​ការ​ចាប់​ខ្លួន​អ្នក​ជួញដូរ​សត្វ​ព្រៃ​នៅវៀតណាម​កើនឡើង​ដោយសារ​​ទំនាក់ទំនង​ជំងឺ​កូវីដ១៩​​ជា​មួយ​សត្វ​ព្រៃ

ផ្លូវដីក្រហម​ក្នុងព្រៃមួយខាងក្រៅទីក្រុង​ហូជីមីញប្រទេសវៀតណាម។

នៅ​ក្រោយ​ពួក​អ្នក​វិទ្យាសាស្ត្រ​កំណត់​ថា​វីរុស​កូរ៉ូណា​ទំនង​ជា​រាលដាល​ពី​សត្វ​មក​មនុស្ស​ ​ក៏​មាន​សេចក្តី​ថ្លែង​ការណ៍​ពី​ប្រទេស​ជា​ច្រើន​នៅ​ទូទាំង​ទ្វីប​អាស៊ី​ដែល​សន្យា​ថា​នឹង​ហាម​ប្រាម​ការ​ជួញ​ដូរ​សត្វ​ព្រៃ។​ នៅ​ពេល​នេះ​ទិន្នន័យ​បង្ហាញ​ថា​ អាជ្ញាធរ​ យ៉ាង​ហោច​ណាស់​ក្នុង​ប្រទេស​វៀតណាម​បាន​ធ្វើ​តាម​ការ​សន្យា​នេះហើយ​បាន​ពង្រឹង​ការ​ហាម​ប្រាម​នេះ។​

អង្គការ​បរិស្ថាន​ឈ្មោះ​ការអប់រំ​សម្រាប់ធម្មជាតិ​វៀតណាម​(Education for Nature Vietnam​) ​ ឲ្យ​ដឹង​ថាក្នុង​ចំណោម​ករណី​នៃ​ការ​ជួញដូរ​សត្វ​ព្រៃ​ដែល​បាន​ត្រូវ​បង្ក្រាប​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ករណី​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​ល្មើសបាន​កើន​ឡើង​ដល់​៩៧%​ ក្នុង​ពេល​៦​ខែ​ដំបូង​ នៃ​ឆ្នាំ​នេះ។​ ពី​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ​២០១៩ ចំនួន​នៃ​ការ​ចាប់​ខ្លួន​មាន​ប្រមាណ​៨៧%។​ អ្នក​វិទ្យាសាស្ត្រ​មាន​ជំនឿ​ថា​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ប្រហែល​ចាប់​ផ្តើម​នៅ​ក្រោយ​មាន​ការ​ប៉ះពាល់​រវាង​មនុស្ស​ជា​មួយ​សត្វ​ប្រចៀវ​ឬ​សត្វ​ពង្រូល​ដែល​មាន​ជំងឺ​នេះ​ក្នុង​ប្រទេស​ចិន។​ ប្រទេស​វៀតណាម​និង​ប្រទេស​ឯ​ទៀតៗ​ក្នុង​អាស៊ី​អាគ្នេយ៍​ជា​កន្លែង​ឆ្លង​កាត់​នៃ​ផលិត​ផល​សត្វ​ព្រៃ​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​ចិន។​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះប៉ូលិស​បាន​រឹប​អូស​យក​សត្វ​ពង្រូល​និង​សត្វ​អណ្តើក​ជិត​ផុត​ពូជ​ សត្វ​ទោច​និង​សត្វ​ស្វា​ស​មុខ​ខ្មៅ​ក្នុង​ប្រទេស​វៀតណាម។​

