាន់តំណែងនេះបានជាងមួយឆ្នាំបន្តិច។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើប្រព័ន្ធផ្សព្វផ្សាយ VN Express របស់រដ្ឋាភិបាលវៀតណាម។
ការលាលែងពីតំណែងរបស់លោក Thuong នេះបានធ្វើឡើង នៅចំពេលដែលមានយុទ្ធនាការខ្លាំងក្លាប្រឆាំងនឹងអំពើពុករលួយដែលបានបង្ក្រាបលើមន្ត្រីជាន់ខ្ពស់បំផុតមួយចំនួននៃគណបក្សកុម្មុយនីស្តវៀតណាម។
លោក Thuong អាយុ ៥៤ ឆ្នាំ បានក្លាយជាប្រធានាធិបតីនៅខែមីនា ឆ្នាំ ២០២៣ ក្នុងពេលពីរខែក្រោយមកបន្ទាប់ពីលោកប្រធានាធិបតី Nguyen Xuan Phuc បានលាលែងពីតំណែងដើម្បីបំពេញ «ការទទួលខុសត្រូវផ្នែកនយោបាយ» សម្រាប់រឿងអាស្រូវពុករលួយក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។ លោក Thuong គឺជាប្រធានាធិបតីក្មេងជាងគេបំផុតតាំងពីពេលដែលប្រទេសវៀតណាមសម័យទំនើបបានងើបឡើងពីសង្គ្រាមនៅពាក់កណ្ដាលទសវត្សរ៍ ១៩៧០ មក។
តំណែងជាប្រធានាធិបតីនៅវៀតណាមគឺភាគច្រើនជានិមិត្តរូបនិងស្ថិតនៅលំដាប់ថ្នាក់ទីបីនៅក្នុងឋានានុក្រមនយោបាយរបស់ប្រទេសវៀតណាម៕