ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កែទម្រង់​ និង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​បាន​ពន្យឺត​ឯកជននីយ​កម្ម​ក្នុង​ប្រទេស​វៀតណាម​


រូបឯកសារ៖ ហាងផ្តល់សេវាកម្មផ្នែកប្រព័ន្ធទូរសព្ទមួយនៅក្រុងហាណូយ។
រូបឯកសារ៖ ហាងផ្តល់សេវាកម្មផ្នែកប្រព័ន្ធទូរសព្ទមួយនៅក្រុងហាណូយ។

ប្រទេស​វៀតណាម​បាន​និយាយ​ថា​ ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​ហាក់​ដូច​ជា​បាន​ធ្វើ​ឱ្យ​យឺតយូរ​ដល់​ការ​សម្រេច​គោលដៅ​សំខាន់​របស់​ខ្លួន​គឺ​ការ​ធ្វើ​ឱ្យ​សហគ្រាស​រដ្ឋ​ក្លាយ​ទៅ​ជា​របស់​ឯកជន។​

សហគ្រាស​រដ្ឋ​ខ្លះ​ក្នុង​បណ្តា​សហគ្រាស​រដ្ឋ​ទាំង​នេះ​ដែល​ជា​ញឹកញយ​គេ​ហៅ​ថា​ SOEs ​មាន​ការ​យឺតយូរ​ក្នុង​ការ​ធ្វើ​ឱ្យ​ទៅ​ជា​របស់​ឯកជន​ក្នុង​ឆ្នាំ​នេះ​គឺ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​ Mobifone និង​ក្រុមហ៊ុន​ប្រៃសនីយ៍​និង​ទូរ​គមនាគមន៍​វៀតណាម​និង​ក្រុមហ៊ុន​ធនាគារ​ប្រទេស​វៀតណាម​សម្រាប់​កសិកម្ម​និង​ការ​អភិវឌ្ឍ​ជនបទ​និង​ក្រុម​ហ៊ុន​ Vinacomin ​ដែល​ជា​ក្រុម​ហ៊ុន​ធ្យូង​ថ្ម។​

នៅ​ក្នុង​អន្តរកាល​ទៅ​កាន់​សេដ្ឋកិច្ច​ផ្សារ​សេរីប្រទេស​វៀតណាម​មិន​ទាន់​បាន​ដក​សហគ្រាស​ទាំង​នេះ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋ​ឱ្យ​បាន​លឿន​តាម​បំណង​របស់​ពួក​មន្ត្រី​គណបក្ស​ទេ។​ នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ​ពួក​មន្ត្រី​ទាំង​នេះ​របស់​គណបក្ស​ចង់​បញ្ចៀស​កុំ​ឱ្យ​មាន​កំហុស​ខាង​ឯកជននីយ​កម្ម​ដូច​ប្រទេស​ចិន​និង​អតីត​សហភាព​សូវៀត​នោះ​ទេ។​

នៅ​ពេល​នេះ​ ​ជំងឺ​កូវីដ១៩​ហាក់​ដូច​ជា​កំពុង​ធ្វើឱ្យ​អន្តរកាល​នេះ​រឹត​តែ​យឺត​ថែម​ទៀត។ ក្រសួង​ហិរញ្ញ​វត្ថុ​បាន​និយាយ​ក្នុង​ខែ​សីហា​ថា​ នៅ​ពេល​នេះ​ប្រទេស​វៀតណាម​មាន​ការ​ពិបាក​ជាង​មុន​ក្នុង​ការ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​រាប់​សិប​ក្លាយ​ទៅ​ជា​របស់​ឯកជន​ពីព្រោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​បាន​ផ្តល់​ផល​អាក្រក់​ដល់​សេដ្ឋកិច្ច។​

បញ្ហា​សេដ្ឋកិច្ច​បណ្តាល​ឱ្យ​ជួប​ប្រទះ​ដំណាក់​កាល​មិន​ល្អ​សម្រាប់​ដាក់​ក្រុមហ៊ុន​ទាំង​នេះ​ក្នុង​ផ្សារ​ជួញ​ដូរ​ភាគ​ហ៊ុន ​ហើយ​ការណ៍​នេះ​ក៏​មានន័យ​ដែរ​ថា​ លទ្ធផល​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុនទាំង​នេះ​មិន​សូវ​មាន​ការ​ទាក់ទាញ​ចិត្ត​ទេ​នៅ​ពេល​ពួក​គេ​ប្រុង​ប្រៀប​លក់​ភាគហ៊ុន​សម្រាប់​ពួក​អ្នក​ធ្វើ​វិនិយោគ។​

ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​នៅ​ក្នុង​ការ​បង្ហោះ​លើ​គេហ​ទំព័រ​ខ្លួន​ថា៖​«ហេតុផល​មួយ​ក្នុង​បណ្តា​ហេតុផល​នានា​នាំ​ឱ្យ​មាន​ការ​យឺតយូរ​ក្នុង​ការ​ជឿនលឿន​ការ​បែងចែក​ភាព​ស្មើ​គ្នា​និង​ការ​លក់​សាខា​វិនិយោគ​គឺ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវភាព​សង្គម​និង​សេដ្ឋកិច្ច​ទាំង​ក្នុង​ប្រទេស​និង​ទាំង​អន្តរជាតិ»។

