មេដឹកនាំអាជីវកម្មបស្ចិមប្រទេសនានានៅតែមានសុទិដ្ឋិនិយមលើសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ទោះបីជាមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ ដែលធ្វើឲ្យមានការបិទទីក្រុងម្តងទៀត ជាពិសេសនៅតំបន់ដែលមានការឆ្លងខ្លាំងនៅក្នុងនិងជុំវិញទីក្រុងដាណាង នៅភាគកណ្ដាលប្រទេសវៀតណាមក៏ដោយ។
វៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ដែលទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយមិនមានករណីឆ្លងថ្មីអស់រយៈពេល ៩៩ ថ្ងៃ មុនពេលការឆ្លងផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅនេះ។ តាំងពីពេលនោះមក វៀតណាមមានករណីឆ្លងជំងឺកូវីដ១៩ ជាង ១.០០០ ករណី ហើយមានករណីស្លាប់ចំនួនជាង ៣០ ករណី ដែលធ្វើឲ្យរដ្ឋាភិបាលដាក់វិធានការតឹងរឹងម្តងទៀតដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះ។
អ្នកស្រី Jessie Tran អ្នករចនាវិបសាយជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងតំបន់ដែលមានការឆ្លងច្រើនក្នុងទីក្រុងដាណាង បាននិយាយថា៖ «ប្រជាពលរដ្ឋនៅតែក្នុងផ្ទះមិនចេញទៅណានោះទេ។ យើងបានធ្វើតេស្តឈាម និងវាស់កម្តៅរាល់ព្រឹក»។
សេដ្ឋវិទូនានាបានព្រមានថា ការផ្ទុះនេះអាចនឹងបណ្តាលឲ្យមានការបង្អាក់ដល់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរយៈពេលខ្លីរបស់ប្រទេសវៀតណាម។ នេះបើយោងតាមការបញ្ជាក់របស់លោក Kenneth Atkinson ស្ថាបនិកក្រុមហ៊ុនគណនេយ្យអន្តរជាតិ Grant Thornto និងជាអនុប្រធានក្រុមប្រឹក្សាយោបល់ទេសចរណ៍ក្នុងប្រទេសវៀតណាម។
លោក Atkinson ដែលមានសញ្ជាតិពីរគឺអង់គ្លេសនិងវៀតណាម បាននិយាយថា៖ «ខ្ញុំគិតថាវាលឿនពេកក្នុងការទស្សន៍ទាយ ប៉ុន្តែគណៈកម្មាធិការប្រឹក្សាយោបល់មួយនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីថា ករណីឆ្លងថ្មីនេះអាចប៉ះពាល់ដល់ការទស្សន៍ទាយកំណើនសេដ្ឋកិច្ចបច្ចុប្បន្នដែលរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនពី ២% ទៅ ៤% សម្រាប់ឆ្នាំ ២០២០ នេះ»។
ប៉ុន្តែ លោក Atkinson បានប្រាប់ VOA ថា លោកមិនបារម្ភពេកនោះទេ ដោយសារលោកជឿថា ប្រទេសវៀតណាមនឹងនៅតែជាគោលដៅទាក់ទាញសម្រាប់ក្រុមហ៊ុនអន្តរជាតិណាដែលមានបំណងប្តូរទីតាំងពីប្រទេសចិនដោយសារសង្រ្គាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក។
លោកបាននិយាយដូច្នេះថា៖ «វិធានការដែលវៀតណាមប្រើដើម្បីទប់ទល់នឹងរលកដំបូងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានផ្តល់ភាពជឿជាក់ជាច្រើនដល់ពលរដ្ឋនៅក្នុងប្រទេស ហើយវាមានតែត្រូវពង្រឹងដំណើរការនេះបន្ថែមតែប៉ុណ្ណោះ ហើយខ្ញុំគិតថា វៀតណាមអាចនឹងធ្វើបានដោយប្រសើរ»។