ម៉ឺង​ម៉ាត់ជាង​មុន​

អ្នកស្រី​ Bui Thi Ha​ នាយិកា​រង​នៃ​អង្គការ​បរិស្ថាន​ការអប់រំ​សម្រាប់ធម្មជាតិ​វៀតណាម​បាន​និយាយ​ថា៖ «ការ​ធ្វើ​វិភាគ​ដោយ​អង្គការ​អប់រំ​ដើម្បី​ធម្មជាតិ​នៅ​វៀតណាម​អំពី​ការ​ចោទ​ប្រកាន់​ក្នុង​តុលាការ​បង្ហាញ​អំពី​អំណាច​ច្បាប់​ព្រហ្មទណ្ឌ​បច្ចុប្បន្ននិង​បង្ហាញ​អំពី​ការ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ពង្រឹង​ច្បាប់​ដោយ​ប្រទេស​វៀតណាម​និង​តុលាការ​យុត្តិធ៌ម​ព្រហ្ម​ទណ្ឌ​ដើម្បី​បង្ក្រាប​បទ​ល្មើស​ព្រហ្មទណ្ឌ​ខាង​ការ​ជួញ​ដូរ​សត្វ​ព្រៃ» ​ដោយ​អ្នក​ស្រី​និយាយ​យោង​ដល់​ច្បាប់​ព្រហ្ម​ទណ្ឌ​ដែល​បាន​ត្រូវ​សើ​រើ​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៨។​ អ្នក​ស្រី​បាន​និយាយ​ថែម​ទៀត​ថា​ «ចាប់​តាំងពី​ច្បាប់ថ្មី​នេះ​បាន​ចូល​ជាធរមាន​ហើយ​ជា​ពិសេស​ក្នុង​ឆ្នាំ​២០២០​នេះ​ភ័ស្តុតាង​នានា​បង្ហាញ​ថាឧក្រិដ្ឋ​កម្ម​នៃ​ការ​ជួញ​ដូរ​សត្វ​ព្រៃ​បាន​ត្រូវ​យក​ចិត្ត​ទុកដាក់​ជាង​មុន​ក្នុង​ប្រទេស​វៀតណាម»។​

ពួក​អ្នក​បរិស្ថាន​និយាយ​ថា​ចាប់​តាំង​ពី​មាន​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​មក​ ការ​បង្ក្រាប​ការ​ជួញដូរ​សត្វ​ព្រៃ​មាន​ភាព​បន្ទាន់​ជាង​មុន​ដើម្បី​បញ្ឈប់​ប្រភព​នៃ​ជំងឺ​កូវីដ១៩​ជា​សក្តានុពល​ហើយ​នឹង​ការ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ពពួក​សត្វ​ព្រៃ​ផង​ដែរ។ ​បណ្តាញ​ Facebook​ បាន​ឆ្លើយ​តប​ដោយ​បាន​លុបចោល​ការ​បង្ហោះ​តាម​អ៊ីនធឺណិត​រាប់​រយ​ដែល​ប្រកាស​លក់​សត្វ​ព្រៃ​និង​បំណែក​រាង​កាយ​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​ក្នុង​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​ប្រទេស​វៀតណាម​ បន្ថែម​លើ​កំណើន​នៃ​អត្រា​ចាប់​ខ្លួន​ មាន​ឧក្រិដ្ឋ​ជន​ច្រើន​ជាង​មុន​បាន​ត្រូវ​ចាប់​ខ្លួន​ញាត់​ក្នុង​គុក។​ ទិន្នន័យ​ប្រមូលផ្តុំ​ដោយ​អង្គការ​ការ​អប់រំ​ដើម្បី​ធម្មជាតិវៀតណាម​បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​ករណី​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នោះ​ ​អត្រា​នៃ​ការកាត់​ទោស​ឱ្យ​ជាប់គុក​បាន​កើន​ឡើង​ដល់​៦៨%​ក្នុង​ឆ្នាំ​នេះ។​ តួ​លេខ​នេះ​ខុស​ខ្លាំង​ពី​តួលេខ​ពី​ឆ្នាំ​២០១៥ ​ដល់​ឆ្នាំ​២០១៩​ ដែល​នៅ​ពេល​នោះតួលេខ​នេះ​មិន​បាន​ឡើង​លើស​ពី​ ៤៧%​ទេ។​

រយៈ​ពេល​នៃ​ការ​ជាប់​គុក​

អង្គការអប់រំ​ដើម្បី​ធម្មជាតិ​នៅ​វៀតណាម​បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​វិភាគ​ករណី​ចំនួន​៥៥២​ក្នុង​ពេល​៥​ឆ្នាំ​មុន​នេះ​ថា៖ ​«ការណ៍​នេះ​បង្ហាញ​ថា​តុលាការ​បាន​កាន់​គោល​ជំហរ​មួយ​មាន​ការ​ប្តេជ្ញា​ខ្លាំង​ជាង​មុន​ក្នុង​ការកម្ចាត់​ឧក្រិដ្ឋ​កម្ម​ជួញដូរ​សត្វ​ព្រៃ​ក្នុង​ឆ្នាំ​២០២០​ជាង​ក្នុង​ឆ្នាំ​មុនៗ»។​

អង្គការ​នេះ​បាន​ផ្តល់​អនុសាសន៍​ថា​ប្រទេស​វៀតណាម​គួរ​បញ្ឈប់​ការ​ជួញដូរ​សត្វព្រៃ​ហើយ​បន្ទាប់​មក​គួរ​បង្វែរ​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ពួក​មេ​ដឹកនាំ​ការ​ជួញដូរ​ខុស​ច្បាប់​នេះនិង​ពួក​មន្ត្រី​រដ្ឋ​ដែល​គាំទ្រ​ពួក​ជន​ទាំងនេះ។អង្គការអប់រំ​ដើម្បី​ធម្មជាតិ​នៅ​វៀតណាមបាន​ថ្លែង​ថាប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍នេះក៏​អាច​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កំពង់ផែ​និង​អាកាស​យានដ្ឋាន​និង​ការ​លាង​លុយ​ទុច្ចរិត​ផង​ដែរ។​

ប្រទេស​វៀតណាម​និយាយ​ថា​ខ្លួន​ធ្វើ​តាម​«របៀប​ដោះស្រាយ​របស់​រដ្ឋាភិបាល​ទាំងមូល»។​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក ​Nguyen Xuan Phuc​ បាន​បោះ​ពុម្ពផ្សាយ​សេចក្តី​ណែនាំ​មួយ​កាល​ពី​ខែ​កក្កដា​ហាមប្រាម​ការ​ដឹក​ជញ្ជូន​និង​ការ​លក់​ដូរ​ផលិតផល​សត្វព្រៃ​ចូល​ក្នុង​ប្រទេស។​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ក៏​ចាត់​ភារៈ​កិច្ច​ដល់​ក្រសួង​នានា​ចាប់​តាំង​ពី​ក្រសួង​ការពារ​ប្រទេស​ដោយ​ឱ្យ​បង្កើន​ការយាម​ល្បាត​តាម​ព្រំដែន​រហូត​ដល់​ក្រសួង​សុខាភិបាល​ឱ្យ​ពិនិត្យ​មើល​ឱសថស្ថាន​កុំ​ឱ្យ​លក់​បំណែក​រាងកាយ​សត្វព្រៃ​ដោយ​ខុស​ច្បាប់។​

រដ្ឋអាជ្ញា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ខ្លួន​នឹង​ពង្រឹង​សេចក្តី​ណែនាំ​នេះ​ដោយ​បង្កើន​ការ​ស៊ើប​អង្កេត​អំពី​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​និង​ដាក់​កំហិត​ «ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ពួក​មេ​គំនិត​និង​ពួក​មេ​ដឹកនាំ​ដែល​បាន​រំលោភ​ដោយ​ប្រើ​តំណែង​និង​អំណាច​របស់​ពួក​គេ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ»៕

ប្រែសម្រួល​ដោយ​ ​ឈឹម​សុមេធ​