វៀតណាម​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​បំពុល​បរិស្ថាន​ដោយសារ​កាក​សំណល់​ប្លាស្ទិក

រូបឯកសារ៖ សំណល់ផ្លាស្ទិក ដែលត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រ La Costilla ប្រទេស​អេស្ប៉ាញ។

ប្រជាពលរដ្ឋ​វៀតណាម​ចាប់ផ្ដើម​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ជាមួយ​នឹង​វិធី​ដែល​ពួកគេ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​សម្រាប់​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម វា​ជា​ទម្លាប់​ដែល​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត​ដូចជា​ព្រះ​អាទិត្យ​រះ​ដូច្នេះ​ដែរ ដែល​ទម្លាប់​នោះ​គឺ នៅ​តាម​ផ្លូវ​ទៅ​ធ្វើ​ការ ពួកគេ​ឈប់​ម៉ូតូ​ទិញ​កាហ្វេ​ទឹកកក​ពី​អ្នក​លក់​នៅ​តាម​ដង​ផ្លូវ ដែល​កាហ្វេ​នោះ​ដាក់​ក្នុង​កែវ​ប្លាស្ទិក មាន​គម្រប​ប្លាស្ទិក បំពង់​បឺត​ប្លាស្ទិក និង​ស្បោង​ប្លាស្ទិក​ដើម្បី​ព្យួរ​លើ​ដៃ​ម៉ូតូ នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ។

កាហ្វេ​មួយ​កែវ​ដែល​ប្រើ​សុទ្ធតែ​វត្ថុ​ប្លាស្ទិក​ដើម្បី​វេច​ខ្ចប់​នេះ គឺ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​របៀប​ដែល​ករណី​នេះ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បំផ្លាញ​ខ្ជះខ្ជាយ​ចំពោះ​បរិស្ថាន​ក្នុង​ប្រទេស​វៀតណាម។ ប៉ុន្តែ ប្រជាពលរដ្ឋ​វៀតណាម​ខ្លះ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទំនោរ​នេះ និង​បាន​ចាប់ផ្ដើម​ប្រឆាំង​តវ៉ា​ចំពោះ​ការ​បំពុល​បរិស្ថាន។

ប្រជាពលរដ្ឋ​វៀតណាម​កាន់តែ​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់​កំពុង​ស្វែង​រក​ជម្រើស​ផ្សេង​ទៀត​ជំនួស​ឲ្យ​ប្លាស្ទិក គឺ​តាំង​ពី​ដប​ធ្វើ​ពី​លោហៈ​រហូត​ដល់​កន្ត្រក​ក្រណាត់​ជា​ដើម។ ការ​ធ្វើ​ដូច​នេះ​គឺ​ដូច​ទៅ​នឹង​សហគមន៍​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ ដែល​កំពុង​ចាប់ផ្ដើម​ជឿ​ថា​ពួកគេ​បាន​ពឹងផ្អែក​អស់​រយៈពេល​ជា​យូរ​មក​ហើយ​លើ​ប្លាស្ទិក​ដែល​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី។

ប្រទេស​រ្វ៉ាន់ដា​គឺ​ជា​ប្រទេស​ដែល​មាន​សមត្ថភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ការ​ហាម​ឃាត់​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក។ ចំណែក​ឯ​ទីក្រុង Durham រដ្ឋ North Carolina សហរដ្ឋ​អាមេរិក​វិញ មាន​កម្មវិធី​ស្ម័គ្រ​ចិត្ត​ដើម្បី​ចែកចាយ​កន្ត្រក​ដែល​អាច​ប្រើ​ឡើង​វិញ​បាន។ រី​ឯ​នៅ​ក្នុង​ហាង​លក់​គ្រឿង​ទេស​មួយ​កន្លែង​នៃ​ទីក្រុង Amsterdam ក្នុង​រដ្ឋ New York មាន​ច្រក​មួយ​កន្លែង​សម្រាប់​លក់​តែ​ទំនិញ​ណា​ដែល​គ្មាន​ការ​វេច​ខ្ចប់​ជា​ប្លាស្ទិក។

សម្រាប់​ការ​ព្រួយ​បារម្ភ​របស់​អ្នក​បរិស្ថាន អ្វី​ដែល​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ពិសេស​ខុស​ប្លែក​ពី​គេ​គឺ​ថា ប្រទេស​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ៥ នៅ​ក្នុង​ពិភពលោក ដែល​បោះ​ចោល​កាក​សំណល់​ប្លាស្ទិក​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ច្រើន​ជាង​គេ​បំផុត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​ការពារ​បរិស្ថាន​សមុទ្រ Ocean Conservancy។