ក្នុងពេលជាមួយគ្នានេះដែរ អាជីវកម្មធម្មតាស្ទើរតែលែងដំណើរការក្នុងទីក្រុងដាណាង ដែលជាទីក្រុងឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយ ដោយសារតែឆ្នេរខ្សាច់ដ៏ស្អាតឥតខ្ចោះរបស់ខ្លួន។ ឆ្នេរទាំងនោះឥឡូវស្ទើរតែគ្មានមនុស្សទៅលេងកម្សាន្ត ហើយអាជ្ញាធរបានបិទអាជីវកម្មទាំងអស់ លើកលែងតែអាជីវកម្មចាំចាច់ដូចជាឱសថស្ថាន មន្ទីរពេទ្យ ម៉ាស៊ីនអេធីអឹម និងផ្សារទំនើបជាដើម។
អ្នកជំនាញវេជ្ជសាស្ត្រនៅតែមិនច្បាស់អំពីប្រភពនៃការផ្ទុះឡើងជាថ្មីនេះ ដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានសន្មតថាជាអំបូរវីរុសថ្មី ទោះបីជាមិនទាន់មានអ្នកវិទ្យាសាស្ត្រណាបញ្ជាក់អះអាងថាដូច្នេះក៏ដោយ។
ព្រំដែនប្រទេសវៀតណាមត្រូវបានបិទស្ទើរតែទាំងអស់តាំងពីខែមីនាមក លើកលែងតែជើងហោះហើរមួយចំនួនតូចដែលដឹកជនជាតិវៀតណាមពីបរទេសតែប៉ុណ្ណោះ ដែលអ្នកខ្លះសន្និដ្ឋានថា អ្នកទាំងនោះអាចនាំវីរុសនេះមកជាមួយ។
គេក៏មានការសង្ស័យផងដែរថា ការផ្ទុះឡើងជាថ្មីនេះអាចបណ្ដាលមកពីជនជាតិចិន ៤០ នាក់ ដែលត្រូវបានគេនាំចូលក្នុងវៀតណាមដោយខុសច្បាប់កាលពីខែមេសា។ ជនជាតិវៀតណាមពីរនាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ២៧ ខែកក្កដា ក្រោមការសង្ស័យថាបានរៀបចំឲ្យមានការនាំចូលជនជាតិចិនទាំងនេះដោយខុសច្បាប់។
អាជ្ញាធរមូលដ្ឋាន ឥឡូវនេះ កំពុងធ្វើតេស្តប្រជាពលរដ្ឋក្នុងទីក្រុងដាណាងទាំង ១ លាន ១ សែននាក់។ មជ្ឈមណ្ឌលកីឡា Tien Son ក្នុងទីប្រជុំជនដាណាង ត្រូវបានគេរៀបចំធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្ន ដែលអាចទទួលអ្នកជំងឺបានរហូតដល់ ២,០០០ នាក់។
ទោះបីជាមានវិធានការតឹងរឹងក៏ដោយ ជនបរទេសភាគច្រើនដែលរស់នៅក្នុងទីក្រុងដាណាងសរសើររដ្ឋាភិបាលថាបានចាត់វិធានការបានលឿននិងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់វីរុសនេះ ទាំងដើមឆ្នាំនេះ និងក្នុងអំឡុងពេលឆ្លងរាលដាលបច្ចុប្បន្ននេះ។
អ្នកស្រី Eva Monique McDonough ជនជាតិកាណាដាដែលបង្រៀនភាសាអង់គ្លេសនិងរៀនភាសាវៀតណាម បាននិយាយថា៖ «ខ្ញុំភ័យខ្លាច ប៉ុន្តែខ្ញុំមិនសូវបារម្ភវិញដោយសារដឹងថា សហគមន៍ដែលខ្ញុំកំពុងរស់នៅគោរពតាមការដាក់កំហិតដែលរដ្ឋាភិបាលដាក់ឲ្យអនុវត្ត»។
អ្នកស្រី Tran ដែលជាអ្នករចនាវិបសាយជនជាតិវៀតណាម យល់ស្របថា រដ្ឋាភិបាលវៀតណាមបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺនេះ និងយល់ស្របថា វិធានការបិទទីក្រុងគឺមានសារៈសំខាន់ក្នុងការទប់ស្កាត់វា៕
ប្រែសម្រួលដោយ ទុំ ម្លិះ