ប្រទេស​វៀតណាម​និយាយ​ថា​ ការ​ធ្វើ​ក្រុមហ៊ុន​រដ្ឋ​ឱ្យ​ទៅ​ជា​របស់​ឯកជន​គឺ​ ជា​ការ​ធ្វើ​ឱ្យ​មាន​ភាព​ស្មើ​គ្នា។​

ក្រសួង​ហិរញ្ញវត្ថុ​ថា​ សហគ្រាស​ SOEs ​កំពុង​មាន​ការ​ពិបាក​ដោយសារ​ភាព​សាំញ៉ាំ​នៃ​ការ​វាយ​តម្លៃ​ដីធ្លី​និង​ធនធាន​របស់​ក្រុម​ហ៊ុន។​ ក្រសួង​ហិរញ្ញ​វត្ថុ​ក៏​បាន​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​ពួក​មន្ត្រី​នៃ​សហគ្រាស ​SOEs ​មាន​«ការ​ហ្មត់ចត់​និង​រួសរាន់​ជាង​មុន»​ក្នុង​ការ​ជំរុញ​សហគ្រាស​ទាំង​នេះ​ឱ្យ​ទៅ​ជា​របស់​ឯកជន។

ក្រសួង​ហិរញ្ញ​វត្ថុ​បាន​និយាយ​ថា​ នៅ​ដំណាច់​ឆ្នាំ​នេះ​ ប្រទេស​វៀតណាម​មាន​គម្រោង​ដក​សហគ្រាស​១២៨​ពី​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​តែ​មក​ដល់​ពេល​នេះ​បាន​ធ្វើ​តែ​លើ​សហគ្រាស​ចំនួន​៣៧​ប៉ុណ្ណោះ។ ​ការ​ដកខ្លួន​របស់​រដ្ឋាភិបាល​ចេញ​ពី​សហគ្រាស​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ធ្វើឱ្យ​សហគ្រាស​ SOEs ​រាប់រយ​ក្លាយ​ទៅ​ជា​របស់​ឯកជន​ដែល​បាន​ធ្វើ​ច្រើន​ឆ្នាំ​មក​ហើយ។​

នៅ​មុន​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ដំណើរការ​នេះ​បាន​ប្រឈម​នឹង​ឧបសគ្គ​ស្រេច​ទៅ​ហើយ។

លោក​ Nicholas Lardy ​ជា​អ្នក​ស្រាវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន​ Peterson ​ខាង​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ លោក​ Nicholas Lardy ​ឲ្យដឹង​ថា​ ម្យ៉ាង​វិញ​ទៀត​ប្រទេស​វៀតណាម​មិន​ចង់​ប្រឈម​នឹង​បញ្ហា​នានា​ដូច​នៅ​ក្នុង​ប្រទេស​ចិន​ទេ​ដែល​នៅទី​នោះ​សហគ្រាស​ SOEs​ ប្រមាណ​៤០%​បាន​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​រដ្ឋ។ ​ម្យ៉ាងទៀត​ប្រទេស​វៀតណាម​ក៏​មិន​ចង់​មាន​វាសនា​ដូច​សហភាព​សូវៀត​ដែល​នៅ​ទី​នោះ​ការ​លក់​សហគ្រាស​រដ្ឋ​ជា​ច្រើន​ក្នុង​ទស​វត្សរ៍​១៩៩០​បាន​ដាក់​ធនធាន​រដ្ឋ​ក្នុង​កណ្តាប់​ដៃពួក​អប្បជន​នៅ​ក្រោយ​ការ​កែ​ទម្រង់។

ការ​កែ​ទម្រង់​ក្នុង​ប្រទេស​វៀតណាម​

នៅ​ក្នុង​ដំណើរ​ការ​កែទម្រង់​របស់​ខ្លួន​ផ្ទាល់​ប្រទេស​វៀតណាម​រក​សហគ្រាស​ SOEs ​មាន​អាជីវកម្ម​ចំណេញ​ដូច​ជា​ក្រុមហ៊ុន​ទឹកដោះគោ ​Vinamilk​ ដែល​រក​ប្រាក់​បាន​ឲ្យ​រដ្ឋ​ នៅ​ពេល​ក្រុមហ៊ុន​នេះ​ដាក់​ឈ្មោះ​នៅ​ក្នុង​ផ្សារ​ជួញដូរ​ភាគ​ហ៊ុន ​ហើយ​ពួក​អ្នក​វិនិយោគ​ឯកជន​អន្ទះសា​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ។​