ការ​ក្លាយជា​ប្រទេស​បំពុល​បរិស្ថាន​កំពូល​មួយ​នៅ​លើ​ពិភពលោក​នេះ​គឺ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​សម្រាប់​ប្រទេស​វៀតណាម ជា​ពិសេស​នៅ​ពេល​ដែល​មាន​ប្រទេស​រាប់​សិប​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​វៀតណាម​ច្រើន ប៉ុន្តែ​បែរ​ជា​មាន​កាក​សំណល់​ប្លាស្ទិក​តិច​ជាង​វៀតណាម​ទៅ​វិញ។

អ្នកស្រី Tran An អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​នៃ​អង្គការ Precious Plastic Saigon បាន​និយាយ​ថា៖ «មនុស្ស​ម្នាក់ៗ ប្រទេស​នីមួយៗ​មិន​ថា​ធំ ឬ​ក៏​តូច​នោះ​ទេ គួរតែ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​ប្លាស្ទិក​បំពុល​បរិស្ថាន​នេះ។ នៅ​ក្នុង​ប្រទេស​វៀតណាម យើង​គួរតែ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្លាស្ទិក​នេះ»។

ក្រុម​តស៊ូ​មតិ​ដើម្បី​បរិស្ថាន​នេះ បាន​អប់រំ​ប្រជាពលរដ្ឋ​វៀតណាម​អំពី​វិធី​ធ្វើ​បំពង់​បឺត​ពី​ឫស្សី និង​វិធី​បែងចែក​ប្លាស្ទិក​ផ្សេងៗ​គ្នា​ដើម្បី​សម្រួល​ដល់​ការ​កែច្នៃ​ឡើង​វិញ។

ប្រជាពលរដ្ឋ​វៀតណាម​ចាប់ផ្ដើម​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ជាមួយ​នឹង​វិធី​ដែល​ពួកគេ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​សម្រាប់​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

រាល់​សប្ដាហ៍ ភោជនីយដ្ឋាន​នៅ​ក្នុង​ប្រទេស​វៀតណាម​ម្ដង​មួយៗ​បាន​ប្ដូរ​ពី​ការ​ប្រើ​បំពង់បឺត​ប្លាស្ទិក​ទៅ​ជា​បំពង់បឺត​ដែល​ធ្វើ​ពី​ក្រដាស​វិញ។ ចំណែក​ឯ​ផ្សារ​ទំនើប​នានា​បាន​ចាប់ផ្ដើម​ចែក​ឡាំង​ក្រដាស​ឲ្យ​អតិថិជន​ដើម្បី​ដាក់​ទំនិញ​ដែល​ពួកគេ​ទិញ ដែល​នេះ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ហាង​ទំនិញ Costco នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ធ្វើ​ដូច្នេះ​ដែរ។

ដប​ទឹក​ប្លាស្ទិក​គឺ​ជា​ដប​ទឹក​ដែល​មនុស្ស​និយម​ទិញ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៃ​ប្រទេស​វៀតណាម​បាន​ប្រើ​ដប​ដែល​ធ្វើ​ពី​លោហៈ​ជំនួស​ឲ្យ​ដប​ប្លាស្ទិក នៅ​ឯ​ការ​ប្រជុំ​នីមួយៗ​របស់​ខ្លួន។

មន្ទីរ​ពាណិជ្ជកម្ម​មួយ​របស់​ប្រទេស​វៀតណាម​បាន​លើក​ទឹក​ចិត្ត​បុគ្គលិក​ឲ្យ​ប្រើ​អ្វី​ផ្សេង​ជំនួស​ឲ្យ​ប្លាស្ទិក​នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន ដោយ​ផ្ដល់​ម៉ាស៊ីន​ទឹក​ត្រជាក់​សម្រាប់​បុគ្គលិក​ជាជាង​ប្រើប្រាស់​ដប​ទឹក​ប្លាស្ទិក។

ស្ថាន​កុងស៊ុល​បរទេស​នានា​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​បាន​សន្យា​ក្នុង​ឆ្នាំ​នេះ​ថា​នឹង​ធ្វើ​ដូច​គ្នា​នេះ​ដែរ។ រី​ឯ​សណ្ឋាគារ​មួយ​បាន​បង្កើត​កែវ​កញ្ចក់​សម្រាប់​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​សន្និសីទ​នានា​ដើម្បី​អាច​ចាក់​ទឹក​ពី​ម៉ាស៊ីន​ម្ដង​ហើយ​ម្ដង​ទៀត​បាន។

អ្នកស្រី Tran An បាន​និយាយ​ថា៖ «អ្នក​ដឹង​ទេ ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ យុវជន​ក្មេងៗ​នៅ​ក្នុង​ប្រទេស​វៀតណាម​ឈ្លក់​វង្វេង​នឹង​តែ​គុជ។ ហើយ​អ្វីៗ​ដែល​ប្រើ​សម្រាប់​ដាក់​តែ​គុជ​នេះ​គឺ​សុទ្ធតែ​ធ្វើ​ពី​ប្លាស្ទិក​ទាំង​អស់។ ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​អ្នក​ទៅ​ហាង​លក់​តែ​គុជ​ទាំង​នោះ អ្នក​នឹង​ឃើញ​ថា ហាង​ទាំង​នោះ​បាន​ចាប់ផ្ដើម​ប្រើ​ក្រណាត់ ឬ​ក៏​អ្វី​ផ្សេង​ពី​ប្លាស្ទិក​ដើម្បី​ច្រក​កែវ​តែ​គុជ​នោះ»។

ថង់​ច្រក​ទាំង​នេះ​ស្រដៀង​ទៅ​នឹង​ថង់​ច្រក​ដែល​ប្រើ​ដោយ​អ្នក​ជិះ​ម៉ូតូ​សម្រាប់​ដាក់​កាហ្វេ​ទឹកកក​របស់​ពួកគេ​ដូច្នេះ​ដែរ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្ដូរ​ពី​ការ​ប្រើ​បំពង់បឺត និង​ថង់​យួរ​កែវ​កាហ្វេ ឬ​តែ​គុជ​ទាំង​នេះ​ពី​ប្លាស្ទិក​ទៅ​អ្វី​ផ្សេង​នេះ គឺ​ជា​ការ​ផ្លាស់ប្ដូរ​តូចតាច​តែ​ប៉ុណ្ណោះ បើ​ប្រៀប​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​បែប​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ដែល​ប្លាស្ទិក​ទាំង​នោះ​នឹង​រាយប៉ាយ​ជា​ច្រើន​នៅ​ក្នុង​មហា​សមុទ្រ​ជាង​ចំនួន​ត្រី​ទៅ​ទៀត​នៅ​ត្រឹម​ឆ្នាំ ២០៥០ ខាង​មុខ​នេះ ប្រសិនបើ​មិន​មាន​វិធានការ​ណា​មួយ​ធ្វើ​ឡើង​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ Ellen MacArthur Foundation។

អ្នកស្រី Nina Jensen នាយក​ប្រតិបត្តិ​នៃ​អង្គការ​បរិស្ថាន REV Ocean បាន​សរសេរ​នៅ​លើ​ប្លុក​មួយ​ថា៖ «អាជ្ញាធរ​ត្រូវតែ​ផ្ដោត​លើ​ឧស្សាហកម្ម​ណា​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កាក​សំណល់​ប្លាស្ទិក​ដ៏​ច្រើន​ទាំង​នេះ ដោយ​មាន​នូវ​កិច្ច​ព្រមព្រៀង​ឧស្សាហកម្ម​ជាក់លាក់ និង​កិច្ច​ព្រមព្រៀង​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ផលិត ដោយ​តម្រូវ​ឲ្យ​ចាត់ចែង ប្រមូល និង​ប្រើប្រាស់​ឡើង​វិញ​នូវ​កាក​សំណល់ និង​វត្ថុ​ប្លាស្ទិក​បែកបាក់​នានា»។

លោក Vu Thinh ដែល​ធ្វើ​ការ​នៅ​ឯ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ហូជីមិញ គិត​ថា ការ​កើន​ឡើង​នូវ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ប្រើប្រាស់​ដែល​ផ្ដោត​លើ​បរិស្ថាន​នេះ​អាច​មាន​ផល​ប្រយោជន៍​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​របស់​លោក។

លោក​និយាយ​ដូច្នេះ​ថា៖ «ថង់​ប្លាស្ទិក​គឺ​ជា​មុខ​ទំនិញ​ពិសេស​មួយ​របស់​ខ្ញុំ​ដែល​ខ្ញុំ​ចង់​ផលិត។ ដូច្នេះ​ខ្ញុំ​គិត​ថា ប្រធានបទ​នេះ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយសារតែ​នៅ​ឆ្នាំ​ក្រោយ យើង​នឹង​ផលិត​ទំនិញ​ប្រភេទ​នេះ»។

ថង់​របស់​លោក​នឹង​ធ្វើ​ឡើង​ពី​ម្សៅ​ដំបូង​បារាំង និង​គ្រឿង​ផ្សំ​ធម្មជាតិ​ផ្សេង​ទៀត​ដែល​អាច​ផុយ​រលួយ​នៅ​ក្នុង​រយៈពេល ២ ឆ្នាំ គឺ​មិន​ដូច​នឹង​ប្លាស្ទិក​ដែល​ជា​សារធាតុ​មិន​ងាយ​ផុយ​រលួយ​បាន​នោះ​ទេ។

ប៉ុន្តែ ថង់​ប្រភេទ​នេះ​គឺ​ថ្លៃ​ជាង​ថង់​ប្លាស្ទិក​ដែល​ប្រើ​ម្ដង​ហើយ​បោះ​ចោល​ទៅ​ទៀត ដែល​ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​លំបាក​នៃ​ការ​ស្វែងរក​គំរូ​អាជីវកម្ម​ថ្មី​សម្រាប់​ក្រុមហ៊ុន​ដែល​ពឹងផ្អែក​លើ​ប្លាស្ទិក។

លោក Vu Thinh បាន​និយាយ​ថា៖ «ជា​ការ​ពិត​ណាស់ យើង​ចង់​នាំ​ចេញ​ថង់​ទាំង​នេះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប ឬ​អាមេរិក ដោយសារតែ​ថង់​នេះ​លក់​បាន​តម្លៃ​ថ្លៃ។ នា​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​វៀតណាម មាន​ក្រុមហ៊ុន​មួយ​ចំនួន​ផលិត​ថង់​ប្រភេទ​នេះ ប៉ុន្តែ​គុណភាព​មិន​ល្អ​នោះ​ទេ ហើយ​ក៏​មិន​សូវ​មាន​ទីផ្សារ​សម្រាប់​ទំនិញ​ប្រភេទ​នេះ​ដែរ និង​ម្យ៉ាង​ទៀត​តម្លៃ​ក៏​ថ្លៃ​ផង​ដែរ។ យើង​នឹង​ស្រាវជ្រាវ​ទី​ផ្សារ​បន្ថែម​ទៀត»។

ដោយសារតែ​សំរាម​ប្លាស្ទិក​បាន​រាយប៉ាយ​នៅ​តាម​ដង​ផ្លូវ​នានា និង​នៅ​តាម​សមុទ្រ និង​ដោយសារតែ​ថ្លៃ​ចំណាយ​សម្រាប់​ផលិត​វត្ថុ​ដែល​ធ្វើ​ពី​សារធាតុ​ផ្សេង​ដើម្បី​ជំនួស​ប្លាស្ទិក​នេះ​នៅ​មាន​តម្លៃ​ថ្លៃ គេ​ឃើញ​ថា បញ្ហា​ប្លាស្ទិក​ទំនង​នៅតែ​ជា​បញ្ហា​ដ៏​ធំ​បំផុត​ដដែល។ ប៉ុន្តែ អ្នកស្រី Tran An នៃ​អង្គការ Precious Plastic Saigon បាន​បញ្ជាក់​ថា អ្នកស្រី​មាន​ហេតុ​ផល​ក្នុង​ការ​មាន​សុទិដ្ឋិនិយម​ចំពោះ​រឿង​នេះ ដោយសារតែ​មនុស្ស​ជំនាន់​ក្រោយ​មាន​គំនិត​បត់បែន​ច្រើន​ជាង​អ្នក​ជំនាន់​មុន។

អ្នកស្រី Tran An បាន​និយាយ​ថា ពលរដ្ឋ​វៀតណាម​វ័យ​ចំណាស់​ម្នាក់​គិត​ថា «ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ផ្សេង​ពី​នេះ នៅ​ពេល​ដែល​វា​មិន​ជះ​លទ្ធផល​អ្វី​ផ្សេង​ពី​នេះ​នោះ? ប៉ុន្តែ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​យុវជន​ក្មេងៗ ខ្ញុំ​គិត​ថា ពួកគេ​មាន​អារម្មណ៍​ថា ការ​ធ្វើ​ដូច្នេះ​គឺ​អាច​ផ្ដល់​លទ្ធផល​ផ្សេង​ពី​នេះ​បាន»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា