វៀតណាម​ដើរ​តាម​ក្រោយ​ប្រទេសចិន​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្នុង​ប្រទេស

ប្រុសៗ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន Ford Vietnam នៅ​ក្នុង​ខេត្ត Hai Duong កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤។

ក្រុម​អ្នកជំនាញ​និយាយ​ថា​ប្រទេសវៀតណាម​កំពុង​ធ្វើ​តាម​ប្រទេសចិន​នៅក្នុង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន។ សេដ្ឋកិច្ចវៀតណាម​ដើរ​យឺត​ជាង​ប្រទេសចិន​ប្រហែល​តែមួយ​ទសវត្សរ៍​ប៉ុណ្ណោះ។​

ប្រទេស​កុម្មុយនិស្ត​ទាំងពីរ​ដែល​ជា​គូប្រជែង​នយោបាយ​នោះ​ បាន​បង្កើត​សេដ្ឋកិច្ច​គ្រប់គ្រង​ដោយ​រដ្ឋ​ក្នុង​ការបង្កើត​ការងារ​តាមរយៈ​ការងារ​រោងចក្រ​សម្រាប់​ផលិត​ទំនិញ​នាំចេញ។

ប្រទេសចិន​បាន​បើក​ឲ្យ​មាន​ការវិយោគ​ពី​បរទេស​កាល​ពី​ឆ្នាំ១៩៧៨ ហើយ​ចំណែក​ប្រទេស​វៀតណាម​វិញ​បាន​បើក​ឱកាស​សម្រាប់​ការ​វិយោគ​បរទេស​នេះនៅ​១០ឆ្នាំក្រោយប្រទេសចិន។

បច្ចុប្បន្ន​ប្រទេស​វៀតណាម​កំពុង​ដោះស្រាយ​បញ្ហា​អំពើ​ពុក​រលួយ បញ្ហា​កក​ស្ទះ​ចរាចរណ៍​ និង​ការ​ធ្លាក់​ចុះ​នៃ​បណ្តា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ខណៈ​ដែល​វណ្ណៈ​កណ្តាល​កំពុង​តែ​កើនឡើង​នៅក្នុង​ប្រទេស​នេះ។

ទាំងអស់​នេះ​គឺ​ជា​អ្វី​ដូច​ទៅ​នឹង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេសចិន។

ការអភិវឌ្ឍ​ស្រដៀង​គ្នា​ថ្មី​បំផុត​គឺ​សភាជាតិ​វៀតណាម​កំពុង​ត្រួតពនិត្យ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​៣កន្លែង។

សេចក្តី​ព្រាងច្បាប់​នះ​នឹង​ដាក់​ឲ្យ​សភា​អនុម័ត​នៅ​ខែ​ក្រោយ​នេះ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនេះ​នឹង​បើក​ឱកាស​ឲ្យ​ពួក​អ្នកវិយោគ​បរទេស​បង្កើត​រោងចក្រ​សម្រាប់​ផលិត​ទំនិញ​នាំចេញ​ដែល​មាន​ការ​លើកលែង​ពន្ធគយ​ និង​អាច​ជួល​ទីតាំង​ក្នុង​រយៈពេល​វែង។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​របស់​វៀតណាម​ឈ្មោះ Vnexpress International ​ដែល​បាន​ផ្សព្វផ្សាយ។ ប្រទេសចិន​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស៤ដំបូង​បំផុត​កាល​ពី​ឆ្នាំ១៩៧៩ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស។ បច្ចុប្បន្ន​ចិន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន៣២៕