រដ្ឋាភិបាលវៀតណាមបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ប្រទេសវៀតណាមនឹងបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅថ្ងៃទី ១៥ ខែមីនាខាងមុខ បន្ទាប់ពីបានបិទព្រំដែនអស់រយៈពេល ២ ឆ្នាំកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
វៀតណាមបានបិទប្រទេសមួយផ្នែកធំកាលពីខែមីនា ឆ្នាំ ២០២០ ដែលនេះជាចំណាត់ការមួយដែលបានធ្វើឲ្យប៉ះពាល់ខ្លាំងក្លាដល់វិស័យទេសចរណ៍របស់ខ្លួនដែលអាចផ្ដល់ចំណូលបានប្រមាណ ៣២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំកាលពីពេលមុនមានជំងឺកូវីដ១៩ ផ្ទុះឡើង។
អាជ្ញាធរវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធថា ពួកគេនឹងចាប់ផ្តើមចេញទិដ្ឋាការនិងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីពាក់កណ្តាលខែមីនាតទៅ។
ការប្រកាសនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីប្រទេសវៀតណាមបានដកចេញនូវការរឹតត្បិតទាំងអស់លើជើងហោះហើរអន្តរជាតិ។
អាជ្ញាធរថា ភ្ញៀវទេសចរចាំបាច់ត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានពេញលេញ ហើយធ្វើតេស្តឃើញអវិជ្ជមានជំងឺកូវីដ១៩ មុនពេលធ្វើដំណើរមកដល់ប្រទេសវៀតណាម។
អាជ្ញាធរបានបន្ថែមថា ភ្ញៀវទេសចរម្នាក់ៗក៏ចាំបាច់ត្រូវទិញការធានារ៉ាប់រងសុខភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ផងដែរ។
គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើភ្ញៀវទេសចរដែលចូលក្នុងប្រទេសវៀតណាមនឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៣ ថ្ងៃនៅក្នុងសណ្ឋាគារ ឬក៏នៅផ្ទះ។
នៅពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃជាង ២០.០០០ នាក់ ហើយតាំងពីការផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩ មក វៀតណាមមានករណីឆ្លងជំងឺនេះចំនួនជាង ២ លាន ៥ សែននាក់ និងករណីស្លាប់ជិត ៤០.០០០ នាក់៕