លោក Nguyen Phu Trong ប្រធានគណបក្សកុម្មុយនិស្តវៀតណាមបានសុំឲ្យប្រធានាធិបតីចិន Xi Jinping ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនោះ កុំប្រើប្រាស់កម្លាំងយោធា ហើយថែរក្សាសន្តិភាពក្នុងសមុទ្រចិនខាងត្បូង នេះតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម។
លោក Trong បានធ្វើការចរចាជាមួយប្រធានាធិបតី Xi ភ្លាមៗបន្ទាប់ពីមេដឹកនាំរូបនេះ បានអញ្ជើញទៅដល់រដ្ឋធានីហាណូយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃដែលមានគោលបំណងផ្សះផ្សាទំនាក់ទំនងដែលត្រូវបានរងផលប៉ះពាល់ដោយចំណាត់ការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងផ្ទៃទឹកមានជម្លោះដែលបានទាមទារដោយចិន វៀតណាម ហើយនិងប្រទេសផ្សេងៗទៀត។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា «ភាគីទាំង២បានតាំងចិត្តរៀបចំ និងដោះស្រាយជម្លោះផ្លូវនាវាចរណ៍។ ការធ្វើដូច្នេះមិនមានផលប៉ះពាល់ដល់ការអភិវឌ្ឍដ៏ល្អ និងប្រកបដោយស្ថេរភាពនៃចំណងទាក់ទងរវាងគ្នា និងគ្នានោះទេ»។
ក្នុងខណៈនោះដែរ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua ដែលជាភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិនបានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី សង្ឃឹមថា ដំណើរបំពេញទស្សនកិច្ចរបស់លោកអាចជួយបង្កើនភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តដ៏ធំទូលាយរវាងចិន និងវៀតណាមដល់កម្រិតថ្មីមួយ។
ការប្រឆាំងចិនកំពុងឡើងខ្ពស់បំផុតនៅក្នុងប្រទេសវៀតណាម មួយឆ្នាំក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់ការដ្ឋានខួងប្រេងដ៏ចម្រូងចម្រាស់នៅក្នុងផ្ទៃទឹកមានជម្លោះ ដែលនាំឲ្យមានការប្រឈមមុខដាក់គ្នាខាងនាវាចរណ៍តូចៗ ហើយនិងមានកុប្បកម្មដ៏ប្រល័យនៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសមួយនៃបណ្តាប្រទេសមួយចំនួនដណ្តើមទាមទារផ្លូវនាវាចរណ៍ជាមួយចិន។ ប៉ុន្មានម៉ោងមុនពេលប្រធានាធិបតី Xi ទៅដល់ បាតុកររាប់សិបនាក់បានចេញទៅតាមផ្លូវនានានៅក្នុងរដ្ឋធានី ហើយក្រុមសកម្មជនក្នុងទីក្រុង ហូ ជីមិញ វៀតណាមខាងត្បូងក៏បានចូលរួមកម្លាំងនោះដែរ៕