នៅថ្ងៃចន្ទនេះ បុគ្គលិកធនាគារប្រហែល ៥០ នាក់ ត្រូវបានកាត់ទោសនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ពីបទចោទប្រកាន់ថាបានប្រព្រឹត្តិអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ ដែលបណ្ដាលឲ្យបាត់បង់ថវិកាចំនួន ៦៩ លានដុល្លារអាមេរិក។
ករណីនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាជ្ញាធរកុម្មុយនិស្តវៀតណាមក្នុងការកម្ចាត់អំពើពុករលួយ។
ក្នុងចំណោមអ្នកដែលរងការចោទប្រកាន់ទាំងនោះ គឺមានទាំងអតីតប្រធានធនាគារ Ocean Bank លោក Ha Van Tham និងអ្នកគ្រប់គ្រងទូទៅលោក Nguyen Xuan Son ផងដែរ ដែលអ្នកទាំងពីរនេះបានរងការចោទប្រកាន់ថាបានបន្លំលួចប្រាក់ចំនួន ២ លាន ២ សែនដុល្លារអាមេរិក និងបានរំលោភអំណាចដើម្បីគេងបន្លំប្រាក់ចំនួន ៨ លាន ៨ សែនដុល្លារផ្សេងទៀត។ អ្នកទាំងពីរនាក់នេះ ក៏រងការចោទប្រកាន់ថាបានគ្រប់គ្រងសេដ្ឋកិច្ចមិនបានត្រឹមត្រូវផងដែរ។
អ្នកដែលត្រូវបានកាត់ទោសថាបានប្រព្រឹត្តិអំពើពុករលួយនៅក្នុងប្រទេសវៀតណាមអាចប្រឈមនឹងទោសប្រហារជីវិត។
បុគ្គលិកជាន់ខ្ពស់នៃធនាគារ Ocean Bank ចំនួន ៤៤ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ថាបានរំលោភអំណាច ឬគ្រប់គ្រងសេដ្ឋកិច្ចមិនបានត្រឹមត្រូវ។ បុគ្គលិក ៥ នាក់ ដែលមកពីក្រុមហ៊ុនផ្សេងទៀតក៏មានរងការចោទប្រកាន់នៅក្នុងសំណុំរឿងនេះដែរ។
សំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការកាលពីខែកុម្ភៈមកម្ល៉េះ ប៉ុន្តែចៅក្រមបានស្នើប៉ូលិសឲ្យធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយរដ្ឋអាជ្ញាបានជំរុញឲ្យបន្ថែមបទចោទប្រកាន់អំពើពុករលួយទៅលើអតីតមេដឹកនាំធនាគារ Ocean Bank ពីរនាក់ខាងលើបន្ថែមទៀត។
តុលាការគ្រោងនឹងប្រើពេលជាង ៣ សប្ដាហ៍ដើម្បីធ្វើការលើការកាត់ទោសសំណុំរឿងនេះ៕