ប្រធានាធិបតី​វៀតណាម​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សប្តាហ៍​នេះ

រូបឯកសារ៖ ប្រធានាធិបតី​វៀតណាមលោក តូ ឡឹម (To Lam) ថ្លែង​ក្នុងពិធីស្បថ​ចូល​កាន់តំណែង នៅ​រដ្ឋសភាវៀតណាម ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤។

ប្រធានាធិបតី​វៀតណាម​លោក តូ​ ឡឹម (To Lam) ដែល​ទើប​កាន់​តំណែង​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ ​ដើម្បី​រឹត​ចំណង​ទ្វេភាគី​បន្ថែម​ បន្ទាប់ពីប្រទេស​ទាំង​ពីរ​មាន​ភាព​រកាំ​រកូសរឿង​ព្រែក​ជីក​ហ្វូណន។ ​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា ​ចុះថ្ងៃទី ៩ ខែកក្កដា​ ឆ្នាំ​ ២០២៤ បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ចាប់​ពីថ្ងៃទី​ ១២ ដល់ទី ១៣ ខែកក្កដា​ ឆ្នាំ ២០២៤​ ដែល​នេះគឺ​ជា​ដំណើរ​ទស្សនកិច្ច​លើកទី​ ១ ​របស់​លោក​ប្រធានាធិបតី តូ ឡឹម​រូបនេះ បន្ទាប់ពី​ឡើង​កាន់​តំណែង​កាល​ពី​ខែឧសភា ឆ្នាំ​ ២០២៤។

អំឡុងទស្សនកិច្ច​នៅ​កម្ពុជា​ លោក តូ ឡឹម នឹង​គាល់​ព្រះមហាក្សត្រ​កម្ពុជា​ និង​មាន​ជំនួប​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ អ្នកស្រី ឃួន សុដារី ប្រធាន​រដ្ឋសភា​ និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ក្រសួង​ការបរទេស​បញ្ជាក់​ថា​៖ «ជំនួប​ទាំង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​គ្រប​ដណ្តប់​លើ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទ្វេ​ភាគី និង​ពហុភាគី​ ដោយ​ផ្អែក​លើ​ស្មារតី​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្តភាព​ជា​ប្រពៃណី​ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​ជាតិ​ទាំង​ពីរ»។

​វៀតណាម និង​កម្ពុជា​បាន​បង្កើត​ទំនាក់​ទំនង​ការទូត​នៅឆ្នាំ ១៩៦៧។ ពាណិជ្ជ​កម្មរវាង​កម្ពុជា​ និង​វៀត​ណាម​ មាន​ទំហំ​ប្រមាណ​ជា​ ៦.៥៨ ពាន់​លាន​ដុល្លា​អាមេរិក ​នៅឆ្នាំ​ ២០២៣​។ នេះបើតា​ម​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករកម្ពុជា​។

បើ​តាម​កាសែត VNEXPRESS បច្ចុប្បន្ន​វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន​ ២០៥​នៅ​កម្ពុជា ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​សរុប​ចំនួន ២.៩៤ ពាន់​លាន​ដុល្លារ ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុងតំបន់​អាស៊ាន និង​ក្នុង​ក្រុម​ប្រទេស​ចំនួន ​៥ ដែល​មាន​ការ​វិនិយោគ​ផ្ទាល់​ច្រើន​ជាងគេ​នៅ​កម្ពុជា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ លោក សេង វណ្ណលី ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សនកិច្ច​នេះ ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​របស់​មេដឹកនាំ​ថ្មី​របស់​វៀតណាម​ទៅ​កាន់​ប្រទេស​ជិតដិត​របស់​ខ្លួន​ និង​ថា​ដំណើរ​នេះ​គឺ​មាន​សារៈសំខាន់​ ដោយសារកម្ពុជា​និង​វៀតណាម​នាពេល​ថ្មីៗ​នេះ​ ហាក់​មាន​ភាព​រកាំរកូស​គ្នា​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​។

លោក​ថ្លែង​ថា៖ «ដោយ​ឡែក​ទំនាក់​ទំនង​ទ្វេភាគី​ ខ្ញុំ​គិតថា​វៀតណាម​នឹង​ជំរុញ​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ ពង្រីក​សក្តានុពល​របស់​ខ្លួន​ក្នុងវិស័​យ​វិនិយោគ​ ក៏​ដូច​ជា​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ពង្រីក​ការធ្វើ​ដំណើរ ក៏​ដូច​ជា​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់​ពី​កម្ពុជា​ទៅ​វៀតណាម​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​»។

លោក សេង វណ្ណលី បន្ថែម​ថា វៀតណាម និង​កម្ពុជា​ នឹង​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ដូច​ជា​ជំហរ​កម្ពុជា​នៅ​សមុទ្រចិន​ខាងត្បូង បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​ការបង្ក្រាប​គ្រឿងញៀន​នៅតាម​ព្រំដែន​។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា វៀតណាម​ និង​កម្ពុជា​គឺ​ជា​មិត្ត​ម៉ឺន​ឆ្នាំ​ ហើយថា​ មេដឹកនាំ​បក្ស​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជ្រាលជ្រៅ នាំ​ឱ្យ​ទំនាក់​ទំនង​ប្រទេស​ក៏​ល្អ​ដែរ​។

បើ​តាម​សាស្ត្រាចារ្យរូប​នេះ បញ្ហា​ព្រែកជីក ​មិន​ជា​កង្វល់​នៃ​ទំនាក់​ទំនង​រវាង​ប្រទេ​ស​ទាំង​ពីរ​ឡើយ​។

លោកថ្លែង​ថា៖ «រឿង​ព្រែក​ជីក​នេះ​វា​អត់​ឧបសគ្គ​អី​ទេ​ ដោយសារ​រឿងព្រែ​កជីក​នេះវៀត​ណាម​អត់​ឈឺ​ក្បាល​ហាល​ថ្ងៃ​អី​ប៉ុន្មាន​ទេ។ ឈឺក្បាល​ហាល​ថ្ងៃ​រឿង​ជំហរ​កម្ពុជា​នៅក្នុង​ការ​ឈរ​ ឬការ​គាំទ្រ​សន្តិសុខ​តំបន់ សន្តិសុខ​អាស៊ាន ឬ​ក៏​ហៅ​ថា​ផ្តោត​សំខាន់​រឿង​ជម្លោះ​សមាជិក​អាស៊ាន​ជាមួយ​ចិន ដែល​កម្ពុជា​ទុក​ឱ្យ​ភាគី​ជម្លោះ​ដោះស្រាយ​ជាមួយចិន​ មិន​ចង់​ឱ្យ​បញ្ហា​ហ្នឹង​មក​ដាក់​ជា​បញ្ហា​របស់​អាស៊ាន​ទេ​»។

គម្រោងជីក​ហ្វូណន​តេជោ​ ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិ​ជ្ជ​កម្ម (Belt and Road Initiative ឬ BRI)​ របស់រដ្ឋាភិបាលចិន​ ​ហើយ​ក៏​កំពុង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​មួយ​ចំនួន​រាយ​ការណ៍​ថា​ វា​អាច​បង្ក​ជាក្តី​បារម្ភ​ដល់​ប្រទេស​វៀតណាម ប្រសិនបើ​វា​ត្រូវ​បាន​ប្រើប្រាស់​លើស​ពី​ក្រប​ខណ្ឌ​សេដ្ឋកិច្ច និង​សង្គម​ ព្រមទាំង​អាច​នាំមក​នូវ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ចេញមុខ​បកស្រាយ​ថា ព្រែក​ជីក​ហ្វូណនតេជោ​ នឹង​ត្រូវ​កសាង​ឡើង​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គមសុទ្ធ​សាធ​ មិន​មែន​ជួយ​សម្រួល​ដល់​កង​ទ័ព​ជើង​ទឹក​ចិន​ដូច​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ឡើយ។

អ្នក​កាសែត​ជើង​ចាស់ជនជាតិ​ថៃម្នាក់​ ជំនាញ​លើ​កិច្ចការ​ក្នុង​តំបន់​លោក Kavi Chongkittavorn បាន​សរសេរ​អត្ថបទ​លើ​កាសែត Bangkok Post ថា​ វៀតណាម​និង​កម្ពុជា​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត ហើយ​ថ្នាក់​ដឹកនាំ​កំពូល​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ។

លោក​សរសេរជាភាសាអង់គ្លេស​ហើយ​ត្រូវបាន​ប្រែសម្រួល​ថា​៖ «សម្រាប់​ប្រទេស​វៀតណាម ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ក៏​ជា​ចំណុច​ស្នូល​លើ​គោល​នយោបាយ​ការបរទេស​ឬ​ស្សី (Bamboo foreign policy) ​របស់​ខ្លួន។ ជាមួយ​នឹង​ដី​គោក និង​ព្រំដែន​សមុទ្រ​រួម ប្រទេស​ទាំងពីរ​ត្រូវការ​កិច្ចស​ហប្រតិ​បត្តិការ មិនមែ​នការ​ប្រកួត​ប្រជែង​នោះ​ទេ។ វា​មិន​មែន​ជារឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ប្រធានាធិបតី​វៀតណាម​ថ្មី តូ ឡឹម​ គ្រោង​នឹង​មកបំពេញ​ទស្សនកិច្ច​ផ្លូវ​ការរយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ខាង​មុខ​បន្ទាប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​»៕