ក្រសួង​ហិរញ្ញ​វត្ថុ​បាន​និយាយ​ថា ​ ពួក​ជន​ទទួល​ខុសត្រូវ​រៀបចំ​សហ​គ្រាស ​SOEs​សម្រាប់​វិនិយោគ​ឯកជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​ ពីព្រោះ​ពួក​គេ​ចៀសវៀង​កំហុស​ផ្សេងៗ​ដូច​ជា​ ការ​គណនា​ធនធាន​សហគ្រាស​ទាំង​នេះ​មិន​បាន​ត្រឹមត្រូវ​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​«ការ​ចាត់ចែង​កិច្ចការ​មិន​ល្អ​និង​ជា​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​បណ្តាល​ឱ្យ​មាន​ការ​ខាតបង់​និង​ការ​ខ្ជះខ្ជាយ»​ដែល​ជា​កំហុស​អាច​ត្រូវ​ចោទ​ប្រកាន់​ក្នុង​តុលាការ។ ​ពួក​ជន​ទាំង​នេះ​ក៏​ត្រូវ​បំពេញ​តាម​ស្តង់ដារ​ថ្មី​នៃ​តម្លាភាព​និង​បទ​បញ្ញត្តិ​ឯ​ទៀតៗ​ដែល​តម្រូវ​ថា ​ដំណើរការ​នេះ​ត្រូវ​«ធ្វើឱ្យ​ប្រាកដ​ថា​ បាន​ចំណេញ​ច្រើន​បំផុត​ជូន​រដ្ឋ»។​

លោក​ Nguyen Duc Chi​ ប្រធាន​នៃ​គណៈ​កម្មការ​ក្រុមហ៊ុន​វិនិយោគ​ទុន​រដ្ឋ​ហៅ​កាត់​ថា​SCIC​ ដែល​ចាត់​ចែង​ឯកជននីយ​កម្ម​នេះ​ឲ្យ​ដឹង​ថា​ នៅ​ពេលនេះ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ជាង​មុន​ក្នុង​ការ​លក់​ភាគហ៊ុន។​

លោក ​Nguyen Duc Chi ​បាន​និយាយ​នៅ​ក្នុង​គេហទំព័រ​របស់ ​SCIC ​ថា​«ផ្សារ​ជួញ​ដូរ​ភាគហ៊ុន​មាន​ការ​ពិបាក​ជាង​មុន​នៅ​ឆ្នាំ​នេះ​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ដែល​ប៉ះពាល់​ដល់​សកម្មភាព​ផលិតកម្ម​និង​សកម្មភាព​ធុរកិច្ច​និង​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ហើយ​ផ្សារ​ជួញដូរ​ភាគហ៊ុន​ក៏​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ»។​

លោក​ Nguyen Duc Chi ​បាន​ថ្លែង​ទៀត​ថា៖​«ដូច្នេះ​ទោះណា​ជា​យើង​បាន​បន្ត​ប្រកាស​លក់​ទុន​និង​អនុវត្ត​តម្លាភាព​និង​ដំណើរការ​លក់​ទុន​សាធារណៈ​តាម​ច្បាប់​ក៏​ដោយ​ ក៏​វិធានការ​ជា​ច្រើន​គ្មាន​ជោគជ័យ​ទេ​ ដោយសារ​ពួក​អ្នក​បណ្តាក់​ទុន​មិន​ចាប់​អារម្មណ៍​ទេ»។​

លោក​ Pritesh Samuel ​ជា​និពន្ធ​នាយក​ជាន់ខ្ពស់​នៃ​ទស្សនាវដ្តី​ Asia Briefing ​បោះពុម្ព​ផ្សាយ​ដោយ​ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់​ឈ្មោះ Dezan Shira & Associates។​ លោក​បាន​និយាយ​ថា ​ទោះ​ណា​ជា​សេដ្ឋកិច្ច​មាន​ដំណើរ​យឺតយ៉ាវ ក៏​ដោយក៏​ប្រទេស​វៀតណាម​នៅ​តែ«ប្តេជ្ញា​ដក​ការ​គ្រប់​គ្រង​សហគ្រាស​ចេញ​ពី​រដ្ឋ ​និង​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ទៅ​មុខ​ថែម​ទៀត»។

លោក​ Pritesh Samuel ​បាន​ចង្អុល​បង្ហាញ​ដល់​សេចក្តី​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​កាល​ពី​ខែ​មិថុនា​ថា​ នឹង​បោះពុម្ព​ផ្សាយ​បញ្ជី​ដែល​បង្ហាញ​អំពី​សហគ្រាស​ SOEs ​ដែល​ត្រូវ​ដក​ចេញ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋ។

លោក​ Pritesh Samuel​ បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ដំណើរការ​នេះ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សហគ្រាស។​

លោក​បាន​ថ្លែង​ដែរ​ថា៖​ «អតីត​សហគ្រាស​ SOEs ​ដែល​បាន​ត្រូវ​លក់​ឲ្យ​ឯកជន​ បាន​ប្រកប​អាជីវកម្ម​ចំណេញ​នៅ​ក្រោយ​រយៈ​ពេល​ពី​ពីរ​ទៅបី​ឆ្នាំ​ជា​មធ្យម»៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG