ក្រុមហ៊ុន Google ដឹកនាំ​កម្មវិធី​បណ្តុះបណ្តាល​កុំព្យូទ័រ​ក្នុង​ប្រទេស​វៀតណាម

រូបភាព​ឯកសារ៖ ស្លាក​សញ្ញា​ក្រុម​ហ៊ុន Google ត្រូវ​បាន​គេ​ថត​ក្នុង​ការ​ប្រជុំ Viva Tech ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​២៥ ឧសភា ឆ្នាំ ២០១៨។

នៅ​ជុំវិញ​តំបន់​ដី​សណ្ត​ទន្លេមេគង្គ​សិស្សសាលា​នឹង​រៀន​លេង​ផ្គុំ​រូប​និង​គូររូប​នៅ​លើ​អេក្រង់​កុំព្យូទ័រ​នៅក្នុង​កម្មវិធី​មួយ​ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Google។

ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​កំពុង​ជួយ​ដល់​សិស្សសាលា​ជនជាតិ​វៀតណាម​ឲ្យ​រៀនអំពី​កម្មវិធី​ណែនាំ​មួយ​ចំនួន​នៅ​ក្នុង​កុំព្យូទ័រ​ រួម​ជាមួយ​គ្នា​នោះ​ក្រុមហ៊ុន​នេះ​អាច​នឹង​ទទួល​បាន​ទស្សនៈ​វិជ្ជមាន​ពី​ក្រុមអាជ្ញាធរ​វៀតណាម​ដែល​កំពុង​បង្កើន​ការ​រឹតត្បិត​លើ​ក្រុមហ៊ុន​អ៊ិនធឺណិត​នៅ​ជុំវិញ​សកលលោក។

មជ្ឈមណ្ឌល​អភិវឌ្ឍ​សហគមន៍​តំបន់​ទន្លេមេង្គ​នឹង​បើក​ថ្នាក់​រៀន​គូររូប​លើ​អេក្រង់​កុំព្យូទ័រ​ដែល​ជា​កម្មវិធី​គ្រឹះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​កូន​សិស្ស​អាច​បង្កើត​ហ្គេមនិមិ្មត​ដោយ​ខ្លួន​ឯង​បាន។

អ្នកស្រី Ha Lam Tu Quynh នាយក​ផ្នែក​គមនាគមន៍​និង​ទំនាក់ទំនង​សាធារណៈ​ក្នុង​ប្រទេសវៀតណាម​នៃ​ក្រុមហ៊ុនGoogleប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​បាន​មាន​ប្រសាសន៍​ថា «ដើម្បី​គាំទ្រដល់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​វៀតណាម​ស្របតាម​ទិសដៅ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ ក្រុមហ៊ុន Googleបាន​ផ្តោត​លើ​គម្រោង​អភិវឌ្ឍ​ដើម្បី​កសាង​និង​លើក​កម្ពស់​ចំណេះដឹង​ និង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​វៀតណាម។ យើង​ជឿ​ថា​កុមារ​គឺ​ជា​អ្នក​បង្កើត​អនាគត​ល្អ​បំផុត»។

អ្នកស្រី​បាន​សំដៅ​ទៅ​លើ​បដិវត្តន៍​បច្ចេកវិទ្យា​ដែល​ជា​ពាក្យ​ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​នៅក្នុង​ទូទាំង​ប្រទេសកុម្មុយនិស្ត​មួយ​នេះ​ រាប់​ចាប់​តាំង​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​គ្រប់​ប្រភេទ​ទាំង​អស់​តាមរយៈ​បណ្តាញ​នៃឧបករណ៍​អ៊ីនធឺណិត​ រហូត​ដល់​ការវិភាគ​ទិន្នន័យ​ធំៗ​ជាដើម។​

ក្រុមហ៊ុនGoogleមិន​បាន​បង្ហាញ​ពី​ចំនួន​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​កម្មវិធី​បណ្តុះ​បណ្តាល​នេះ​ទេ​ក្រៅ​តែ​ពី​បញ្ជាក់​អំពី​ការ​សហការ​ទទួល​ខុសត្រូវ​សង្គម​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​អាច​ធ្វើ​ការងារ​ល្អ​សម្រាប់​សង្គម​ និង​មើល​ទៅ​ជា​ក្រុមហ៊ុន​ល្អ​មួយ​តែ​ប៉ុណ្ណោះ។ វា​មាន​ប្រយោជន៍​ក្នុង​ការ​ទទួល​បាន​ទស្សនៈ​វិជ្ជមាន​ពី​អាជ្ញាធរ​វៀតណាម​ ខណៈ​ប្រទេស​នេះ​កំពុង​ធ្វើ​ការ​កែប្រែ​ប្រព័ន្ធ​ច្បាប់​ និង​បទបញ្ជា​នានា​ដែល​មិន​សូវ​ស្វាគមន៍​ក្រុមហ៊ុន​បច្ចេកវិទ្យា​នោះ។

កាល​ពី​ឆ្នាំ​មុន​ប្រទេស​វៀតណាម​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​គាបសង្កត់​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ក្នុង​ស្រុក​ឲ្យ​ធ្វើ​ពហីការ​មិន​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គមFacebook និង YouTubeរបស់ Google ដោយសារ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ទាំងពីរ​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហោះ​មតិ​រិះគន់​នៅក្នុង​ប្រទេស។

ឧទាហរណ៍​នា​ពេល​ថ្មីៗ​នេះ​សភាជាតិ​របស់​ប្រទេសវៀតណាម​កំពុង​ពិភាក្សា​លើ​ពង្រាង​ច្បាប់​មួយ​ស្តី​ពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នានា​ផ្ទុក​ទិន្នន័យ​នៅក្នុង​ប្រទេស​ និង​លុបចោល​ទិន្នន័យ​ណា​ដែល​ត្រូវ​បាន​យល់​ថា​ជា​ការ​ប្រឆាំង​ជំទាស់។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ហាណូយ​បាន​សម្តែង​ក្តី​បារម្ភ​អំពី​សំណើ​ពង្រាងច្បាប់​ស្តី​ពី​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​វៀតណាម​ រួមទាំង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​មូលដ្ឋានីយកម្ម​ និង​ការ​រឹតត្បិត​លើ​សេវាកម្ម​ឆ្លង​ព្រំដែន​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត​ និង​ការ​រីកលូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម។

មូលនិធិ Dariuក៏​ជួយ​បង្រៀន​កម្មវិធី​កុំព្យូទ័រ​សម្រាប់​កុមារ​ ដែល​ផ្តល់​ជា​កុំព្យូទ័រ​យួរដៃ​ និង​ជំនួយ​បច្ចេកទេស​ផងដែរ។ មូលនិធិ​នេះ​ផ្តោត​លើ​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​មីក្រូហរិញ្ញវត្ថុ​ និង​ការអប់រំ​ដល់​ពលរដ្ឋ​មាន​ចំណូល​ទាប​ក្នុង​ប្រទេស​វៀតណាម មីយ៉ាន់ម៉ា​ និង​ឥណ្ឌា។

លោកNguyen Van Hanhនាយក​មូលនិធិ Dariuបាន​គូស​បញ្ជាក់​ថា​សិស្សសាលា​ប្រហែល​៦៥ភាគរយ​ដែល​កំពុង​រៀន​នៅ​ថ្នាក់​បឋមសិក្សា​ឥឡូវ​នេះ​នឹង​ក្លាយ​ជា​អ្នក​បំពេញ​ការងារ​ដែល​មិន​ទាន់​មាន​នា​ពេល​បច្ចុប្បន្ន។ លោក​បាន​យោង​តាម​ទិន្នន័យ​ដកស្រង់​ចេញ​ពី​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។

លោកNguyen Van Hanhបាន​ថ្លែង​ថា«ជាមួយ​នឹង​ការផ្លាស់ប្តូរ​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​ដោយសារ​បច្ចេកវិទ្យា​ យើង​មិន​ដឹង​អំពី​ប្រភេទ​ជំនាញ​ជាក់លាក់​ដែល​កុមារ​នឹង​ត្រូវការ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន​និង​ក្លាយ​ជា​ពលរដ្ឋ​ដែល​អាច​ជួយ​ដល់​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​តាម​រយៈ​ការងារ​របស់​ពួកគេ​បាន​នោះ​ទេ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​យើង​អាច​ដឹង​ច្បាស់​ពី​តម្រូវការ​សម្រាប់​កុមារ​នាពេល​បច្ចុប្បន្ន​ដើម្បី​ជួយ​បណ្តុះបណ្តាល​ជំនាញ​នានា​ដល់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រណាំងប្រជែង​នឹង​តម្រូវការ​ក្នុង​យុគសម័យ​ឌីជីថល​នេះ។

វិទ្យាស្ថាន​បច្ចេកវិទ្យា​ក្នុង​ទីក្រុងMassachusettsហៅ​កាត់​ថា MITបាន​បង្កើត​ភាសា
សម្រាប់​គូររូប​ដែល​អាច​ប្រើ​ជាមួយ​នឹង​កម្មវិធី​របស់​កុំព្យូទ័រ​បាន​យ៉ាង​ងាយស្រួល។

អ្នកបង្កើត​កម្មវីធី​នេះ​មិន​បញ្ជូល​កូដ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​នោះ​ទេ​ ប៉ុន្តែ​គេ​ប្រើប្រាស់​ភាសា​សាមញ្ញ​សម្រាប់​គូររូប​ដូចជា​រូប​មាន​ចលនា​ និង​ហេ្គម​ផ្សេងៗ ផាត់ពណ៌រូប​ និងប​ង្កើត​ប៊ូតុង​សម្រាប់​បញ្ជា​នៅក្នុង​កម្មវិធី​នេះ។ សូម្បី​កុមារ​អាយុ៨ឆ្នាំ​ក៏​អាច​ប្រើប្រាស់​កម្មវិធី​នេះ​បា​នដែរ។

សិស្សសាលា​ចំនួន១២០០នាក់​ក្នុង​ទីក្រុងហូជីមិញ​ និង​ក្នុង​ខេត្ត Vinh Long និង​ខេត្ត Tien Giangនឹង​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ។

គំនិត​ផ្តួចផ្តើម«កម្មវិធី​បង្កើត​អនាគត​ជាមួយ​ក្រុមហ៊ុន Google»នេះ​ក៏​នឹង​បញ្ជូល​វគ្គ​បណ្តុះបណ្តាល​ឌីជីថល​ដល់​គ្រូបង្រៀន​ក្នុង​តំបន់​ចំនួន៣០នាក់​ដែល​កំពុងចាប់​ផ្តើម​រហូត​ដល់​ខែសីហា៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា